ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ភាគីចិនមិនដែលអវត្តមានក្នុងការជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនដោយសន្តិវិធីនោះទេ
2024-06-01 15:27:08cri
Share with:

កាលពីថ្ងៃទី៣០ខែឧសភា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់បានចេញផ្សាយសេចក្តីថ្លែងការណ៍រួមរវាងចិននិងអារ៉ាប់ស្ដីពីបញ្ហាប៉ាឡេស្ទីន ដោយបញ្ចេញសំឡេងយុត្តិធម៌ដែលជំរុញការបញ្ចប់ការប៉ះទង្គិចនៅតំបន់កាហ្សាក្នុងពេលឆាប់ៗនិងជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែង ។

 សង្រ្គាមមិនត្រូវអូសបន្លាយដោយគ្មានពេលកំណត់ទេ ភាពសច្ចយុត្តិធម៌ត្រូវតែស្ថិតមាន ហើយដំណោះស្រាយរដ្ឋពីរក៏កាន់តែមិនត្រូវរង្គោះរង្គើតាមទំនើងចិត្តដែរ  ការបង្ហាញឥរិយាបថរបស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងសុន្ទរកថាគន្លឹះក្នុងពិធីបើកកិច្ចប្រជុំលើកនេះបាននាំឱ្យមានប្រតិកម្មដូចគ្នាយ៉ាងទូលំទូលាយ ។

ក្នុងសេចក្តីថ្លែងការណ៍រួមដែលកិច្ចប្រជុំលើកនេះបានអនុម័ត ភាគីទាំងពីរបានថ្កោលទោសចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីន ទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ចេញសេចក្តីសម្រេចចិត្តដែលមានកម្លាំងរឹតត្បិត ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយនិងជានិរន្តរភាពភ្លាមៗ បញ្ឈប់ការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំ ក៏ដូចជាធានាឱ្យសម្ភារៈជួយសង្គ្រោះត្រូវបានដឹកជញ្ជូនទៅដល់តំបន់កាហ្សាទាំងមូល ។ ភាគីទាំងពីរបានរំលឹកឡើងវិញថា ដំណោះស្រាយរដ្ឋពីរជាច្រកចេញជាក់ស្តែងតែមួយគត់សម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន ។ នេះបានបង្ហាញពីគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិ ។

បើមើលពីពេលថ្មីៗកន្លងទៅនេះ ភារកិច្ចបន្ទាន់បំផុតគឺអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តឈប់បាញ់គ្នាដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័ត ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នាភ្លាមៗរវាងភាគីទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល ផ្តោតសំខាន់ទៅលើការបន្ធូរបន្ថយវិបត្តិមនុស្សធម៌ ព្រមទាំងបង្ការកុំឱ្យការប៉ះទង្គិចរីករាលដាលទៅខាងក្រៅនិងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពនៃមជ្ឈិមបូព៌ា ។ បើមើលពីរយៈពេលវែងឆ្ងាយ ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីបង្កើតប្រទេសប៉ាឡេស្ទីនដ៏ឯករាជ្យដែលមានអធិបតេយ្យភាពពេញលេញដោយចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ១៩៦៧ជាមូលដ្ឋាន និងក្រុងហ្សេរុយហ្សាឡិមខាងកើតជារដ្ឋធានីក្នុងពេលឆាប់ៗ ។ មានតែសម្រេចបាននូវ ដំណោះស្រាយរដ្ឋពីរដ៏ពិតប្រាកដ នោះ សេចក្តីប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីនទើបអាចសម្រេចបាន សន្តិសុខរបស់អ៊ីស្រាអែលទើបអាចទទួលបានការធានាជាមូលដ្ឋាន ហើយតំបន់មជ្ឈិមបូព៌ាទើបអាចសម្រេចបាននូវសន្តិភាពដ៏ពិតប្រាកដ ។

អ្វីដែលគួរតែលើកឡើងនោះគឺ អស់កាលជាយូរមកហើយ បញ្ហាប៉ាឡេស្ទីននៅតែមិនបានដោះស្រាយ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការរារាំងនិងបំផ្លិចបំផ្លាញរបស់ប្រទេសប៉ែកខាងលិចមួយចំនួនតូចដូចជាសហរដ្ឋអាមេរិកជាដើម ។ ដោយមកពីតម្រូវការខាងនយោបាយក្នុងស្រុកនិងការគិតពិចារណាពីយុទ្ធសាស្ត្រសកល ភាគីអាមេរិកលំអៀងទៅគាំទ្រអ៊ីស្រាអែល ដែលបដិសេធជាច្រើនលើកនូវសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការឈប់បាញ់គ្នារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលនៃក្រុមប្រឹក្សាសន្តិសុខ ហើយផ្តល់ជំនួយយោធាជាច្រើនដល់ភាគីអ៊ីស្រាអែល ដែលបណ្តាលឱ្យដំណើរសន្តិភាពមជ្ឈិមបូព៌ាប្រាសចាសពីមាគ៌ាដ៏ត្រឹមត្រូវ ។

បច្ចុប្បន្ននេះ ស្ថានការណ៍តំបន់កាហ្សាមានភាពអាប់អួខ្លាំងណាស់ ស្នូរសំរែកគាំទ្រប៉ាឡេស្ទីននិងទាមទារឱ្យឈប់បាញ់គ្នានៃសហគមន៍អន្តរជាតិកាន់តែលាន់ឮខ្ទរខ្ទាពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅដើមខែឧសភា កិច្ចប្រជុំវិសាមញ្ញជាបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ដោយរំលឹកឡើងវិញថា ប្រជាជនប៉ាឡេស្ទីនមានសិទ្ធិសម្រេចដោយខ្លួនឯងដែលបូករួមទាំងការបង្កើតប្រទេសដោយឯករាជ្យ ហើយស្នើឱ្យក្រុមប្រឹក្សាសន្តិសុខពិនិត្យពិភាក្សាជាថ្មីឡើងវិញនូវសេចក្តីស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន ។ បច្ចុប្បន្ននេះ ប្រទេសចំនួនបីគឺ ន័រវែស អៀរឡង់និងអេស្ប៉ាញបានប្រកាសទទួលស្គាល់ប្រទេសប៉ាឡេស្ទីនជាបន្តបន្ទាប់ គិតមកទល់បច្ចុប្បន្ននេះ មានប្រទេសជិត១៥០លើពិភពលោកបានទទួលស្គាល់ប្រទេសប៉ាឡេស្ទីនហើយ ។ នេះបានបង្ហាញពីបំណងរួមនិងភាពសច្ចយុត្តិធម៌នៃសហគមន៍អន្តរជាតិ ។

ក្នុងនាមជាប្រទេសធំដែលទទួលខុសត្រូវ ប្រទេសចិននឹងបន្តឈរនៅជាមួយប្រទេសអារ៉ាប់យ៉ាងមុតមាំ ប្រកាន់ខ្ជាប់ភាពសច្ចយុត្តិធម៌ ដើម្បីជំរុញការឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌជាបន្ទាន់រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលក្នុងពេលឆាប់ៗ ជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែងក្នុងពេលឆាប់ៗ ក៏ដូចជានាំឱ្យមជ្ឈិមបូព៌ាដែលរងផលប៉ះពាល់ពីសង្គ្រាមរ៉ាំរ៉ៃទទួលបានសន្តិភាពដ៏ពិតប្រាកដ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស