នៅខែធ្នូ ឆ្នាំ ២០១២ លោក Xi Jinping ដែលទើបជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជ្រើសរើសខេត្ត Guangdong ដែលជាតំបន់អនុវត្តការធ្វើកំណែទម្រង់ និងបើកទូលាយមុនគេបង្អស់នៅប្រទេសចិន ជាទិសដៅនៃដំណើរចុះត្រួតពិនិត្យការងារតំបន់ជាលើកដំបូងរបស់លោក ។
ក្នុងដំណើរលើកនេះ លោកបានផ្តល់អនុសាសន៍ណែនាំថា សេចក្តីសម្រេចចិត្តអំពីការធ្វើកំណែទម្រង់ និងការបើកទូលាយ គឺជាសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវ។ យើងត្រូវបន្តដើរតាមផ្លូវកំណែទម្រង់និងបើកទូលាយដើម្បីឆ្ពោះទៅរកភាពរុងរឿងរបស់ប្រទេសចិន ។
លោកបានថ្លែងថា យើងនឹងបោះជំហានថ្មីលើផ្លូវនៃកំណែទម្រង់។ គោលបំណងជាមូលដ្ឋាននៃកំណែទម្រង់របស់យើង គឺដើម្បីធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនថ្កុំថ្កើង ធ្វើឱ្យសង្គមកាន់តែមានភាពសច្ចយុត្តិធម៌ និងធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង។
អស់រយៈពេលជាងមួយទស្សវត្សរ៍មក លោក Xi Jinping បានធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រោងផែនការដើម្បីជំរុញការអនុវត្តកំណែទម្រង់ និងការបើកទូលាយ ។
លោកបានថ្លែងថា កំណែទម្រង់របស់ចិនបានឈានចូលដល់ដំណាក់កាលដ៏សំខាន់ នេះគឺដោយសារបញ្ហាដែលកំពុងប្រឈមក្នុងកំណែទម្រង់ពេលបច្ចុប្បន្ន សុទ្ធតែជាបញ្ហាពិបាកដោះស្រាយយ៉ាងខ្លាំង ។ ក្នុងអំឡុងពេលនេះ យើងត្រូវតែខិតខំតស៊ូជាប់រហូត សម្លឹងមើលទៅមុខនិងមិនថយក្រោយ ពិព្រោះបើមានការស្ទាក់ស្ទើរក្នុងការដើរទៅមុខ នោះ មិនត្រឹមតែយើងមិនអាចដើរទៅមុខបានទេ ថែមទាំងបានបោះបង់ចោលសមិទ្ធផលដែលទទួលបានកាលពីមុន។
លោក Xi Jinping បានបន្តថា យើងត្រូវតែប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ស្តពីការច្នៃប្រឌិតថ្មី ការបន្ស៊ីគ្នា បៃតង ការបើកចំហ និងការចែករំលែកគ្នា ត្រួសត្រាយចន្លោះសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង និងជួយដល់ការស្តារសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ដើម្បីធ្វើឱ្យសង្គមមនុស្សជាតិទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ប្រទេសនានាគួរតែប្រកាន់ខ្ជាប់ការបើកចំហមិនមែនជាការបិទខ្ទប់ ត្រូវធ្វើកិច្ចសហប្រតិបត្តិការមិនមែនបង្កការប្រឈមមុខដាក់គ្នា ត្រូវសម្រេចបានភាពឈ្នះ-ឈ្នះ មិនមែនជាការផ្តាច់មុខ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវការបើកទូលាយចំពោះក្រៅប្រទេស និងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនិម្មាបនកម្មបើកចំហគ្រប់ជ្រុងជ្រោយយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពចម្រុះនៅក្នុងគម្រោងកិច្ចសហប្រតិបត្តិការអន្តរជាតិសំខាន់ៗដូចជា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ជាដើម។
ឆ្នាំ ២០២៤ គឺជាឆ្នាំដ៏សំខាន់មួយទៀតសម្រាប់ការធ្វើកំណែទម្រង់និងបើកទូលាយយ៉ាងស៊ីជម្រៅក្នុងយុគសម័យថ្មី។ លោក Xi Jinping នឹងបន្តដឹកនាំប្រជាជនចិនចំនួន ១៤០០ លាននាក់ក្នុងការរួមគ្នាចារទំព័រថ្មីនៃការធ្វើកំណែទម្រង់និងបើកទូលាយក្នុងយុគសម័យថ្មី៕