ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការកែលម្អទំនាក់ទំនងរវាងចិននិងអូស្ត្រាលីវាមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ
2024-06-19 17:55:52cri
Share with:

    ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែមិថុនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអូស្ត្រាលី ។ ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍ស្តីពីសមិទ្ធផលរួមនៃកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលីដែលបានឈានដល់កិច្ចសហប្រតិបតិ្តការមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ។ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះគឺជា"ជំហានដ៏សំខាន់ណាស់មួយ"សម្រាប់លំនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

    សូមបញ្ជាក់ថា ឆ្នាំនេះគឺជាខួបទី ១០ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសអូស្ត្រាលីនិងជាការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអូស្ត្រាលី ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងអូស្ត្រាលីមានបម្រែបម្រួលយ៉ាងខ្លាំង ។ មូលហេតុសំខាន់ គឺ ដោយសារក្នុងអំឡុងពេលរដ្ឋាភិបាលពីរអាណតិ្តមុនកាន់អំណាច អូស្ត្រាលីបានធ្វើតាមសហរដ្ឋអាមេរិកដែលបានលាបពណ៌ប្រទេសចិនលើបញ្ហាដូចជា ការកសាងបណ្តាញសេវា 5G ភូមិភាគស៊ីនជាំងនិងសមុទ្រចិនខាងត្បូងជាដើមដែលបណ្តាលឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ក្នុងភាពជាប់គាំង ។ បន្ទាប់ពីរដ្ឋាភិបាលគណបក្សការងារអូស្ត្រាលីកាន់អំណាចកាលពីខែឧសភា ឆ្នាំ ២០២២ បានកែតម្រូវគោលនយោបាយចំពោះប្រទេសចិនជាថ្មីឡើងវិញ ហើយទំនាក់ទំនងរវាងចិននិងអូស្ត្រាលីបានចាប់ផ្តើមប្រែមកជាល្អវិញ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងខែវិច្ឆិកា ឆ្នាំ ២០២៣ លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Anthony Albanese នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនិងទីក្រុងប៉េកាំងដោយឡែកពីគ្នាដោយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការលំនឹងនិងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិននៅប្រទេសអូស្ត្រាលីលើកនេះបានបន្តនិន្នាការល្អប្រសើរប្រកបដោយស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ។

    តើទំនាក់ទំនងរវាងចិននិងអូស្ត្រាលីអាចរក្សានិងអភិវឌ្ឍឱ្យបានល្អនូវនិន្នាការវិជ្ជមានដែលបានមកដោយមិនងាយទេតាមរបៀបណា ? បទពិសោធនិងការបំផុសគំនិតដ៏សំខាន់បំផុត គឺ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នាទៅវិញទៅមក ស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ។

    គន្លឹះនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺស្ថិតនៅលើការគោរពសភាពការណ៍ជាតិនិងផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ។ ក្នុងកិច្ចជំនួបពិភាក្សាប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីចិននិងអូស្ត្រាលីលើកនេះ ភាគីអូស្ត្រាលីបានថ្លែងថា នឹងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ មិនគាំទ្រ"តៃវ៉ាន់ឯករាជ្យ" មិនឱ្យការខ្វែងគំនិតកំណត់នូវនិយមន័យនៃទំនាក់ទំនងទ្វេភាគីដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអូស្ត្រាលីទទួលបានការកែលម្អនិងអភិវឌ្ឍជាបន្តបន្ទាប់ ។ ប្រសិនបើការបង្ហាញឥរិយាបថទាំងនេះត្រូវបានអនុវត្តយ៉ាងពិតប្រាកដ នោះ វានឹងពង្រឹងមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសចិននិងអូស្ត្រាលីដោយឥតឈប់ឈរ ។

    ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលីមានការបំពេញបន្ថែមគ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការដ៏សំខាន់ ។ ប្រទេសចិនរក្សាឋានៈជាដៃគូពាណិជ្ជកម្ម ទីផ្សារនាំចេញនិងជាប្រភពនាំចូលធំទីមួយនៃប្រទេសអូស្ត្រាលីក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលីបានឡើងដល់ ២២៩,២ ពាន់លានដុល្លារអាមេរិកដែលមានចំនួនអតិរេកជិត ៨០ ភាគរយក្នុងពាណិជ្ជកម្មរបស់ខ្លួនបានមកពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ។

    លើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញថែមមួយកម្រិតទៀតនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងអូស្ត្រាលីដែលបានក្លាយជាចំណុចលេចធ្លោមួយនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។ ក្នុងបរិបទបច្ចុប្បន្នដែលការគាំពារនិយមខាងពាណិជ្ជកម្មសកលបានងើបឡើងវិញ ការដែលប្រទេសចិននិងអូស្ត្រាលីចុះហត្ថលេខាលើអនុស្សរណៈលើកនេះ បានចាត់ទុក"ការជំរុញ"និង"ការអនុវត្ត"ជាពាក្យគន្លឹះ វាមិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរក្នុងការអនុវត្តយ៉ាងប្រាកដប្រជានួវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីការបេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយផងដែរ ។ លើសពីនេះទៅទៀត ប្រទេសចិនបានថ្លែងបន្តថា រីករាយត្រួសត្រាយយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យរថយន្តថាមពលថ្មីនិងការផលិតថាមពលអគ្គិសនីដើរដោយថាមពលអាចកកើតឡើងវិញជាដើមដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។

    ប្រទេសចិននិងអូស្ត្រាលីសុទ្ធតែជាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលគ្មានគំនុំប្រវត្តិសាស្ត្រនិងការប៉ះទង្គិចខាងផលប្រយោជន៍ជាមូលដ្ឋាន ផ្ទុយទៅវិញ ប្រទេសទាំងពីរមានគំនិតឯកភាពរួមយ៉ាងទូលំទូលាយ គួរធ្វើកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គផ្ទួនៗ ប្រទេសចិននិងអូស្ត្រាលីបានដើរតាមមាគ៌ាដ៏ត្រឹមត្រូវនៃការកែលម្អនិងអភិវឌ្ឍទំនាក់ទំនង ដែលមិនត្រឹមតែសមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏ជាតម្រូវការនៃការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស