ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលម៉ាល់ឌីវសម្រេចចិត្តហាមឃាត់មិនឱ្យពលរដ្ឋអ៊ីស្រាអែលចូលដែនខ្លួន
2024-06-03 14:46:53cri
Share with:

      ថ្ងៃទី ២ ខែមិថុនា លោក Alilhusaan រដ្ឋមន្ត្រីក្រសួងសន្តិសុខដែនដីម៉ាល់ឌីវបានលើកឡើងថា រដ្ឋាភិបាលម៉ាល់ឌីវបានសម្រេចចិត្តហាមឃាត់មិនឱ្យពលរដ្ឋអ៊ីស្រាអែលចូលដែនខ្លួន។

      លោក Alilhusaan បានថ្លែងក្នុងសន្និសីទកាសែតនាថ្ងៃដដែលថា នាថ្ងៃដដែល រដ្ឋាភិបាលបានបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនិងធ្វើសេចក្តីសម្រេចចិត្តមួយនេះ ហើយបានបង្កើតគណៈកម្មការពិសេសដើម្បីពន្លឿនដំណើរការវិសោធនកម្មច្បាប់។ លើសពីនេះ កិច្ចប្រជុំបានសម្រេចគាំទ្រដល់ប៉ាឡេស្ទីនតាមរយៈការតែងតាំងបេសកជនពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការប៉ាឡេស្ទីន ការរៀបចំសកម្មភាពរៃអង្គាស និងការធ្វើមីទ្ទីងថ្នាក់ជាតិជាដើម។

      ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃដដែលថា ដោយសាររដ្ឋាភិបាលម៉ាល់ឌីវសម្រេចចិត្តហាមឃាត់មិនឱ្យបុគ្គលដែលកាន់លិខិតឆ្លងដែនអ៊ីស្រាអែលចូលដែន ហេតុនេះក្រសួងការបរទេសស្នើឱ្យពលរដ្ឋអ៊ីស្រាអែលកុំទៅកាន់ម៉ាល់ឌីវ។ ការស្នើនេះក៏សម្រាប់ពលរដ្ឋអ៊ីស្រាអែលដែលកាន់លិខិតឆ្លងដែនបរទេសផងដែរ។ សេចក្តីថ្លែងការណ៍ក៏បានស្នើឱ្យពលរដ្ឋអ៊ីស្រាអែលដែលកំពុងស្នាក់នៅម៉ាល់ឌីវគិតពិចារណាពីការចាកចេញផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស