ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Jeremiah Manele នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសូឡូម៉ន
2024-07-13 12:40:12cri
Share with:

    នារសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Jeremiah Manele នាយករដ្ឋមន្ត្រីនៃប្រទេសប្រជុំកោះសូឡូម៉នដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាពប្រជាជនក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនរីករាយបង្កើនការប្រាស្រ័យទាក់ទងគ្នាខាងយុទ្ធសាស្ត្រជាមួយប្រជុំកោះសូឡូម៉ន ជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រជុំកោះសូឡូម៉ន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជាការអភិវឌ្ឍជនបទ សេវាកម្មវេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជានិរន្តរភាពនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើមដើម្បីពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងប្រជុំកោះសូឡូម៉នក្នុងយុគសម័យថ្មី ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោក Jeremiah Manele បានថ្លែងថា ភាគីប្រជុំកោះសូឡូម៉នប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងយ៉ាងដាច់ខាតចំពោះ"តៃវ៉ាន់ឯករាជ្យ"ទោះតាមទម្រង់ណាក្តីនិងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋាភិបាលចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមប្រទេសជាតិ ។ ភាគីប្រជុំកោះសូឡូម៉នរំពឹងថា នឹងធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រជុំកោះសូឡូម៉ន-ចិន ក៏ដូចជាកសាងសហគមន៍រួមវាសនារវាងប្រជុំកោះសូឡូម៉ននិងចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស