លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងនៅពេលថ្មីៗនេះថា ភាគីវៀតណាមមានឆន្ទៈរួមជាមួយភាគីចិន ខិតខំអនុវត្តគំនិតឯកភាពសំខាន់ៗរបស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ បង្កើនទំនុកចិត្តខាងនយោបាយទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ពង្រឹងមូលដ្ឋានឆន្ទៈប្រជាជន បង្កើនការសម្របសម្រួលពហុភាគី ដោះស្រាយការខ្វែងគំនិតដោយសមរម្យ ដើម្បីជំរុញឱ្យសហគមន៍រួមវាសនាវៀតណាម-ចិនដែលមានអត្ថន័យជាយុទ្ធសាស្ត្រចាក់ឫសគល់និងទទួលបានផ្លែផ្កា។
ពេលអនុញ្ញាតឱ្យលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតនាមចូលជួបសម្តែងការគួរសមនិងជម្រាបលា លោក Pham Minh Chinh បានលើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងរវាងវៀតណាមនិងចិនបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ខ្លាំង អគ្គលេខាធិការមជ្ឈិមបក្សទាំងពីរបានបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅវិញទៅមក ហើយបានប្រកាសពីការកសាងសហគមន៍រួមវាសនាវៀតណាម-ចិនដែលប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរឈានដល់ដំណាក់កាលថ្មី។ ភាគីវៀតណាមមិនបំភ្លេចទេនៅគ្រាដ៏លំបាកបំផុតនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ភាគីចិនបានផ្តល់ជំនួយវាក់សាំងចំពោះភាគីវៀតណាមដោយទាន់ពេលវេលា ដែលបានជួយវៀតណាមឱ្យឆ្លងផុតពីគ្រាលំបាក វៀតណាមថែរក្សាចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយចិនដែលរួមសុខរួមទុក្ខនិងជួយគ្នាទៅវិញទៅមក។
ជាការឆ្លើយតប លោក Xiong Bo បានថ្លែងថា ភាគីចិនមានឆន្ទៈរួមជាមួយភាគីវៀតណាម ប្រកាន់ខ្ជាប់ការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំកំពូល ចាប់ដៃគ្នាដើរតាមមាគ៌ាសង្គមនិយមដែលសមស្របនឹងសភាពការណ៍ជាតិរៀងៗគ្នា និងមាគ៌ាទំនើបកម្មដែលមានលក្ខណៈពិសេសរៀងៗខ្លួន ដើម្បីស្វែងរកសុភមង្គលជូនប្រជាជននៃប្រទេសទាំងពីរ ស្វែងរកភាពរីកចម្រើនជូនមនុស្សជាតិ និងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៃពិភពលោក៕