ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងអេមីរ៉ាតអារ៉ាប់រួម
2024-06-02 11:32:17cri
Share with:

      តបតាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន  លោកMohammedbin Zayed al-Nahyanប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៤។

      លោកXi Jinpingប្រធានរដ្ឋចិននិងលោកMohammedបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនិងមិត្តភាព  ហើយបានឈានដល់គំនិតឯកភាពរួមយ៉ាងទូលំទូលាយនិងសំខាន់។

      ក  ភាគីទាំងពីរយល់ឃើញថា  ឆ្នាំនេះគឺជាខួបលើកទី៧០នៃការចេញផ្សាយគោលការណ៍៥ប្រការនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាន   គួរផ្សព្វផ្សាយគោលការណ៍៥ប្រការស្តីពីការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក   មិនរំលោភបំពានគ្នាទៅវិញទៅមក   មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងទៅវិញទៅមក   មានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងរួមរស់នៅដោយសន្តិសហវិជ្ជមាន  ហើយធ្វើកិច្ចខិតខំរួមគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិន-អារ៉ាប់និងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ភាគីអេមីរ៉ាតអារ៉ាប់រួមសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល  គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន។

      ខ  ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាជាច្រើន  ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដូចជាការកសាង“ខ្សែក្រវាត់និងផ្លូវ”  វិនិយោគ  ពាណិជ្ជកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាលនិងវប្បធម៌ជាដើម។

      គ  ភាគីទាំងពីរទាមទារឱ្យសម្រេចបាននូវការឈប់បាញ់គ្នាជាបន្ទាន់និងយូរអង្វែងនៅតំបន់ហ្កាហ្សា  ហើយគូសបញ្ជាក់ថា  គួរអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានគូសបញ្ជាក់ថា នឹងគាំទ្រដំណោះស្រាយរដ្ឋពីរ និងគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យដែលចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ១៩៦៧ជាមូលដ្ឋាន និងទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីដោយអនុលោមតាមច្បាប់អន្តរជាតិនិងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស