ថ្ងៃទី២៥ខែកក្កដា លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ដែលជាតំណាងពិសេសរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyễn Phú Trọng អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្រុង Hanoi រដ្ឋធានីប្រទេសវៀតណាម ព្រមនិងជួបពិភាក្សាការងារជាមួយលោក Tô Lâm ប្រធានរដ្ឋវៀតណាម។
ពេលជួបពិភាក្សាការងារជាមួយលោក Tô Lâm លោក Wang Huning បានថ្លែងថា លើកនេះខ្ញុំ ដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនមកចូលរួមគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមក្នុងនាមជាតំណាងពិសេសរបស់លោកអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ខ្ញុំសូមពាំនាំនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់លោកអគ្គលេខាធិការបក្ស Xi Jinping ចំពោះមរណភាពរបស់សមមិត្ត Nguyễn Phú Trọng និងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងគ្រួសាររបស់សមមិត្ត Nguyễn Phú Trọng។ នៅខណៈនេះ បក្សនិងប្រជាជនចិនឈរនៅជាមួយបក្សនិងប្រជាជនវៀតណាមយ៉ាងមុតមាំ បក្សនិងរដ្ឋាភិបាលចិននឹងបន្តគាំទ្របក្សកុម្មុយនីស្តវៀតណាមក្នុងការដឹកនាំប្រជាជនវៀតណាមដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានការណ៍ជាតិរបស់ខ្លួន គាំទ្រការធ្វើកំណែទម្រង់និងការបើកទូលាយនិងការអភិវឌ្ឍបុព្វហេតុកសាងសង្គមនិយមរបស់វៀតណាម ជឿជាក់ថាក្រោមការដឹកនាំយ៉ាងមាំមួនរបស់មជ្ឈិមបក្សកម្មុយនីស្តវៀតណាម បក្សកុម្មុយនីស្តវៀតណាមមុខជាអាចបន្តវេននិងអភិវឌ្ឍគំនិតនិងទស្សនអភិបាលកិច្ចបក្សនិងជាតិរបស់សមមិត្តNguyễn Phú Trọng ហើយរួមសាមគ្គីគ្នាដឹកនាំប្រជាជនវៀតណាមឱ្យសម្រេចគោលដៅនិងភារកិច្ចនានាដែលលើកឡើងក្នុងសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ដោយគាប់ប្រសើរ ដើម្បីឈានទៅរកការបើកធ្វើដោយជោគជ័យនូវសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៤៕