ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖សូមស្វាគមន៍មិត្តបរទេសកាន់តែច្រើនមកដើរកម្សាន្តយ៉ាង សប្បាយរីករាយនៅប្រទេសចិន
2024-07-18 11:20:21cri
Share with:

ពេលថ្មីៗកន្លងទៅនេះ ទីផ្សារទេសចរណ៍អន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសចិន។មានទីភ្នាក់ងារទេសចរណ៍អន្តរជាតិមួយចំនួនបានថ្លែងថា ថ្មីៗនេះ ចំនួនភ្ញៀវទេសចរបរទេសដែលចង់ទៅធ្វើទេសចរណ៍នៅប្រទេសចិនបានកើនឡើង៤ដង បើប្រៀបធៀបជាមួយឆ្នាំទៅ។


ចំពោះរឿងនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី១៧ខែកក្កដាថា សូមស្វាគមន៍មិត្តបរទេសកាន់តែច្រើនមកកាន់ប្រទេសចិនដើម្បីដើរកម្សាន្តទីក្រុងនានា ទស្សនាទេសភាពផ្សេងៗ ពោលគឺសូមស្វាគមន៍មិត្តទាំងអស់មកដើរកម្សាន្តយ៉ាងសប្បាយរីករាយនៅប្រទេសចិន។


លោកបានបន្តថា ភាគីចិននឹងបន្តផ្តល់ភាពងាយស្រួលសម្រាប់ការប្រាស្រ័យទាក់ទងរវាងជនជាតិចិននិងជនបរទេស ក្នុងនោះមានដូចជាបានសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការចូលដែនចិនចំនួន១៥ថ្ងៃចំពោះប្រទេសចំនួន១៥ដូចជាបារាំងជាដើម បានពង្រីកក្របខ័ណ្ឌគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការឆ្លងកាត់ដែនចិនចំនួន១៤៤ម៉ោងដែលបានបន្ថែមច្រកចេញចូលដល់ចំនួន៣៧កន្លែង។ភាគីចិនអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ការចូលដែនរបស់ក្រុមទេសចរបរទេសដែលធ្វើដំណើរតាមកបា៉លកម្សាន្ត ហើយក៏បានកែលម្អចំពោះសេវាកម្មពាក់ព័ន្ធ ដូចជាការទូទាត់តាមឧបករណ៍ចល័តនិងការទិញសំបុត្រតាមរមណីយដ្ឋានជាដើម។វិធានការទាំងនេះបាននិងកំពុងផ្តល់ភាពងាយស្រួលដល់ជនបរទេសដែលមកធ្វើទេសចរណ៍ ធ្វើការ និងរស់នៅក្នុងប្រទេសចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស