ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថា​ដំណាក់កាលប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្នុង តំបន់ហ្កាហ្សាបានជិតដល់ទីបញ្ចប់ហើយ
2024-06-24 16:09:39cri
Share with:

ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៤ ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអ៊ីស្រាអែល លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា ដំណាក់កាលប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងកងទ័ពអ៊ីស្រាអែលនិងអង្គការហាម៉ាសក្នុងតំបន់ហ្កាហ្សាបានជិតនឹងដល់ទីបញ្ចប់ហើយ។


លោកបានថ្លែងថា កងទ័ពអ៊ីស្រាអែលជិតនឹងបញ្ចប់ដំណាក់កាលប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយអង្គការហាម៉ាសក្នុងតំបន់ហ្កាហ្សាទាំងមូលហើយ ក្នុងនោះក៏បូករួមទាំងទីក្រុងរ៉ាហ្វាដែលស្ថិតក្នុងតំបន់ភាគខាងត្បូងហ្កាហ្សាផងដែរ។ប៉ុន្តែលោកបានគូសបញ្ជាក់ថា នេះមិនមែនមានន័យថា ភាគីអ៊ីស្រាអែលនឹងបញ្ចប់សកម្មភាពយោធាក្នុងតំបន់ហ្កាហ្សានោះទេ កងទ័ពអ៊ីស្រាអែលនឹងបន្តវាយប្រហារដល់ហាម៉ាសតទៅទៀត។


លោកបានបន្តថា បន្ទាប់ពីបញ្ចប់ដំណាក់កាលប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញក្នុងតំបន់ហ្កាហ្សា កងទ័ពអ៊ីស្រាអែលប្រហែលនឹងចាត់បញ្ជួនកម្លាំងយោធាមួយចំនួនទៅកាន់តំបន់ភាគខាងជើងដែលមានព្រំដែនជាប់ជាមួយប្រទេសលីបង់ ដើម្បីធ្វើការការពារនិងជួយឱ្យប្រជាជនអ៊ីស្រាអែលដែលភៀសខ្លួនអាចត្រឡប់មកស្រុកកំណើតវិញក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស