ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការប្រើប្រាស់អ្វីដែលហៅថាបញ្ហាសាសនាដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន
2024-07-02 12:40:07cri
Share with:

កាលពីថ្ងៃទី ១ ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ ។ អ្នកសារព័ត៌មានបានសួរថា  ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ស្តីពីសេរីភាពខាងជំនឿសាសនាអន្តរជាតិឆ្នាំ ២០២៣ កាលពីសប្តាហ៍មុន និងបាននិយាយឆ្ការដៃឆ្ការជើងចំពោះកិច្ចការសាសនារបស់ប្រទេសចិន ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោកស្រី  Mao Ning បានលើកឡើងថា អ្វីដែលហៅថា "របាយការណ៍" របស់សហរដ្ឋអាមេរិកគឺមិនអើពើនឹងការពិតជាមូលដ្ឋាន និងពោរពេញទៅដោយការភូតកុហក និងព័ត៌មានមិនពិត ហើយប្រកាន់ខ្ជាប់នូវទោសាគតិខាងមនោគមវិជ្ជានិងមានចេតនាមួលបង្កាច់គោលនយោបាយខាងសាសនារបស់ប្រទេសចិន។ ភាគីចិនសម្តែងការប្រឆាំងជាដាច់ខាតចំពោះករណីនេះ។ រដ្ឋាភិបាលចិនបានការពារសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋស្របតាមផ្លូវច្បាប់ ហើយប្រជាជនគ្រប់ជនជាតិរបស់ចិនមានសេរីភាពខាងជំនឿសាសនាដ៏ពេញលេញដែលស្របតាមផ្លូវច្បាប់។ បច្ចុប្បន្ននេះ ប្រទេសចិនមានអ្នកកាន់សាសនាគ្រប់ប្រភេទជិត ២០០ លាននាក់ បុគ្គលិកខាងសាសនាជាង ៣៨ ម៉ឺននាក់ ជាមួយនឹងក្រុមសាសនាប្រហែល ៥៥០០ ក្រុម និងទីតាំងរៀបចំសកម្មភាពសាសនាជាង ១៤ ម៉ឺនកន្លែងដែលបានចុះបញ្ជីតាមច្បាប់ ។  អ្វីទាំងនេះជាការពិតជាក់ស្តែងដែលមិនអាចបំភ្លៃឬមួលបង្កាច់បានឡើយ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស