ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសន្ទនាជាមួយលោកEnrique A. Manaloរដ្ឋមន្ត្រីការបរទេសហ្វីលីពីន
2024-07-27 17:08:57cri
Share with:

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាជាមួយលោក Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីននៅទីក្រុងវៀងចន្ទន៍។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិននិងហ្វីលីពីន គឺជាអ្នកជិតខាងជាប់សមុទ្រ។ ការធ្វើសុខដុមនីយកម្ម កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងការស្វែងរកការអភិវឌ្ឍរួម គឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរ។ បច្ចុប្បន្ន ទំនាក់ទំនងរវាងចិននិងហ្វីលីពីនកំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ មូលហេតុគឺដោយសារហ្វីលីពីនបានរំលោភលើគំនិតឯកភាពរបស់ភាគីទាំងពីរ និងកិច្ចសន្យារបស់ខ្លួន បន្តជំរុញការរំលោភបំពានសិទ្ធិរបស់ចិនលើដែនសមុទ្រ និងបង្កើនការឃោសនាបំផ្លើស ។ ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ។ ប្រសិនបើហ្វីលីពីននាំចូលប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក វានឹងបង្កើនភាពតានតឹងក្នុងតំបន់ បង្កការប្រឈមមុខដាក់គ្នានិងការប្រកួតប្រជែងខាងសព្វាវុធ ដែលវាផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ និងក្តីប្រាថ្នារបស់ប្រជាជនហ្វីលីពីន សង្ឃឹមថា ហ្វីលីពីននឹងពិចារណាយ៉ាងហ្មត់ចត់អំពីផ្លូវអនាគតនៃទំនាក់ទំនងចិន-ហ្វីលីពីន ធ្វើការជាមួយចិនតាមទិសដៅដូចគ្នា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យត្រឡប់មករកផ្លូវត្រឹមត្រូវវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ជាការឆ្លើយតប លោក  Manalo បានថ្លែងថា ចំណងមិត្តភាពជាប្រពៃណីរវាងហ្វីលីពីន និងចិនមានប្រវត្តិសាស្រ្តយូរលង់ ទោះបីជាភាគីទាំងពីរប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមនានាដោយសារបញ្ហាដែនសមុទ្រក៏ដោយ តែហ្វីលីពីនផ្តោតលើការបន្ធូរបន្ថយស្ថានការណ៍តានតឹងតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា និងដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយលក្ខណៈស្ថាបនា។ ពេលថ្មីៗនេះ ភាគីទាំងពីរបានបើកកិច្ចប្រជុំយន្តការពិភាក្សាទ្វេភាគីស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ហើយបានដើរដល់គំនិតឯកភាពស្តីពីការគ្រប់គ្រងស្ថានការណ៍ដែនសមុទ្រ ។ ហ្វីលីពីនមានឆន្ទៈក្នុងការអនុវត្តគំនិតឯកភាពរួមទាំងនេះឱ្យបានល្អ។ ឆ្នាំ២០២៥គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហ្វីលីពីននិងចិន ហ្វីលីពីននឹងពង្រឹងការប្រាស្រ័យទាក់ទងជាមួយចិន បង្កើនទំនុកចិត្តគ្នា និងកែសម្រួលទំនាក់ទំនងទ្វេភាគីឱ្យមានភាពប្រសើរឡើងដោយកាន់អាកប្បកិរិយាស្មោះត្រង់និងប្រតិបត្តិជាក់ស្តែង៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស