ថ្ងៃទី១៣ខែកក្កដា លោកLee Ka Chiu Johnប្រធានរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានថ្លែងថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី រដ្ឋបាលតំបន់ពិសេសហុងកុងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា នឹងធ្វើការខិតខំប្រឹងប្រែងដោយពេញទំហឹងក្នុងការអភិវឌ្ឍទីក្រុងហុងកុងទៅជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាអន្តរជាតិ ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចហុងកុង។
"ក្រុមសិក្សានិងត្រួតពិនិត្យបច្ចេកវិទ្យាអវកាសទីក្រុងប៉េកាំងនិងស៊ីអាន"ដែលរៀបចំដោយមូលនិធិShine Takហុងកុងបានធ្វើពិធីចាប់ដំណើរការនៅថ្ងៃដដែល។ លោកLee Ka Chiu Johnបានលើកឡើងក្នុងសុន្ទរកថាតាមវីដេអូថា អ្នកមានថ្វីដៃជាធនធានទីមួយ ការច្នៃប្រឌិតថ្មីគឺជាកម្លាំងចលករទីមួយ រដ្ឋបាលតំបន់ពិសេសហុងកុងកំពុងពង្រឹងយ៉ាងសកម្មនូវក្រុមធនធានមនុស្សក្នុងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាតាមរយៈវិធានការមួយចំនួន។ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានចូលរួមក្នុងសកម្មភាពសិក្សានិងត្រួតពិនិត្យឱ្យរួមចំណែកក្នុងការអភិវឌ្ឍបុព្វហេតុស្រាវជ្រាវវិទ្យាសាស្ត្រនិងកិច្ចការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារបស់ប្រទេសជាតិនាពេលអនាគត។ លោកសង្ឃឹមថា សកម្មភាពលើកនេះអាចធ្វើឱ្យគ្រាប់ពូជនៃការតាមដានសុបិនអវកាស ចាក់ឫសនិងដុះពន្លកនៅក្នុងដួងចិត្តរបស់សិស្សទាំងឡាយនិងបន្តរីកចម្រើនដោយឥតឈប់ឈរ៕