ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្របារ៉ែនស្ដីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
2024-06-01 14:42:58cri
Share with:

ក្នុងឱកាសខួបទី៣៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារ៉ែន សាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្របារ៉ែនសម្តែងការពេញចិត្តចំពោះភាពរីកចម្រើនជាច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេត្រីភាពក្នុងគ្រប់វិស័យដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាផ្តល់ផលប្រយោជន៍និងសុខសុភមង្គលកាន់តែល្អដល់ប្រជាជននៃប្រទេសទាំងពីរ ។

១ ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរៀងៗខ្លួន ។

២ ភាគីបារ៉ែនកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ។

៣ ភាគីទាំងពីរឯកភាពគ្នាបង្កើនការប្រាស្រ័យទាក់ទងក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់ ធ្វើការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចជាតិ បង្កើនការសម្របសម្រួលគោលនយោបាយរវាងភាគីទាំងពីរ ព្រមទាំងពង្រឹងការកសាងទំនុកចិត្តខាងនយោបាយជាបន្តបន្ទាប់ ។

៤ ភាគីទាំងពីរចិននិងបារ៉ែនរីករាយបន្តធ្វើកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ថាមពលថ្មី បច្ចេកវិទ្យាខ្ពស់ កសិកម្មនិងនេសាទ អប់រំ វប្បធម៌ ទេសចរណ៍និងសុខាភិបាលជាដើម ក៏ដូចជាជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់ប្រទេសទាំងពីរ ។

៥ ភាគីទាំងពីរគូសបញ្ជាក់ថា ការគាំពារសន្តិភាពនិងស្ថិរភាពនៅតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ាគឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននិងយូរអង្វែងរបស់ប្រជាជនក្នុងតំបន់ គាំទ្រប្រទេសក្នុងតំបន់បន្តដោះស្រាយវិវាទនិងការខ្វែងគំនិតតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ដើម្បីអនុវត្តយ៉ាងប្រាកដប្រជានូវគោលការណ៍មេត្រីភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងដោយគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស