ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំពេញអង្គលើកទី៣របស់បក្សកុម្មុយនីស្តចិនអាណត្តិលើកទី២០ជំរុញល្បឿននៃការធ្វើកំណែទម្រង់ផ្តោតលើលក្ខណៈបរិយាប័ន្ន និងមានភាពបន្ស៊ីគ្នា
2024-07-17 16:42:51cri
Share with:

ដោយផ្តោតលើគោលបំណងដើមរបស់ខ្លួនយ៉ាងទៀងទាត់ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ដើម្បីបន្តការប្រកាន់យកមាគ៌ានៃការអភិវឌ្ឍសង្គមនិយមតាមបែបផែនចិននឹងក្លាយជាករណីយកិច្ចប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់បក្សកុម្មុយនីស្តចិនក្នុងការសម្រេចបានសមិទ្ធផលមហិមាជាច្រើនសម្រាប់យុគសម័យថ្មីនេះ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបង្កើនស្មារតីរបស់ជនកុម្មុយនីស្តនិងសមាជិកទាំងអស់របស់បក្សកុម្មុយនីស្តចិនត្រូវបន្តត្រៀមខ្លួនរួចជាស្រេចចូលរួមក្នុងដោះស្រាយបញ្ហាសកល ដើម្បីផ្តល់វិបុលភាពនិងឧត្តមានុភាពក្នុងការសម្រេចបានការស្តារភាពអស្ចារ្យឡើងវិញជូនប្រទេសនិងប្រជាជនចិន ព្រមទាំងខិតខំជំរុញល្បឿននៃកិច្ចស្វាគមន៍ដំណើរវិលត្រឡប់របស់កោះតៃវ៉ាន់មកកាន់មាតុភូមិរបស់ខ្លួនវិញក្នុងពេលដ៏ខ្លីនាំទៅដល់ការសម្រេចបានសុបិនចិន ក៏ដូចជាផ្តល់កម្លាំងគ្រប់គ្រាន់ដល់ប្រទេសចិនរួមគ្នាជាមួយពិភពលោកក្នុងការរួមគ្នាជំរុញល្បឿននៃការកសាងភាពជាដៃគូដែលផ្តល់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍ សន្តិភាព វិបុលភាព សមភាព និងភាពយុត្តិធម៌នៅទូទាំងពិភពលោក។ បន្ថែមពីលើនេះ កិច្ចប្រជុំពេញអង្គលើកទី៣នឹងផ្តល់លទ្ធផលវិជ្ជមានដល់ការអនុវត្តកាន់តែប្រសើរឡើងដល់ភាពស្រស់ស្អាតរបស់ប្រទេសចិន ការរួមចំណែកពង្រីកទំហំវិមាត្រនៃអរិយធម៌អេកូឡូស៊ី សេដ្ឋកិច្ចបៃតង និងគោលការណ៍សន្តិភាពនិយមជាដើម។

 

ដោយផ្តោតលើមាគ៌ាសម្រេចទិសដៅកំណែទម្រង់ស៊ីជម្រៅនិងការបើកទូលាយលើវិស័យសេដ្ឋកិច្ចស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០នឹងបន្តគូសរំលេចនូវកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនតាមរយៈការប្រើប្រាស់ពាក្យដ៏សាមញ្ញរបស់ប្រទេសចិន នោះគឺពិភពលោកបច្ចុប្បន្នជាពិភពលោកដែលបើកចំហ ហើយប្រទេសចិនមិនអាចអភិវឌ្ឍនៅពីក្រោយការបិទទ្វារ និងរឹងរឹតតែមិនអាចអភិវឌ្ឍនៅដាច់ដោយឡែកពីពិភពលោកទាំងមូលបានឡើយ។ កិច្ចប្រជុំពេញអង្គលើកទី៣នេះបានលាតត្រដាងដោយច្បាស់លាស់ថាប្រទេសចិននៅតែបន្តធ្វើកំណែទម្រង់ ហើយចិនយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតទៅលើភាពបន្ស៊ីគ្នានៃផែនការការងារ ការអនុវត្តការងារក៏ដូចជាលទ្ធផលការងារ។  លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងធានាឲ្យបានថា វិធានការកំណែទម្រង់ទាំងនោះសំដៅចំគោលនយោបាយរបស់ខ្លួន ហើយវិធានការទាំងនោះនឹងមានការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកផ្តោតទៅលើការសម្រេចគោលដៅនៃវិថីនៃការបន្តធ្វើកំណែទម្រង់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយស្របនឹងតថភាពដែលបានបង្ហាញយ៉ាងប្រត្យក្សថា វឌ្ឍនភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបន្តជាកាលានុវត្តភាពនៃកំណើនសេដ្ឋកិច្ចសកល។

 

ដោយផ្តល់ជូនវិបុលភាពកាន់តែប្រសើរដល់ប្រជាជាតិចិន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងបន្តមរតកនៃទំនុកចិត្តនៅក្នុងវប្បធម៌ប្រវត្តិសាស្ត្រដ៏រុងរឿងជាង៥០០០ឆ្នាំរបស់ខ្លួនដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជាតិចិន និងប្រជាជាតិនានាដែលបានបន្ស៊ីសញ្ញាណវប្បធម៌ចិនទៅក្នុងសង្គមរស់នៅរបស់ខ្លួន។ កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបន្តស្មារតីរួមរបស់ប្រជាជាតិចិនទាំង៥៦ជនជាតិក្នុងការលើកកម្ពស់តម្លៃស្នូលនៃសង្គមរបស់ប្រទេសចិន លើកស្ទួយស្មារតីជាតិដែលបង្ហាញពីក្តីស្រឡាញ់អរិយធម៌ ព្រមទាំងចូលរួមជាចំណែកយ៉ាងសកម្មឆ្លើយតបនឹងការអនុវត្តដោយល្អប្រសើរនូវខ្លឹមសារជាសារវន្តនៃគំនិតផ្តួចផ្តើមអរិយធម៌សកលសម្រាប់មនុស្សជាតិ ហើយវាក៏ជាគ្រឹះដ៏រឹងមាំមួយសម្រាប់ប្រទេសចិនឈានឆ្ពោះទៅកសាងប្រទេសសង្គមនិយមសម័យទំនើបប្រកបដោយភាពរុងរឿង ប្រជាធិបតេយ្យ ស៊ីវិល័យ និងភាពសុខដុមរមនា។

 

ដោយរក្សានូវគោលនយោបាយការទូតសន្តិសហវិជ្ជមានដូចមានចែងក្នុងគោលការណ៍សន្តិភាពទាំង៥ចំណុចតាំងពី៧០ឆ្នាំមុន កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០នឹងរំលេចយ៉ាងច្បាស់ថា ប្រទេសចិននឹងបន្តតួនាទីយ៉ាងសកម្មរបស់ខ្លួនជំរុញពន្លឺរស្មីឥទ្ធិពលនៃសន្តិភាព ហើយតាមរយៈប្រាជ្ញាចិនស្តីពីការរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិនឹងជំរុញល្បឿននិន្នាការសកលឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះដោយទទួលបាននូវសន្ទុះគាំទ្រប្រទេសចិនកាន់តែខ្លាំងឡើង។ ប្រាជ្ញាចិនបានកំពុងដាស់តឿនមនុស្សជាតិដែលកំពុងស្ថិតនៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏សំខាន់ ស្របជាមួយនិងការប្រែប្រួលនិងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ដើម្បីរួមគ្នានិន្នាការឆ្ពោះទៅរកពិភពលោកពហុប៉ូល រួមគ្នាលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌ រួមគ្នាតភ្ជាប់ និងការអាស្រ័យលើគ្នាទៅវិញទៅមករវាងប្រទេសនិងប្រជាជន។ កិច្ចប្រជុំពេញអង្គលើកទី៣នេះនឹងបញ្ជាក់កាន់តែច្បាស់លាស់ពីបុរេសកម្មរបស់ប្រទេសចិនដែលតែងគាំទ្រដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ហើយរួមជាមួយបណ្តាប្រទេសនានាសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ប្រទេសចិនយល់ថា ពិភពលោកគួរតែអនុញ្ញាតដោយសោមន្សរីករាយឱ្យពន្លឺនៃសន្តិភាពឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ នាំគ្នាជំរុញល្បឿនការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ ដែលនេះជាអ្វីដែលបក្សកុម្មុយនីស្តចិនតែងប្រាថ្នានិងផ្តល់ជូនដល់ប្រជាជាតិចិនក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជនគ្រប់ប្រទេសទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសទាំងអស់ក្នុងជំនាន់របស់យើងនេះគួរតែរែកពុន។

 

ជារួម លទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០នឹងបង្ហាញដល់ពិភពលោកថាប្រទេសចិនដែលជាសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាប្រទេសដំបូងគេបង្អស់ដែលបានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិនឹងបង្កើនសកម្មភាពរបស់ខ្លួនចូលរួមជាមួយបណ្តាប្រទេសនានាក្នុងការរួមគ្នាថែរក្សាសន្តិភាព វិបុលភាព វឌ្ឍនភាពរបស់មនុស្សជាតិ ដោយខិតខំបង្កើនកម្លាំងជាមួយបណ្តាប្រទេសនានាទាំងអស់ក្នុងការរួមសាមគ្គីគ្នាដោះស្រាយបញ្ហាសកលដោយឈរយ៉ាងរឹងមាំលើទម្រនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន



 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស