ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣របស់បក្សកុម្មុយនិស្តចិនអាណត្តិលើកទី២០ បន្តជំហានក្នុងសង្គមវិបុលភាពនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន
2024-07-19 08:59:07cri
Share with:

 

ដោយបង្កើនល្បឿនដំណោះស្រាយបញ្ចប់ភាពក្រីក្ររបស់ប្រជាជនចិន នោះឆ្នាំ១៩៧៨ជាដំណាក់កាលដំបូងនៃការកែទម្រង់និងការបើកចំហសេដ្ឋកិច្ចបានក្លាយជាគីឡូម៉ែត្រចេញដំណើរនៃវិបុលភាពសង្គមឈានឆ្ពោះទៅដោះសោរលេខកូដសម្ងាត់ភាពក្រីក្រទាំងស្រុងដូចដែលបក្សកុម្មុយនិស្តចិនបានសន្យាទុកសម្រាប់រយៈពេល១០០ឆ្នាំដោយរាប់ចាប់ពីថ្ងៃបង្កើតបក្សសម្រាប់បិទបញ្ចប់គោលដៅតស៊ូមួយរយឆ្នាំទីមួយ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិនទូទាំងប្រទេស ដំណើរការនៃទំនើបកម្មសង្គមនិយមតាមបែបផែនចិនកាន់តែល្បីរន្ទឺចាប់ពីឆ្នាំ២០២១មក ដែលជាការគូសរំលេចនូវស្នូរជួងឮខ្ទរខ្ទារប្រាប់ដល់ពិភពលោកពីស្ថានភាពជាក់ស្តែងដែលប្រជាជនចិនទាំងមូលបានទទួលនូវកម្រិតជីវភាពរុងរឿងស្របតាមដំណើរនៃការធ្វើទំនើបកម្មតាមបែបផែនចិនបានផ្តល់វិភាគទានដល់ការរៀបចំកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ដែលបានប្រារព្ធកាលពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ដោយបានរំលេចថាភាពបើកទូលាយគឺជានិមិត្តសញ្ញានៃការធ្វើទំនើបកម្មតាមបែបផែនចិន ហើយក៏បង្ហាញពីកម្លាំងសាមគ្គីគ្នាកាន់តែខ្លាំងរបស់បក្ស យោធា ប្រជាជនគ្រប់ជនជាតិទាំងអស់ក្នុងប្រទេសចិនក្រោមការដឹកនាំរបស់មជ្ឈិមបក្សដែលមានលោក Xi Jinping ជាប្រមុខស្នូលដើម្បីបន្តជ្រោងទង់កំណែទម្រង់និងបើកទូលាយ។


ដោយបង្កើនការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ផ្តល់នូវវិជ្ជមានភាពចាក់បញ្ចូលទៅក្នុងរបៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីបន្តកែលម្អនិងអភិវឌ្ឍរបបសង្គមនិយមដែលមានលក្ខណៈពិសេសចិន និងជំរុញការធ្វើទំនើបកម្មនៃប្រព័ន្ធអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ចដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការកសាងបាននូវប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយនៅពាក់កណ្តាលសតវត្សរ៍នេះ ដោយបន្តឈានក្នុងដំណើរយ៉ាងស្វាហាប់ក្នុងសង្គមវិបុលភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាព ដោយបន្ថែមវិធីសាស្រ្តអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងការជំរុញការកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។


ដោយបន្តដំណើរយ៉ាងស្វាហាប់លើវិថីទំនើបកម្មសង្គមនិយមតាមបែបផែនចិន លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០បានរំលេចពីផែនការច្បាស់លាស់ប្រកបដោយត្រីវិស័យនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ យល់ធ្លុះពីស្ថានភាពជាក់ស្តែង និងដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពក្នុងការសម្រេចកសាងប្រទេសចិនទំនើបដោយគ្រប់ជ្រុងជ្រោយ ស្របនឹងសុភាសិតបុរាណចិនដែលបានអះអាងថា «អ្នកនឹងបរាជ័យបើអ្នកគ្រាន់តែដឹងពីអ្វីដែលត្រូវធ្វើ តែដោយមិនដឹងពីស្ថានភាពជាក់ស្តែង»។ បើទោះបីជាមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនិងស្មុគស្មាញនៅក្នុងបរិយាកាសអន្តរជាតិក៏ដោយ ក៏ប្រទេសចិននៅតែឈរយ៉ាងរឹងមាំលើការធ្វើទំនើបកម្មតាមបែបផែនចិនជាការធ្វើទំនើបកម្មដែលដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព និងប្រកាន់ខ្ជាប់គោលនយោបាយការទូតបែបសន្តិភាពដែលឯករាជ្យនិងម្ចាស់ការដោយជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ អនុវត្តគុណតម្លៃរួមនៃមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយធម៌សកល ផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ដែលមានសមភាពនិងមានសណ្តាប់ធ្នាប់ បរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅដល់មនុស្សជាតិ។


ដោយមានបទពិសោធន៍ និងពោរពេញដោយឆន្ទៈបង្កើនកំណើនសកល លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០បានយល់ស្របថាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្វើឱ្យមានការងើបឡើងវិញយ៉ាងលំបាក។ បន្ថែមពីនេះ លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣នៅតែបន្តចាត់ទុកនវានុវត្តភាពជាកម្លាំងចលករចម្បងនៃការរីកចម្រើន ក៏ដូចជាកម្លាំងចលករស្នូលនៅក្នុងកិច្ចការអភិវឌ្ឍប្រទេសចិនទាំងមូល ហើយចាត់ទុកធនធានមនុស្សជាធនធានចម្បងក្នុងការគាំទ្រការអភិវឌ្ឍនេះ ដោយបានគូសបញ្ជាក់ពីការលើកកម្ពស់នវានុវត្តន៍ដាក់ក្នុងឋានៈជាស្នូលដើម្បីជំរុញនៅក្នុងប្រព័ន្ធទ្រឹស្ដី វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ហើយជំរុញឱ្យនវានុវត្តភាពនេះក្លាយទៅជាប្រធានបទដ៏លេចធ្លោនៅក្នុងការងារបក្ស ក៏ដូចជាការងាររដ្ឋាភិបាល រួមទាំងសកម្មភាពប្រចាំថ្ងៃនៅក្នុងសង្គមផងដែរដោយបានកំណត់ទិសដៅទុកជាមុនថាឆ្នាំ២០៣៥នឹងកសាងដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ធ្វើឱ្យមានសុក្រឹតភាពបន្ថែមទៀតនូវប្រព័ន្ធសង្គមនិយមតាមបែបផែនចិន។


      ដោយឆ្លើយតបនឹងទំនុកចិត្តយ៉ាងមុតមាំពីប្រជាជាតិចិន ពីយោធាទាំងមូលដែលបានរួមចិត្ត រួមថ្លើម រួមកម្លាំងគ្នានិងខិតខំតស៊ូឈានទៅមុខយ៉ាងអង់អាចក្នុងរយៈពេល១០ឆ្នាំកន្លងមក លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០បានពន្លឿនការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងទីក្រុងនិងជនបទ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងដំណើរការអភិវឌ្ឍ និងនីតិរដ្ឋដែលជាការធានាដ៏សំខាន់សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិនឱ្យស៊ីសង្វាក់គ្នារវាងអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ ហើយក៏ជាការឆ្លើយតបបានទៅនឹងសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិផងដែរ។ ក្នុងន័យនេះ លទ្ធផលកិច្ចប្រជុំពេញអង្គលើកទី៣បានផ្តល់តម្លៃខ្ពស់លើការអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយកំណត់ថាធនធានមនុស្សគឺជាការទ្រទ្រង់ជាមូលដ្ឋាននិងជាយុទ្ធសាស្ត្រសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ហើយការគ្រប់គ្រងម៉ាក្រូតាមបែបវិទ្យាសាស្ត្រនិងអភិបាលកិច្ចរបស់រដ្ឋាភិបាលដែលប្រកបដោយប្រសិទ្ធភាព គឺជាតម្រូវការនៃឧត្តមភាពផ្នែកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមផ្តល់វិបុលភាពដល់ប្រជាជាតិចិន និងជាកាលានុវត្តភាពដល់ពិភពលោកផងដែរ។


ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០បានបង្ហាញដោយប្រត្យក្សថាប្រទេសចិននឹងជំរុញល្បឿនឈានឆ្ពោះទៅសម្រេចជោគជ័យក្នុងការបង្កើតវិបុលភាពខ្ពស់ដល់សង្គមនិយមតាមបែបផែនចិននៅក្នុងគ្រប់ទិដ្ឋភាពជូនដល់ប្រជាជនចិន ហើយចិននៅបន្តចូលរួមចំណែកកាន់សកម្មខ្លាំងក្លាបន្ថែមទៀតជាកតាលីករជំរុញល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិស្របនឹងទិសដៅសន្តិភាព កិច្ចសហប្រតិបត្តិការពហុប៉ូលនិងឈ្នះ-ឈ្នះដែលចិនតែងប្រកាន់ខ្ជាប់ជាប់ជានិច្ច៕


ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស