ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនមានឆន្ទៈយកឱកាសនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីនៅប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង
2024-07-26 15:27:54cri
Share with:

លោកស្រី Giogia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដាខាងមុខ ។ នៅថ្ងៃទី ២៥ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។

លោកស្រី Mao Ning បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោកស្រី Meloni នៅប្រទេសចិន លោកប្រធានរដ្ឋចិន Xi Jinping នឹងជួបពិភាក្សាការងារជាមួយលោកស្រី Meloni ហើយលោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Zhao Leji ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិននឹងជួបពិភាក្សាការងារជាមួយលោកស្រីដោយឡែកពីគ្នា ដើម្បីផ្លាស់ប្តូរមតិយោបល់ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា។

ទាក់ទងនឹងទំនាក់ទំនងចិន-អ៊ីតាលីនាពេលបច្ចុប្បន្ននេះ លោកស្រី Mao Ning បានលើកឡើងថា ចិននិងអ៊ីតាលីសុទ្ធតែជាប្រទេសមានអរិយធម៌ចំណាស់ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកក្នុងគ្រប់វិស័យសម្រេចបានសមិទ្ធផលជាក់ស្តែង ។ ការអភិវឌ្ឍទំនាក់ទំនងចិន-អ៊ីតាលីប្រកបដោយភាពរឹងមាំ និងស្ថិរភាព គឺសមស្របនឹងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងប្រជាជនរបស់ប្រទេសទាំងពីរ ព្រមទាំងមានអំណោយផលដល់ការជំរុញការផ្លាស់ប្តូរ និងការរៀនសូត្រពីអរិយធម៌ទៅវិញទៅមកផងដែរ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស