ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រួមដៃគ្នាក្នុងការពង្រឹងសន្តិភាពនិងអភិវឌ្ឍសកលក្រោមឆ័ត្រវិបុលភាពរបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ(SCO)
2024-07-05 16:52:49cri
Share with:



ដោយផ្តោតការពិភាក្សាលើតួនាទីស្ថាបនាក្នុងការការពារសន្តិភាពនិងសន្តិសុខក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ភស្តុភារកម្ម ថាមពល កសិកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថល និងនវានុវត្តបច្ចេកវិទ្យាក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជនក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងយុវជនក្នុងចំណោមវិស័យផ្សេងៗទៀត ព្រមទាំងបង្កើនសមាជិកភាពដើម្បីថែរក្សាការពារបំណងប្រាថ្នារួមរបស់មនុស្សជាតិ កិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)លើកទី២៤បានប្រារព្ធឡើងនៅរដ្ឋធានីAstana ប្រទេសកាហ្សាក់ស្ថាន។ SCOដែលមានប្រទេសចិនជាកម្លាំងចលករបានពន្លឿនការកើនឡើងនៃប្រជាប្រិយភាពរបស់ខ្លួនចាប់ពីឆ្នាំ២០០១មក ទើបឆ្នាំ២០២៤នេះបាននាំឱ្យSCOមានរដ្ឋចំនួន១០ជាសមាជិកអចិន្ត្រៃយ៍ ហើយSCOបានលាតសន្ធឹងលើដែនដីអឺរ៉ាស៊ីដ៏ធំល្វឹងល្វើយដោយរួមបញ្ចូលតំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងតំបន់កូកាស ក្លាយអង្គការតំបន់ធំជាងគេបំផុតដែលបានគ្របដណ្ដប់ប្រជាជនស្ទើរពាក់        កណ្តាលនៃប្រជាជនសរុបលើពិភពលោក ហើយមានផលិតផលសរុបក្នុងស្រុករួមនៃសមាជិកទាំងអស់របស់ SCOមានទំហំ៣២%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ ក្នុងពេលដែលប្រទេសជាច្រើននៅមានការប្រឈមមុខដាក់គ្នា និងការបែកបាក់ដែលបន្សល់ទុកដោយសង្រ្គាមត្រជាក់មិនទាន់ត្រូវបានដោះស្រាយនៅឡើយ SCOយល់ស្របជាមួយនិងជំហរសន្តិភាពនិយមដូចដែលប្រទេសចិនប្រកាន់ខ្ជាប់ដូចទៅនឹងប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមហាសន្និបាតរំលឹកខួបលើកទី៧០នៃការចេញផ្សាយគោលការណ៍៥ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ថា«ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពនៃអធិបតេយ្យភាព ចាក់គ្រឹះដ៏រឹងមាំសម្រាប់ការគោរពគ្នាទៅវិញទៅមក សម្រេចបាននូវទស្សនទានស្តីពីសន្តិភាពនិងសន្តិសុខ ប្រមូលផ្តុំកម្លាំងចលកដើម្បីកសាងវិបុលភាពជាមួយគ្នា ប្រកាន់ខ្ជាប់នូវទស្សនៈស្តីពីភាពសច្ចយុត្តិធម៌និងបង្ហាញពីទស្សនៈស្តីពីការបើកចំហនិងបរិយាបន្ន»

 

ដោយមានភាពរួមគ្នាលើចក្ខុវិស័យច្បាស់លាស់និងទំនួលខុសត្រូវខ្ពស់ចំពោះអនាគតមនុស្សជាតិ កិច្ចប្រជុំកំពូលSCOលើកទី២៤ បានប្រមូលថ្នាក់ដឹកនាំកំពូលនៃប្រទេស១០ជាសមាជិកអចិន្ត្រៃយ៍ និងបណ្តាថ្នាក់ដឹកនាំនៃបណ្តាប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា មកជួបពិភាក្សាបង្កើនឧត្តមានុភាពពហុភាគីនិយម ការបើកចំហសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្មសេរីនាយុគសម័យឌីជីថលដើម្បីផ្តល់ពន្លឺរស្មីកាន់តែចិញ្ចែងដល់សន្តិភាព ការអភិវឌ្ឍ និងវិបុលភាពសកល ព្រមទាំងបង្កើនឥទ្ធិពលដើម្បីការពារកុំឱ្យសោកនាដកម្មប្រវត្តិសាស្រ្តសកលលោកអាចកើតមានឡើងវិញទៀត។ ក្នុងតួនាទីបុរេសកម្មរបស់ខ្លួនក្នុងSCO ប្រទេសចិនតែងយកស្មារតីនៃភាពជាដៃគូក្នុងយន្តការពហុភាគីនិយមដែលស្មារតីនៃភាពជាដៃគូ គឺជាគុណសម្បត្តិដ៏ឧត្តុងឧត្តមបំផុតជំរុញកំណើនសេដ្ឋកិច្ច បំណងរួមក្នុងការដោះស្រាយវិបត្តិ និងបញ្ហាប្រឈមសកលនានា។ គំនិតផ្តួចផ្តើមទាំង៤គឺ«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» «គំនិតផ្តួចផ្តើមសន្តិសុខសកល» «គំនិតផ្តួចផ្តើមអរិយធម៌សកល» របស់ប្រទេសចិនបានជួយជំរុញល្បឿននិងប្រជាប្រិយភាពរបស់សមាជិកSCOទាំងអស់ បើទោះបីជាសមាជិកទាំងអស់មានភាពខុសប្លែកគ្នានៅក្នុងលក្ខខណ្ឌជាតិនិងដំណាក់កាលនៃការអភិវឌ្ឍយ៉ាងណាក៏ដោយ។ ថ្លែងចេញពីកិច្ចប្រជុំកំពូលSCOលើកទី២៤ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក Xi Jinping ប្រធានរដ្ឋចិនបានជំរុញឱ្យរដ្ឋសមាជិកប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃសន្តិសុខរួម ទូលំទូលាយ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព ដោះស្រាយបញ្ហាប្រឈមសន្តិសុខដែលស្មុគស្មាញ និងជាប់ទាក់ទងគ្នាតាមរយៈកិច្ចសន្ទនានិងការសម្របសម្រួល និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិយ៉ាងជ្រាលជ្រៅជាមួយនឹងវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីកសាងពិភពលោកនៃសន្តិភាពយូរអង្វែង និងថែរក្សាសន្តិសុខសកល ធានាយុត្តិធម៌ និងជំរុញគំនិតទូលំទូលាយនៃការរួមបញ្ចូលនិងការរៀនសូត្រគ្នាទៅវិញទៅមក។

 

ដោយមានប្រទេសចិនជាចលករនៅក្នុងកិច្ចការពារផលផ្លែនៃការអភិវឌ្ឍសន្តិភាពនៃចំណងយ៉ាងរឹងមាំពីក្រុមរដ្ឋចម្រុះជាតិសាសន៍ដែលបានរួមកម្លាំងគ្នាស្ថាបនាអង្គការនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខអឺរ៉ាស៊ីប្រកបដោយទំនួលខុសត្រូវចំពោះជោគវាសនារួមនៃមនុស្សជាតិ។ ថ្នាក់ដឹកនាំនៃរដ្ឋដែលជាសមាជិករបស់អង្គការតំបន់មួយនេះបានរួមចំណែកយ៉ាងសំខាន់ដល់អភិបាលកិច្ចសកល តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខ ស្ថិរភាព និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសកល ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសសង្កេតការណ៍ និងដៃគូសន្ទនានានា និងសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ និងអង្គការតំបន់និងអន្តរជាតិដទៃផ្សេងទៀត។ លោក Xi Jinping ប្រធានរដ្ឋចិនក៏បានលើកទឹកចិត្តដល់SCOសម្រាប់យន្តការដោះស្រាយការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាពនិងការអភិវឌ្ឍនៅអាហ្វហ្គានីស្ថាន និងគាំទ្រការដោះស្រាយដ៏ទូលំទូលាយ និងយុត្តិធម៌ចំពោះបញ្ហាប៉ាឡេស្ទីនដោយផ្អែកលើដំណោះស្រាយរដ្ឋឯករាជ្យពីរ។

 

ដើម្បីសម្រេចនូវគោលដៅក្នុងការពង្រឹងទំនុកចិត្តទៅវិញទៅមក និងទំនាក់ទំនងជាអ្នកជិតខាងល្អ ដែលប្រទេសចិនមានឆន្ទៈក្នុងការផ្តួចផ្តើមចូលរួមចែករំលែកនូវកាលានុវត្តភាពអភិវឌ្ឍជាមួយ  សមាជិកទាំងអស់ដែលបានចូលរួមពួតដៃគ្នាក្រោមឆ័ត្រវិបុលភាពរបស់SCO។ ដោយមានចិនជាអ្នកផ្តួចផ្តើមបណ្តាសមាជិកSCOបាននិងកំពុងពង្រឹងទំនាក់ទំនងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រើប្រាស់ភាពខ្លាំងរបស់ខ្លួន និងការពង្រីកទំហំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើ«នំខេក»ផលប្រយោជន៍កាន់តែធំជាងមុនក្នុងការនាំសុភមង្គលជូនដល់មនុស្សជាតិកាន់តែប្រសើរឡើង ហើយដែលពិភពលោកកំពុងសម្លឹងមើលយកចិត្តទុកដាក់ ដើម្បីទាញបាននូវផលប្រយោជន៍ និងកាលានុវត្តភាពពីខ្លឹមសារជាសារវន្តនៃប្រសាសន៍ប្រកបដោយអត្ថន័យរបស់លោក Xi Jinping ប្រធានរដ្ឋចិនថា «សមាជិកSCOគួរតែប្រកាន់ខ្ជាប់នូវផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្ន រួមដៃគ្នាដើម្បីជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ឱ្យមានស្ថិរភាព និងរលូន ជំរុញកម្លាំងជំរុញផ្ទៃក្នុងនៃសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើការឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍រួម»

 

ជារួម ដោយរក្សានូវបំណងប្រាថ្នាដើមនៃ«ស្មារតីសៀងហៃ» SCOនឹងក្លាយជាឆ័ត្រប្រកបដោយវិបុលភាពក្នុងជួយគ្នាទៅវិញទៅមករវាងរដ្ឋសមាជិកទាំងអស់ ដើម្បីប្រកៀកស្មាគ្នាដើរយ៉ាងស្វាហាប់នៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យ រួមគ្នារក្សាទិសដៅអភិវឌ្ឍន៍របស់ SCO និងកសាង SCO ទៅជាឆ្អឹងខ្នងដែលអាចទុកចិត្តបានសម្រាប់បណ្តាប្រទេសនានានិងអង្គការសហប្រជាជាតិ៕

 

ដោយបណ្ឌិត ជា មុនីឫទ្ធិ

សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស