ព្រឹកថ្ងៃទី ១១ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំសន្និសីទកាសែតដើម្បីចេញផ្សាយសៀវភៅសស្តីពី«ការការពារបរិស្ថានអេកូឡូស៊ីសមុទ្ររបស់ប្រទេសចិន»។ សៀវភៅសបានអធិប្បាយជាប្រព័ន្ធ នូវគំនិត ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ។
សៀវភៅសបានចែងថា ប្រទេសចិនបានលើកឡើងមុនគេបង្អស់និងកំណត់ខ្សែបន្ទាត់ក្រហមនៃការការពារបរិស្ថានអេកូឡូស៊ី ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធតំបន់អភិរក្សដែនសមុទ្រ អនុវត្តគម្រោងសំខាន់ៗសម្រាប់អភិរក្សនិងស្តារអេកូឡូស៊ីសមុទ្រ ដែលបានពង្រឹងពិពិធកម្ម ស្ថិរភាពនិងចីរភាពនៃប្រព័ន្ធអេកូឡូស៊ី។ ប្រទេសចិនបានបន្តធ្វើឱ្យច្បាប់និងបទប្បញ្ញត្តិ និងប្រព័ន្ធរបបមានសុក្រឹតភាពឥតឈប់ ឈរ ប្រើមធ្យោបាយស្ទង់ពិនិត្យនិងឃ្លាំមើលចម្រុះដើម្បីជំរុញការស្ទង់ពិនិត្យនិងប្រកាសសញ្ញាព្រមានខាងអេកូឡូស៊ីសមុទ្រ លើកកម្ពស់សមត្ថភាពបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយសមុទ្រ សំដៅបង្កើតជារបាំងសន្តិសុខសម្រាប់ការពារអេកូឡូស៊ីសមុទ្រ ។
សូមជម្រាបថា ចាប់ពីឆ្នាំ២០១២ មក ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវការតាក់តែងបទប្បញ្ញត្តិអន្តរជាតិ ដូចជាការពារបរិស្ថាននិងថែទាំប្រភពធនធានជាដើម ដើម្បីបន្ស៊ីគ្នាជាមួយដំណើរការកិច្ច សហប្រតិបត្តិការសំខាន់ៗដូចជារបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០២៣ នៃអ.ស.ប. និងផែនការ" ១០ឆ្នាំនៃសមុទ្រ "របស់អ.ស.ប.។ កិច្ចសហប្រតិបត្តិការស្តីពី"ទំនាក់ទំនងភាពជាដៃគូពណ៌ខៀវ " កាន់តែប្រកបដោយភាពរស់រវើក ដែលបានរួមចំណែកជាតម្រិះប្រាជ្ញាដល់ការឆ្លើយតបដោយសមរម្យចំពោះការប្រឈមខាងបរិស្ថានអេកូឡូស៊ីសមុទ្រជាសកល៕