ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុអ្វីបានជា «China Travel» បានក្លាយទៅជាការពេញនិយមខ្លាំងរបស់ទេសចរបរទេស ?
2024-07-11 17:02:21cri
Share with:

«ការធ្វើទេសចរណ៍នៅចិន CityមិនCity ?» នេះជាឃ្លាពេញនិយមតាមបណ្តាញទំនាក់ទំនងចិននិងបរទេសក្នុងមួយរយៈកាលកន្លងទៅនេះ ។ ពាក្យថា City នៅទីនេះមានន័យថា ឡូយឬទាន់សម័យ CityមិនCity ? មានន័យថា ឡូយអត់ ? ទាន់សម័យអត់ ? ពាក្យនេះបានលេចឡើងក្នុងវីដេអូឃ្លីបរបស់ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរកម្សាន្តនៅប្រទេសចិន ហើយបានរៀបរាប់ពីអ្វីដែលខ្លួនបានឃើញបានស្គាល់នៅប្រទេសចិនតាមគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដែលមានការចុច Like និងចែករំលែកយ៉ាងច្រើនពីអ្នកប្រើអ៊ីនធឺណិតចិននិងបរទេស ។

 

តាមពិតទៅ ភាពពេញនិយមនៃការធ្វើដំណើរកម្សាន្តនៅប្រទេសចិនមិនមែនជារឿងចៃដន្យទេ ពីព្រោះថា និយាយចំពោះប្រទេសចិនដែលមានទឹកដីធំទូលាយ មានសណ្ឋានដីប្លែកៗ ព្រមទាំងមានប្រវតិ្តសាស្ត្រ អរិយធម៌និងវប្បធម៌ដ៏យូរលង់ គឺសម្បូរទៅដោយធនធានទេសចរណ៍រាប់មិនអស់ ។ ពិសេសក្នុងយុគសម័យថ្មី ផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មីបានត្រូវបង្កើតឡើងជាបន្តបន្ទាប់ ដែលអាចបំពេញតាមតម្រូវការផ្សេងៗរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។

 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានចាត់វិធានការជាច្រើនដើម្បីខិតខំកែលម្អបរិយាកាសទេសចរណ៍ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលនិងកាន់តែប្រកបដោយផាសុកភាពជូនចំពោះភ្ញៀវទេសចរគ្រប់រូប ពិសេសទេសចរបរទេស ក្នុងន័យញ៉ាំងឱ្យភ្ញៀវទេសចរបរទេសទាំងឡាយអាចចែករំលែកនូវធនធាននិងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ចិនដោយភាពសប្បាយរីករាយនិងពេញចិត្តពេញថ្លើម ។ ក្នុងចំណោមវិធានការទាំងនេះ ការកែសម្រួលរបៀបទូទាត់ទទួលបានសមិទ្ធផលដ៏លេចធ្លោក្នុងរយៈពេលចុងក្រោយនេះ ពោលគឺ ភ្ញៀវទេសចរបរទេសអាចទូទាត់តាមកម្មវិធីទូទាត់នៃឧបករណ៍ចល័តមិនថាធ្វើដំណើរទៅដល់ទីកន្លែងណានៅទូទាំងប្រទេសចិន ដែលមានន័យថា ពេលធ្វើដំណើរកម្សាន្តនៅប្រទេសចិន ទេសចរបរទេសមិនបាច់ប្តូរប្រាក់ជាមុនទេ គ្រាន់តែភ្ជាប់កាតធនាគារជាមួយកម្មវិធីទូទាត់តាមឧបករណ៍ចល័តរបស់ចិនក៏អាចទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានយ៉ាងងាយស្រួល ។

 

ក្នុងឆ្នាំ ២០២៤ នេះ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនាប្រទេសចិនមានការកើនឡើងយ៉ាងច្រើន បើតាមអ្នកនាំពាក្យនៃក្រសួងការបរទេសចិនឱ្យដឹងថា តាមទិន្នន័យស្ថិតិនៃស្ថាប័នពាក់ព័ន្ធបង្ហាញ ក្នុងឆមាសទីមួយឆ្នាំនេះ មានអ្នកដំណើរបរទេសចូលដែនចិនសរុប ១៤.៦៣៥.០០០ នាក់ ដែលកើនឡើង ១៥២.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ អ្នកដំណើរបរទេសដែលចូលដែនចិនដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៨.៥៤២.០០០ នាក់ កើនឡើង ១៩០.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ស្របនឹងពេលដែលប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការទៅវិញទៅមកឬដោយឯកតោភាគីចំពោះប្រទេសកាន់តែច្រើនឡើងៗ បូករួមទាំងវិធានការកែសម្រួលការចេញ-ចូលដែនចិន អ្នកដំណើរបរទេសដែលទទួលបានផលប្រយោជន៍ពីគោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនអាចចេញ-ចូលប្រទេសចិនយ៉ាងងាយស្រួលនិងរលូន ។

 

ក្រៅពីគោលនយោបាយរបស់រដ្ឋាភិបាល រដ្ឋបាលតំបន់នានានៃប្រទេសចិនក៏បានដាក់ចេញនូវវិធានការជាច្រើនដើម្បីជំរុញវិស័យទេសចរណ៍ ។ ផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសប្រចាំតំបន់បានត្រូវដាក់ចេញជាបន្តបន្ទាប់ដោយអនុលោមតាមលក្ខខណ្ឌនៃធនធានទេសចរណ៍ក្នុងតំបន់ ដូចជានៅឯសមុទ្រខ្សាច់នៅភាគពាយព្យ យើងអាចកម្សាន្តសប្បាយជាមួយកម្មវិធីកម្សាន្តលើខ្សាច់ និងរីករាយជាមួយការប្រគំតន្ត្រីលើវាលខ្សាច់នៅពេលយប់ , ក្នុងរដូវរងានៅឯភាគឦសាន ចម្លាក់ទឹកកកនិងកម្មវិធីកម្សាន្តជាមួយទឹកកកបានញ៉ាំងឱ្យភ្ញៀវទេសចរជក់ចិត្តមិនចង់ចាកចេញ , នៅឯភាគខាងជើង យើងអាចរៀនជិះសេះបំផាយលើវាលស្មៅ និងដកបទពិសោធជាមួយល្បែងកម្សាន្តលើវាលស្មៅ , នៅឯភាគខាងលិចដែលភាគច្រើនជាតំបន់ខ្ពស់រាប យើងអាចដកបទពិសោធពីវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ដ៏សម្បូរបែបរបស់ជនជាតិភាគតិច , នៅឯភាគខាងត្បូង យើងអាចស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចិនដើរកម្សាន្តក្នុងភូមិបុរាណ និងទីកន្លែងជាច្រើនដែលមានសំណង់រចនាបថបុរាណ ដើម្បីទទួលបទពិសោធពីការ«ឆ្លងភព»ទៅកាន់សម័យបុរាណរបស់ចិន ។ល។

 

ជារួម មិនថាយើងចូលចិត្តភាពទំនើបទាន់សម័យនៃទីក្រុង ឬភាពសាមញ្ញនៃជនបទ , មិនថាយើងចូលចិត្តបច្ចេកវិទ្យាជឿនលឿន ឬទំនៀមទម្លាប់និងវប្បធម៌ប្រពៃណី , មិនថាយើងចូលចិត្តការផ្សងព្រេង ឬការសម្រាកលំហែកាយ ។ល។ ផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសចិនអាចបំពេញតាមតម្រូវការទាំងអស់ ។ ពិសេសគឺការច្នៃប្រឌិតថ្មីផ្នែកទេសចរណ៍វប្បធម៌នៃតំបន់នានារបស់ចិន នឹងធ្វើឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទទួលបាននូវបទពិសោធនិងចំណេះដឹងខាងវប្បធម៌ចិនក្នុងពេលដំណាលគ្នាជាមួយនឹងការដើរទស្សនាទេសភាពធម្មជាតិ បុរាណដ្ឋាន ឬទីក្រុងទំនើបទាន់សម័យ ។

 

បច្ចុប្បន្ន ការធ្វើទេសចរណ៍ជាលក្ខណៈ«City wakl» ឬ«Country walk» ( ការដើរទស្សនាទីក្រុងឬជនបទ ) ក្នុងប្រទេសចិន ទទួលបានការពេញនិយមក្នុងចំណោមយុវជនចិននិងភ្ញៀវទេសចរបរទេសជាច្រើន ដោយសារពួកគេយល់ឃើញថា របៀបដើរកម្សាន្តដោយមិនកំណត់គោលដៅឬរមណីយដ្ឋានណាមួយ ពោលគឺដើរឈប់ដើរឈប់ មើលនេះមើលនោះដោយមិនបង្ខំស្រូតដំណើរទៅណា វានឹងធ្វើឱ្យពួកគេស្វែងយល់បានកាន់តែច្បាស់ពីទីកន្លែងដែលពួកគេបានទៅដល់ ពិសេសពួកគេអាចមើលឃើញអ្វីៗដែលប្លែកពីការដើរកម្សាន្តតាមរមណីយដ្ឋាន ។ ជារួម មិនថាដើរកម្សាន្តតាមរបៀបណាក្តី ក៏គ្រប់ទីកន្លែងនៃប្រទេសចិននឹងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏វិសេសវិសាលសម្រាប់ទេសចរគ្រប់រូប ដែលអាចនិយាយបានថា  «China Travel» ពិតជា City

 

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន




អ្នកបកប្រែ:李庆莉
ប្លុកពិសេស