ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការអភិរក្សជីវចម្រុះដែលជាទ្រព្យសម្បត្តិសកល
2024-05-29 17:14:55cri
Share with:

ជីវចម្រុះគឺជាមូលដ្ឋាននៃការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្សជាតិ។ វាបានផ្តល់ផលប្រយោជន៍ឥតគណនាដល់មនុស្សជាតិ ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច និងវប្បធម៌។ ទោះជាយ៉ាងនេះក្តី ផលប៉ះពាល់បណ្តាលមកពីការបាត់បង់ និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យជីវចម្រុះដែលជាទ្រព្យសម្បត្តិសកលរបស់មនុស្សជាតិ ប្រឈមការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។

ក្នុងនាមជាប្រទេសសម្បូរដោយជីវចម្រុះច្រើនជាងគេមួយនៅលើពិភពលោក ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិរក្សជីវៈចម្រុះ ដោយបានចុះហត្ថលេខា និងអនុម័ត លើអនុសញ្ញាស្តីពីភាពចម្រុះជីវសាស្ត្រ ក្នុងឆ្នាំ១៩៩៣។ ប្រទេសចិនបានផ្តល់អាទិភាពកាន់តែខ្ពស់ដល់ការអភិវឌ្ឍអេកូឡូស៊ីបរិស្ថាន និងការអភិវឌ្ឍបៃតង បន្ទាប់ពីការចូលកាន់តំណែងជាប្រធានរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅឆ្នាំ២០១៣។ ដើរតាមគោលការណ៍ដឹកនាំតាមបែបវិទ្យាសាស្រ្តនៃទស្សនៈវិជ្ជា ស៊ី ជីនពីង ស្តីពីអរិយធម៌អេកូឡូស៊ី រដ្ឋាភិបាលចិនបានបង្កើតនូវគំរូថ្មីនៃការអភិរក្សជីវៈចម្រុះ ជាមួយនឹងការកែលម្អប្រព័ន្ធច្បាប់ យន្តការត្រួតពិនិត្យ និងសមត្ថភាពគ្រប់គ្រងសម្រាប់ការអភិរក្សអេកូឡូស៊ី ដែលជាការចាប់ផ្ដើមនៃយុគសម័យថ្មី សម្រាប់ការអភិរក្សជីវចម្រុះនៅក្នុងប្រទេសចិន។

ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានតាក់តែង និងកែសម្រួលច្បាប់ និងបទប្បញ្ញត្តិជាង ២០ ពាក់ព័ន្ធនឹងការអភិរក្សជីវចម្រុះ រួមទាំងច្បាប់ស្តីពីព្រៃឈើ ជលផល សត្វព្រៃ ទន្លេយ៉ាងសេ និងសន្តិសុខជីវសាស្ត្រ ហើយបានអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពស្តីពីការអភិរក្សជីវចម្រុះជាតិ ឆ្នាំ២០១១-២០៣០។ យោងតាមបទសម្ភាសន៍ជាមួយរដ្ឋមន្ត្រីអេកូឡូស៊ី និងបរិស្ថានចិន គិតត្រឹមចុងឆ្នាំ២០២២ ប្រទេសចិនបានសាងសង់ឧទ្យានជាតិ ០៥កន្លែង សួនរុក្ខសាស្ត្រជិត ២០០កន្លែង និងមជ្ឈមណ្ឌលស្តារ និងបង្កាត់ពូជសត្វព្រៃ ២៥០កន្លែង ហើយបានបង្កើតតំបន់អភិរក្សជីវចម្រុះគ្រប់ប្រភេទ និងគ្រប់កម្រិតជិត ១ម៉ឺនកន្លែង ស្មើនឹង ១៨% នៃផ្ទៃដីសរុបរបស់ចិន។

កិច្ចប្រឹងប្រែងក្នុងបុព្វហេតុការអភិរក្សជីវចម្រុះ បានធ្វើឱ្យប្រទេសចិនទទួលបានសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើន។ តួយ៉ាង សត្វខ្លាឃ្មុំផេនដាយក្ស ដែលធ្លាប់ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ "ជិតផុតពូជ" និងមានចំនួនត្រឹមជាង ១ ពាន់ក្បាល ក្នុងឆ្នាំ ១៩៨០ បានកើនឡើងដល់ជិត ២ ពាន់ក្បាល ក្នុងឆ្នាំ ២០២៣ ហើយត្រូវបានទម្លាក់ចំណាត់ថ្នាក់មកត្រឹមជាប្រភេទសត្វ "ងាយរងគ្រោះ"។ រុក្ខជាតិជាង ២,៣ ម៉ឺនប្រភេទត្រូវបានអភិរក្ស ហើយរុក្ខជាតិព្រៃកម្រ និងជិតផុតពូជ ១១២ ប្រភេទត្រូវបានស្ដារឡើងវិញជាជម្រកធម្មជាតិ។ សត្វព្រៃកម្រ និងជិតផុតពូជជាង ៦០ ប្រភេទត្រូវបានបង្កាត់ពូជឡើងវិញដោយជោគជ័យ។ សមិទ្ធផលទាំងនេះបង្ហាញយ៉ាងច្បាស់ពីការអភិរក្សជីវចម្រុះដោយជោគជ័យរបស់រដ្ឋាភិបាលចិន។

ក្រៅពីនេះ ប្រទេសចិនក៏បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិរក្សជីវចម្រុះ។ ផ្អែកតាមសៀវភៅសស្តីពីការអភិរក្សជីវចម្រុះ ដែលចេញផ្សាយក្នុងឆ្នាំ២០២១ ប្រទេសចិនបានបង្កើតសម្ព័ន្ធអភិវឌ្ឍបៃតងអន្តរជាតិខ្សែក្រវាត់ និងផ្លូវជាមួយដៃគូអន្តរជាតិមកពី ៤០ ប្រទេស  ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការអភិរក្សជីវចម្រុះ អភិបាលកិច្ចការប្រែប្រួលអាកាសធាតុសកល និងបរិវត្តកម្មបៃតង ព្រមទាំងដាក់ចេញកម្មវិធីបេសកជនពិសេសផ្លូវសូត្របៃតង ដើម្បីរួមគ្នាកសាងសមត្ថភាពការពារបរិស្ថានជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ។ ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ប្រទេសចិនបានគាំទ្រប្រទេសកំពុងអភិវឌ្ឍជាង ៨០ ក្នុងការអភិរក្សជីវចម្រុះ រួមមានការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គ និងមជ្ឈមណ្ឌលសហប្រតិបត្តិ ការបរិស្ថានចិន-អាស៊ាន ហើយបានបង្កើត និងអនុវត្តគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការមួយចំនួនជាមួយប្រទេសសមាជិកអាស៊ានដូចជា () ផែនការសហប្រតិបត្តិការចិន-អាស៊ាន ស្តីពីការអភិរក្សជីវៈចម្រុះ និងអេកូឡូស៊ី () កម្មវិធីបរិស្ថានស្នូល និង () គំនិតផ្តួចផ្តើមច្រករបៀងអភិរក្សជីវចម្រុះក្នុងមហាអនុតំបន់ទន្លេមេគង្គ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ COP15 តាមវីដេអូ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១  ឯកឧត្តម ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដោះស្រាយផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្មមកលើបរិស្ថាន បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិបៃតង និង បានប្រកាសបង្កើតមូលនិធិជីវចម្រុះគុនមិញ ដោយផ្តល់មូលនិធិប្រមាណ ១,៥ ពាន់លានយ័ន ដើម្បីគាំទ្រការអភិរក្សជីវចម្រុះក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនាមជាប្រធានសន្និសីទជីវចម្រុះអង្គការសហប្រជាជាតិ ប្រទេសចិនក៏បានសហការជាមួយតំណាងរដ្ឋាភិបាលជិត ២០០ ដាក់ចេញនូវក្របខណ្ឌជីវចម្រុះសកលគុនមិញ-ម៉ុងរ៉េអាល់ ដើម្បីលើកកម្ពស់ការដោះស្រាយ ការបាត់បង់ជីវចម្រុះ និងការស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។ ក្នុងស្មារតីនៃការអនុវត្តក្របខណ្ឌជីវចម្រុះសកលគុនមិញ-ម៉ុងរ៉េអាល់ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ប្រទេសចិនបានប្រារព្ធទិវាអន្តរជាតិសម្រាប់ជីវចម្រុះក្រោមប្រធានបទ ក្លាយជាផ្នែកមួយនៃផែនការដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការអភិរក្សជីវចម្រុះ។

សរុបមក ប្រទេសចិនបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិរក្សជីវចម្រុះដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានរបស់សកលលោក។ កិច្ចប្រឹងប្រែងរបស់ចិនទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបាននាពេលកន្លងមក មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងជំរុញថ្មី ដល់ការលើកកម្ពស់សន្តិសហវិជ្ជមានរវាងមនុស្សជាតិ និងធម្មជាតិនោះទេ តែថែមទាំងបានបើកឱកាសថ្មីៗសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីចូលរួមកសាងសហគមន៍សកលវាសនារួម ហើយរួមគ្នាឈានទៅមុខឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

ដោយ ហ៊ូ ចំរើន

អ្នកបកប្រែ:李庆莉
ប្លុកពិសេស