ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្វែងយល់ពីវិធីសាស្រ្តកំណែទម្រង់និងបើកទូលាយរបស់ចិនក្នុងយុគសម័យថ្មី៖ ភាគីទី ៤ ទទួលយកនិងរួមបញ្ចូលជាមួយគ្នា
2024-07-16 17:36:55cri
Share with:

      ខែមេសាឆ្នាំ២០១៨ សន្និបាតអបអរសាទរខួប ៣០ ឆ្នាំនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសហៃណានបានប្រារព្ធធ្វើនៅក្រុងហៃខូវទីរួមខេត្តហៃណាន។ លោក Xi Jinping មេដឹកនាំកំពូលចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ពីការគាំទ្រខេត្តហៃណានកសាងតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីនៅកោះទាំងមូល។ ម៉្លោះហើយ ខេត្តហៃណាក៏បានក្លាយទៅជាគំរូថ្មីនៃការដែលភ្ជាប់កំណែទម្រង់ជាមួយការបើកទូលាយ។

      ការបើកទូលាយនិងកំណែទម្រង់គឺកើតឡើងជាមួយគ្នានិងជំរុញគ្នាទៅវិញទៅមក។ លោក Xi Jinping បានលើកឡើងថា ជំរុញកំណែទម្រង់តាមរយៈការបើកទូលាយ និងការអភិវឌ្ឍ ជាវិធីសាស្រ្តដ៏សំខាន់សម្រាប់ឱ្យការអភិវឌ្ឍរបស់ប្រទេសចិនទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ។ លោកបានគូសបញ្ជាក់សាចុះសាឡើងថា ការបើកទូលាយនាំមកនូវការរីកចម្រើន ហើយការបិទខ្ទប់ប្រាកដជានឹងនាំមកនូវភាពអន់ថយ។

      ក្នុងនាមជាអរិយធម៌តែមួយគត់ក្នុងលោកដែលអភិវឌ្ឍរហូតដល់បច្ចុប្បនុ្នតាមទម្រង់ប្រទេសជាតិ អរិយធម៌ចិនបានទទួលយកនិងរួមបញ្ចូលគ្នាជាមួយអរិយធម៌ផ្សេងៗលើសាកលលោក។ ការទទួលយកនិងរួមបញ្ចូលគ្នាជាមួយអរិយធម៌ផ្សេងៗគឺជាពុទ្ធិចិនតាំងពីបុរាណកាលដល់បច្ចុប្បន្នកាល។ ពុទ្ធិបុរាណបែបនេះបានបង្កើតជាទឹកចិត្តធំទូលាយរបស់ប្រជាជនចិន។ ពីការបើកទូលាយដែលចាប់ផ្តើមកាលពីឆ្នាំ  ១៩៧៨ រហូតដល់ការបើកទូលាយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី សុទ្ធតែបានបង្ហាញពីកម្លាំងអនុវត្តជាក់ស្តែងដ៏មហិមានៃទឹកចិត្តធំទូលាយដែលទទួលយកនិងរួមបញ្ចូលគ្នាជាមួយអរិយធ៌ម៌ផ្សេងៗ។

      សមាជិកបក្សកុម្មុយនីស្តចិនដែលមានលោក Deng Xiaoping ជាតំណាងបានប្រែកា្លយទឹកចិត្តធំទូលាយបែបនេះជាគំនិតអភិបាលកិច្ចស្តីពីការបើកទូលាយចំពោះបរទេស ហើយបានកំណត់វាជាគោលនយោបាយជាតិជាមូលដ្ឋានមួយរបស់ចិន។ ក្រោយពីការអនុវត្តជាក់ស្តែងអស់រយៈពេលជាង ៣០ឆ្នាំ ការបើកទូលាយចំពោះបរទេសរបស់ចិនទទួលបានសមិទ្ធផលដែលពិភពលោកត់សម្គាល់ ។

      តាំងពីឆ្នាំ ២០១២ មក លោក Xi Jinping បានបន្តវេននូវទឹកចិត្តធំទូលាយបែបនេះ ដោយលើកឡើងនូវគំនិតច្នៃប្រឌិតថ្មីស្តីពីការអភិវឌ្ឍតាមរយៈការបើកទូលាយ។ លោកបានចង្អុលបង្ហាញថា ការបើកទូលាយចំពោះបរទេសរបស់ចិនគឺគ្រប់ជ្រុងជ្រោយនិងគ្រប់វិស័យ ត្រូវជំរុញឱ្យបង្កើតជានិម្មាបនកម្មថ្មីនៃការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ។ 

      ការកសាងប្រព័ន្ធថ្មីនៃសេដ្ឋកិច្ចបែបបើកទូលាយ ជាការអនុវត្តមួយដែលប្រកបដោយលក្ខណៈបង្កើតថ្មីក្នុងចំណោមគំនិតស្តីពីការអភិវឌ្ឍតាមរយៈការបើកទូលាយរបស់លោក Xi Jinping ។ លោកបានខិត ខំពុះពារឧបសគ្គផ្នែកប្រព័ន្ធនិងយន្តការ  ពន្លឿនការកសាងតំបន់ពិសោធន៍ខាងពាណិជ្ជកម្មសេរីនិងកំពង់ផែពាណិជ្ជកម្មសេរីដើម្បីជំរុញការច្នៃប្រឌិតថ្មីដោយរួមបញ្ចូលគ្នាខាងប្រព័ន្ធនិងរបប។ តាំងពីឆ្នាំ ២០១៣ មក ប្រទេសបានបង្កើតតំបន់ពិសោធន៍ខាងពាណិជ្ជកម្មសេរីចំនួន ២២ ដោយចែកជា ៦ លើកដែលបានបង្កើតនិម្មាបនកម្មថ្មីនៃកំណែទម្រង់និងបើកទូលាយដែលគ្របដណ្តប់ភាគខាងកើត ខាង លិច ខាងត្បូងនិងខាងជើងរបស់ប្រទេសចិន និងគ្រោងផែនការអភិវឌ្ឍន៍នៃតំបន់តាមឆ្នេរសមុទ្រ តំបន់ដីគោកនិងតំបន់តាមព្រំដែន។

      ទឹកចិត្តធំទូលាយរបស់លោក Xi Jinping ក៏បានបង្ហាញតាមរយៈនិម្មាបនកម្មដ៏មហិមាដែលលើកកម្ពស់ការបើកទូលាយរបស់ចិនឱ្យរួមចំណែកដល់ការជំរុញការបើកទូលាយរួមគ្នារបស់ប្រទេសនានាលើពិភពលោក។ លោកបានថ្លែងថា  ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតឆា្ងយពីពិភពលោកនោះទេ ហើយវិបុលភាពរបស់ពិភពលោកក៏ត្រូវការចិនផងដែរ។

      តាំងពីចូលយុគសម័យថ្មីមក ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសេដ្ឋកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតជាកម្លាំងរួមនៃការបើកទូលាយរួមជាសកល។ ពោលគឺគាំពារយ៉ាងមុតមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជំរុញសេរីភាពនិងកិច្ចសម្រួលខាងពាណិជ្ជកម្ម ប្រឆាំងយ៉ាងដាច់ខាតចំពោះឯកតោភាគីនិងការគាំពារនិយម, ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអនុតំបន់ ចូលរួមយន្តការសហប្រតិបត្តិការក្នុងតំបន់ដូចជាអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ជំរុញឱ្យកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ដូចជាកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គជាដើមមានភាពស៊ីជម្រៅឥតឈប់ឈរ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។ល។

      តាំងពីចូលយុគសម័យថ្មីមក គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការសំខាន់ស្តីពីការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ដែលលើកឡើងដោយលោក Xi Jinping បានពង្រីកចំណុចប្រសព្ធនៃផលប្រយោជន៍របស់បណ្តាប្រទេសនានាលើពិភពលោក។ ពោលគឺ ប្រទេសចំនួនជាង ១៥០ និងអង្គការអន្តរជាតិចំនួនជាង ៣០ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ "ខ្សែក្រវាត់និងផ្លូវ" ជាមួយចិន, គម្រោងសហប្រតិបត្តិការចំនួនជាង ៣០០០ គម្រោងបានបង្កើតឱកាសការងារចំនួន ៤២ ម៉ឺននាក់ដល់ប្រទេសដែលរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ធ្វើឱ្យមនុស្សចំនួន ៤ លាននាក់ចេញផុតពីភាពក្រីក្រ, បានបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគសម្រាប់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ជាបន្តបន្តាប់ ក៏ដូចជាបានរៀបចំពិព័រណ៍មានលក្ខណៈតំបន់មួយចំនួន ដូចជាពិព័រណ៍នាំចេញនាំចូលអន្តរជាតិចិន ពិព័រណ៍ផលិតផលនាំចេញនាំចូលចិន(ក្វាំងចូវ) និងពិព័រណ៍ពាណិជ្ជកម្មសេវាកម្មជាដើម។

      លោក Xi Jinping បានលើកឡើងថា ការបើកទូលាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ និងជាផ្លូវឆ្លងកាត់ដ៏ចាំបាច់សម្រាប់វិបុលភាពនិងវឌ្ឍនភាពពិភពលោក។ មានបទវិភាគបានអះអាងថា និម្មាបនកម្មថ្មីដែលពិភពលោកទាំងមូលធ្វើកិច្ចសហប្រតិបត្តិឈ្នះ-ឈ្នះដែលដឹកនាំនិងត្រួសត្រាយដោយលោក Xi Jinping សម្រេចបាននូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិនដែលប្តូរពីការដឹកនាំការបើកទូលាយរបស់ចិនទៅជាការជំរុញឱ្យបណ្តាប្រទេសនានាលើពិភពលោករួមគ្នាបើកទូលាយ ដែលបានបំពេញបន្ថែមភាពរស់រវើកសម្រាប់ការអភិវឌ្ឍនៃពិភពលោកទាំងមូល៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស