ពេលថ្មីៗនេះ "អង្គការសង្គមស៊ីវិល"មួយរបស់ប្រទេសហ្វីលីពីន បានលេងកលល្បិចនយោបាយនៃការបំពានចូលដែនសមុទ្រកោះHuangyanរបស់ប្រទេសចិនយ៉ាងគឈ្លើន។នាវាជាច្រើនរបស់អង្គការនេះបានប្រមូលផ្ដុំគ្នាដោយខុសច្បាប់នៅដែនសមុទ្រជិតកោះHuangyanរបស់ប្រទេសចិន ដើម្បីធ្វើសកម្មភាពដែលគ្មានពាក់ព័ន្ធនឹងការនេសាទជាប្រក្រតី។ក្នុងអំឡុងពេលប្រមូលផ្ដុំគ្នា នាវារបស់ភាគីហ្វីលីពីនថូតរូបគ្នាទៅវិញទៅមក បង្ហាញពីទង់របស់អង្គការខ្លួន និងរៀបចំអ្វីដែលហ្វីលីពីនហៅថា សកម្មភាព“បង្ហាញពីអធិបតេយ្យភាព”។ព្រមពេលជាមួយគ្នានេះ អង្គការនេះក៏បានរៀបចំចាត់ចែងឱ្យបុគ្គលិករបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថតរូបនិងវីដេអូ ហើយមាននាវាអាជ្ញាធរហ្វីលីពីនបានអមដំណើរនាវាចរណ៍។ឆ្មាំសមុទ្រចិនបានអនុវត្តតាមផ្លូវច្បាប់នូវការគ្រប់គ្រងនៅនឹងកន្លែងចំពោះនាវាហ្វីលីពីនដែលប្រមូលផ្ដុំគ្នាដោយខុសច្បាប់។
ចាប់ពីចូលឆ្នាំនេះមក រដ្ឋាភិបាលលោក Marcosនៃប្រទេសហ្វីលីពីនបានបង្កហេតុលើដែនសមុទ្រកោះHuangyanជាបន្តបន្ទាប់។ ភាគីហ្វីលីពីនបានរៀបចំអ្វីដែលហៅថា"នាវាសង្គមស៊ីវិល"ជាច្រើន មកបំពានចូលដែនសមុទ្រកោះHuangyanលើកនេះ មិនត្រឹមតែប៉ុនប៉ងសម្រេចបាននូវអ្វីដែលហៅថា"វត្តមាន"របស់ខ្លួននៅដែនសមុទ្រកោះHuangyanប៉ុណ្ណោះទេ ថែមទាំងក៏ចង់មួលបង្កាច់រូបភាពរបស់ប្រទេសចិននៅលើឆាកមតិអន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់ការយល់ដឹងដ៏ត្រឹមត្រូវរបស់សហគមន៍អន្តរជាតិ តាមរយៈមធ្យោបាយ"ថតរូប"និង"ធ្វើការសម្ដែងឱ្យគេមើល"បែបនេះ។
កម្មសិទ្ធិរបស់កោះHuangyanគឺច្បាស់លាស់ណាស់។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើកោះHuangyanនិងដែនសមុទ្រនៅក្បែរនោះ។ ដោយមានបំណងល្អ នៅឆ្នាំ២០១៦ ភាគីចិនបានធ្វើការរៀបចំចាត់ចែងពាក់ព័ន្ធសម្រាប់សកម្មភាពនេសាទជាប្រក្រតីរបស់នាវានេសាទហ្វីលីពីនតូចៗមួយចំនួនតិចនៅដែនសមុទ្រជិតកោះHuangyan នៅក្រោមបុរេល័ក្ខខ័ណ្ឌដែលប្រទេសចិនបានអនុវត្តអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រង់ចំពោះលើកោះHuangyan។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ការរៀបចំចាត់ចែងដ៏ពិសេសបែបនេះបានដើរតួនាទីក្នុងកម្រិតមួយចំពោះការធានាជីវភាពរស់នៅរបស់អ្នកនេសាទហ្វីលីពីន ហើយបានដើរតួនាទីវិជ្ជមានក្នុងការបង្កើនទំនុកចិត្តដល់គ្នាទៅវិញទៅមករវាងចិននិងហ្វីលីពីន ក៏ដូចជាមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពនៅលើសមុទ្រផងដែរ។ប៉ុន្តែ បន្ទាប់ពីរដ្ឋាភិបាលលោកMarcos បានបង្កហេតុនិងបំពានចូលដែនសមុទ្រកោះHuangyanដោយឯកតោភាគី និងបំផ្លាញ“កិច្ចព្រមព្រៀងផ្ទាល់មាត់”ដោយឯកតោភាគី ការព្រមព្រៀងលើសមុទ្របែបនេះត្រូវបានបំផ្លាញរួចទៅហើយ។ សកម្មភាពបង្កហេតុរបស់ហ្វីលីពីនក៏ត្រូវបានប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនផងដែរ។ ភាគីហ្វីលីពីនបានប្រើប្រាស់នូវបំណងល្អរបស់ភាគីចិនតាមទំនើងចិត្ត រំលោភលើអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រង់ចំពោះនៃទឹកដីរបស់ចិន ហើយបានលាបពណ៌ចិនលើបញ្ហាដែលពាក់ព័ន្ធកោះHuangyanនិងសមុទ្រចិនខាងត្បូង ថាជាតួអាក្រក់។ ការដែលហ្វីលីពីនប៉ុនប៉ងដាក់សម្ពាធលើប្រទេសចិនតាមរយៈមតិអន្តរជាតិ គឺវាយតម្លៃទាបទាំងស្រុងចំពោះការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាពរបស់ខ្លួន។
អស់រយៈពេលជាយូរណាស់មកហើយ ប្រទេសចិនបានរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដែលបូករួមទាំងប្រទេសហ្វីលីពីនផងដែរ បានចុះហត្ថលេខាលើ《សេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង》 ជំរុញយ៉ាងមុតមាំនូវការពិគ្រោះយោបល់ស្តីពី“ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង”និងជំរុញឱ្យស្ថានភាពទូទៅនៅសមុទ្រចិនខាងត្បូងរក្សាបាននូវស្ថិរភាព។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីហ្វីលីពីនបានរំលោភកិច្ចព្រមព្រៀងនិងការយោគយល់គ្នាដែលឈានដល់ជាមួយភាគីចិន រំលោភស្មារតីនៃ《សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង》 រំលោភសិទ្ធិនិងបង្កហេតុជាញឹកញាប់ ក៏ដូចជាធ្វើឱ្យវិវាទកាន់តែស្រួចស្រាវ។ ភាគីហ្វីលីពីនក៏បានប្រើកម្លាំងខាងក្រៅមកបង្កហេតុ និងធ្វើឱ្យស្ថានភាពសមុទ្រចិនខាងត្បូងមានភាពកាន់តែតានតឹងថែមទៀត។ការរំលោភលើទំនុកចិត្តក្បត់ពាក្យសន្យា រំលោភសិទ្ធិនិងបង្កហេតុរបស់ភាគីហ្វីលីពីនមុខជានឹងបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងជាមិនខាន៕