ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនស្នើបង្កើតក្រុមអ្នកជំនាញដើម្បីដោះស្រាយជម្លោះដែលប្រទេសចិនដាក់ពាក្យបណ្តឹងចំពោះ«ច្បាប់កាត់បន្ថយអតិផរណា»របស់អាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក
2024-07-16 11:50:23cri
Share with:

ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍អភិវឌ្ឍន៍នៃឧស្សាហកម្មរថយន្តដើរដោយថាមពលស្អាតរបស់ប្រទេសចិន កាលពីថ្ងៃទី២៦ខែមីនាកន្លងទៅ ប្រទេសចិនបានដាក់ពាក្យបណ្តឹងទៅយន្តការដំណោះស្រាយជម្លោះនៃអង្គការពាណិជ្ជកម្មពិភពលោកស្តីពីវិធានការពាក់ព័ន្ធនៃ«ច្បាប់កាត់បន្ថយអតិផរណា»របស់អាមេរិក ដូចជាឧបត្ថម្ភកធនរថយន្តដើរដោយថាមពលស្អាតជាដើម។ដោយសារតែអាមេរិកមិនបានឆ្លងតាមរយៈការចរចាជាមួយចិន ដើម្បីទទួលបានដំណោះស្រាយ ដូច្នេះ នាថ្ងៃទី១៥ខែកក្កដា ភាគីចិនបានស្នើដល់អង្គការពាណិជ្ជកម្មពិភពលោកឱ្យបង្កើតក្រុមអ្នកជំនាញ។


អ្នកនាំពាក្យបានថ្លែងថា ការអភិវឌ្ឍឧស្សាហកម្មរថយន្តដើរដោយថាមពលស្អាតរបស់ប្រទេសចិនបានរួមចំណែកដ៏សំខាន់ក្នុងការធ្វើបរិវត្តកម្មថាមពលបៃតងសកលនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។«ច្បាប់កាត់បន្ថយអតិផរណា»របស់អាមេរិកកំណត់ថា ការប្រើប្រាស់ផលិតផលនៃតំបន់ដែលកំណត់ជាពិសេសដូចជាអាមេរិកជាដើមជាបុរេលក្ខខណ្ឌសម្រាប់ទទួលបានឧបត្ថម្ភកធន និងច្រានចោលផលិតផលរបស់សមាជិកនៃអង្គការពាណិជ្ជកម្ម ដូចជាប្រទេសចិនជាដើម បង្កើតរបាំងពាណិជ្ជកម្មដោយចេតនា និងធ្វើឱ្យដើមទុននៃការធ្វើបរិវត្តកម្មថាមពលបៃតងឡើងថ្លៃ មិនថាប្រើសម្តីពីរោះដល់កម្រិតណា ក៏មិនអាចប្រែប្រួលធាតុពិតនៃការផ្តល់ឧបត្ថម្ភកធនពាក់ព័ន្ធដែលមានភាពរើសអើង គាំពារនិយមនិងល្មើសនឹងការកំណត់នៃអង្គការពាណិជ្ជកម្មពិភពលោកដែលបានចែងក្នុងច្បាប់នេះដែរ។


ក្នុងករណីនេះ ភាគីចិននឹងជំរុញរបៀបវារៈនៃការដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ គឺដើម្បីឆ្លងតាមការអនុវត្តជាក់ស្តែងមកគាំពារកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូលនិងគាំពារកិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍អន្តរជាតិក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស