ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មាន+ទេសចរណ៍ ! អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ
2024-07-29 20:45:01cri
Share with:

         ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅក្រុងម៉ាឌ្រីដនៃប្រទេសអេស្ប៉ាញ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ ដែលបានឈានដល់គំនិតឯកភាពរួមស្តីពីការធ្វើកិច្ចសហប្រតិបតិ្តការលើវិស័យផ្សព្វផ្សាយព័ត៌មានទេសចរណ៍វប្បធម៌ ផ្សព្វផ្សាយម៉ាកផលិតផលទេសចរណ៍ និងរៀបចំធ្វើសកម្មភាពប្រព័ន្ធសារព័ត៌មានជាដើម ។

      លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី Urosevic ប្រធានប្រតិបតិ្តនៃអង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិបានរួមគ្នាធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើកនេះ ។

      ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា    កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងនោះមានខ្លឹមសារជាច្រើនបានពាក់ព័ន្ធនិងទេសចរណ៍វប្បធម៌ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចាត់ទុកការចុះហត្ថលេខាលើកនេះជាឱកាសមួយ ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរលើវិស័យការរួមគ្នាគ្រោងផែនការនិងផលិតកម្មវិធីជាដើម ហើយនឹងក្លាយជាដៃគូដ៏គួរឱ្យជឿទុកចិត្តបានរបស់អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ ដើម្បីជួយជំរុញដល់ការផ្លាស់ប្តូរលើវិស័យទេសចរណ៍រវាងប្រទេសនានា ។

      លោកស្រីUrosevic បានថ្លែងថា ការងើបឡើងវិញនៃមុខរបរទេសចរណ៍នៅទូទាំងពិភពលោក គឺត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិនិងគំនិតថ្មី ។ ប្រទេសចិនជារដ្ឋសមាជិកដ៏សំខាន់របស់អង្គការទេសចរណ៍នៃអង្គការសហប្រជាជាតិ រំពឹងទុកនៅពេលអនាគត អាចធ្វើកិច្ចសហប្រតិបតិ្តការស៊ីជម្រៅជាមួយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើវិស័យកាន់តែច្រើន ក្នុងន័យរួមគ្នាបង្កើតមុខរបរទេសចរណ៍បែបថ្មី ក៏ដូចជាជំរុញឱ្យឧស្សាហកម្មទេសចរណ៍កាន់តែមាននិរន្តរភាព បរិយាបន្ននិងភាពធន់ថែមមួយកម្រិតទៀត ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស