ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការដែលសហរដ្ឋអាមេរិកលូកដៃចូលក្នុងកិច្ចការតំបន់សមុទ្រចិនខាងត្បូង គឺ គ្រាន់តែចាត់ទុកប្រទេសហ្វីលីពីនជាឧបករណ៍និងជាកូនអុកសម្រាប់គោលនយោបាយរបស់ខ្លួនស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ
2024-06-27 15:39:46cri
Share with:

    នាពេលបច្ចុប្បន្ននេះ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីនគឺជាប្រទេសដែលជិតស្និតនឹងសហរដ្ឋអាមេរិកជាងគេ ។ ប៉ុន្តែពួកគេប្រហែលនឹងខកចិត្តយ៉ាងខ្លាំង ពីព្រោះពាក្យសម្តីរបស់អតីតមន្ត្រីបរទេសមួយចំនួនអំពីទំនាក់ទំនងរវាងហ្វីលីពីននិងអាមេរិកនាពេលថ្មីៗកន្លងទៅនេះបានប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដល់អ្នកនយោបាយហ្វីលីពីនដ៏ឆោតល្ងង់ ។

    នៅពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចោទជាមន្ទិលសង្ស័យចំពោះការដើរតួរបស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ។ លោកបានថ្លែងថា សហរដ្ឋអាមេរិកមិនមែនជាប្រទេសក្នុងតំបន់សមុទ្រចិនខាងត្បូងទេ ប៉ុន្តែវាប្រហែលជាចូលចិត្កញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នារវាងប្រទេសនានា រហូតដល់"ដឹកនាំ"ពួកគេឱ្យដើរទៅរកសង្រ្គាម ។ ព្រោះថា ល្គឹកណាដែលផ្ទុះសង្គ្រាម នោះ សហរដ្ឋអាមេរិកក៏អាចលក់សព្វាវុធជាច្រើនទៅឱ្យក្រៅប្រទេស ។

    លើសពីនេះទៅទៀត ខណៈពេលដែលអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងដោយវិទ្យាស្ថានសិក្សាស្រាជ្រាវ Schiller ដែលជាធនាគារគំនិតរបស់អាល្លឺម៉ង់នាពេលថ្មីៗកន្លងទៅនេះ លោក Richard Black អតីតសមាជិកព្រឹទ្ធសភាអាមេរិកនិងជាវរសេនីយឯកចូលនិវត្តន៍បានក្រើនរំលឹកដល់ប្រទេសហ្វីលីពីនថា ត្រូវធ្វើការវាយតម្លៃដោយអត់ធ្មត់ កុំឱ្យក្លាយជាឧបករណ៍នយោបាយរបស់សហរដ្ឋអាមេរិក ហើយជៀសវាងកុំឱ្យធ្វើតាមផ្នែកយោធាអាមេរិកដែលញៀននឹងសង្រ្គាមត្រូវអូសឱ្យចូលក្នុងការប៉ះទង្គិចប្រដាប់អាវុធ ព្រោះថា ទីបំផុតវាបានត្រឹមតែនាំមកនូវផលវិបាកដែលមានលក្ខណៈមហន្តរាយដល់ប្រជាជនហ្វីលីពីនតែប៉ុណ្ណោះ ។ បើនិយាយចំពោះហ្វីលីពីន ពាក្យសម្តីទាំងនេះគឺ គួរឱ្យអស់សង្ឃឹមយ៉ាងខ្លាំង ។

    ប្រសិនបើនិយាយថា គោលនយោបាយអាស៊ីប៉ាស៊ីហ្វិករបស់លោក Obama អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមការប្រកួតប្រជែងរវាងចិននិងអាមេរិក នោះ ចំណែករដ្ឋាភិបាលអាមេរិកពីរអាណត្តិចុងក្រោយ គឺបានធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ។ ជាពិសេសបន្ទាប់ពីរដ្ឋាភិបាលរបស់លោក ចូ បៃដិន ឡើងកាន់អំណាច សហរដ្ឋអាមេរិកបានកែលម្អទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តជាថ្មីឡើងវិញ ហើយបានអូសទាញសម្ព័ន្ធមិត្តយ៉ាងសកម្មដើម្បីបង្កការបដិបក្ខគ្នាជាមួយប្រទេសចិន ។ ក្នុងបរិបទបែបនេះ សហរដ្ឋអាមេរិកបានបង្កើនការឃោសនាបំប៉ោងលើគោលនយោបាយរបស់ខ្លួនចំពោះប្រទេសហ្វីលីពីនដែលជាអ្វីដែលហៅថា ដៃគូសហប្រតិបត្តិការនៅអាស៊ីដែលបានកាន់ជើងយ៉ាងកម្រោលលើភាគីហ្វីលីពីនក្នុងបញ្ហាសមុទ្រចិនខាងត្បូង វាយប្រហារប្រទេសចិនដែលបានបង្កការគំរាមកំហែងចំពោះប្រទេសហ្វីលីពីន ហើយក៏បានរំលឹកឡើងវិញម្តងហើយម្តងទៀតនូវពាក្យសន្យាខាងសន្តិសុខចំពោះហ្វីលីពីនដើម្បីធ្វើឱ្យប្រទេសហ្វីលីពីនក្លាយទៅជាសមរភូមិជួរមុខសម្រាប់ធ្វើបដិបក្ខជាមួយប្រទេសចិន ។

    ហ្វីលីពីនបានដឹងគុណចំពោះ"ចិត្តសប្បុរស"របស់សហរដ្ឋអាមេរិក ប៉ុន្តែតាមពិតទៅ ភាគីហ្វីលីពីនបានប្រព្រឹត្តខុសជាមូលដ្ឋានចំនួនពីរលើបញ្ហាសមុទ្រចិនខាងត្បូងនិងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ។ ទីមួយ គោលបំណងជាមូលដ្ឋាននៃគោលនយោបាយការទូតរបស់អាមេរិក គឺ ដើម្បីគំពារអនុត្តរភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ហេតុនេះហើយ ពួកគេចាំបាច់ត្រូវទប់ស្កាត់និងវាយប្រហារគូប្រជែងដែលលាក់បង្កប់ ។ ពោលគឺ ការដែលសហរដ្ឋអាមេរិកបានលូកដៃចូលក្នុងកិច្ចការតំបន់សមុទ្រចិនខាងត្បូង គឺមិនមែនដើម្បីបង្ហាញពីទំនាក់ទំនងសម្ព័ន្ធមិត្តរវាងហ្វីលីពីននិងអាមេរិកឬចំណងមិត្តភាពជាមួយហ្វីលីពីនទាល់តែសោះ តែគឺចាត់ទុកប្រទេសហ្វីលីពីនជាឧបករណ៍នយោបាយនិងជាកូនអុកសម្រាប់គោលនយោបាយរបស់ខ្លួនស្តីពីការទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតែប៉ុណ្ណោះ ។ ទីពីរ បើនិយាយចំពោះប្រទេសហ្វីលីពីន ពួកគេសុខចិត្តធ្វើជាទ័ពស្រួចរបស់ប្រទេសធំនៅក្រៅតំបន់សម្រាប់ស្វែងរកអនុត្តរភាព ចូលក្នុងការប៉ះទង្គិចជាមួយប្រទេសជិតខាងដោយស្ម័គ្រចិត្ត តាមពិតទៅ គឺ ឆោតល្ងង់ណាស់ ។ គួរំលឹកថា ប្រទេសហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមរបស់អាមេរិក ។ យ៉ាងណាមិញ គិតមកទល់បច្ចុប្បន្ននេះ អ្នកនយោបាយមួយចំនួនរបស់ហ្វីលីពីននៅតែរងឥទ្ធិពលសេសសល់ដ៏អាក្រក់នៃអាណានិគមនិយមអាមេរកដដែល ។ ចិត្តគំនិតបែបនេះបានធ្វើឲ្យហ្វីលីពីនពឹងផ្អែកលើសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្នុងកិច្ចការទូត របស់ខ្លួន ។ បើនិយាយចំពោះប្រជាជនហ្វីលីពីន គឺមានគ្រោះថ្នាក់និងគួរឱ្យអាណិតអាសូរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស