នៅក្នុងសន្និសីទសារព័ត៌ជាប្រចាំនៃក្រសួងការបរទេសចិនដែលធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា មានអ្នកសារព័ត៌មានសួរថា៖មជ្ឈមណ្ឌលសន្តិសុខសាយប័រនៃប្រទេសអូស្ត្រាលីនិងប្រទេស"សម្ព័ន្ធភ្នែក៥"ដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ជាដើមព្រមនិងស្ថាប័នសន្តិសុខសាយប័រនៃប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ជាដើមបានរួមគ្នាចេញផ្សាយរបាយការណ៍ដោយអះអាងថា អង្គការ"APT40"ដែលគាំទ្រដោយប្រទេសចិនបានកំណត់យករដ្ឋាភិបាលនៃបណ្ដាប្រទេសតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកធ្វើជាគោលដៅនៃការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតជាច្រើនលើកច្រើនសាមកហើយ ។ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ ?
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីពាក់ព័ន្ធបានមួលបង្កាច់និងលាបពណ៌ប្រទេសចិនម្តងទៀតក្រោមលេសបញ្ហាសន្តិសុខសាយប័រ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ។ តាមពិតទៅ មួយរយៈពេលកន្លងមកនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិនបានចេញផ្សាយរបាយការណ៍ស្តីពីការវិភាគនិងការស៊ើបអង្កេតជាច្រើនដែលបូករួមទាំង«របាយការណ៍ស្តីពីការវិភាគចំពោះអង្គការ APT របស់អាមេរិក»ដោយបានលាតត្រដាងយ៉ាងលម្អិតអំពីករណីដែលថា អស់កាលជាយូរកន្លងមក សហរដ្ឋអាមេរិកមួយផ្នែកបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងឃោសនាបំប៉ោងសាចុះសាឡើងពី"ការគំរាមកំហែងខាងការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតពីប្រទេសចិន" មួយផ្នែកទៀត ពួកគេបានធ្វើសកម្មភាពលួចស្តាប់និងលួចយកការណ៍សម្ងាត់តាមបណ្តាញអ៊ីនធឺណេតនៅទូទាំងពិភពលោកដោយពឹងផ្អែកលើអនុត្តរភាពនិងឧត្តមភាពខាងបច្ចេកវិទ្យារបស់ខ្លួន ។ តើអ្នកណាជាអ្នកគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិសុខសាយប័រនៅទូទាំងពិភពលោក ជឿជាក់ថា សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់ហើយ ៕