ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែលនឹងចាប់ដំណើរការចរចាឡើងវិញជាមួយក្រុមហាម៉ាសនៅសប្តាហ៍ក្រោយ
2024-05-26 11:51:23cri
Share with:

ថ្ងៃទី២៥ ខែឧសភា  ប្រភពព័ត៌មានរបស់អ៊ីស្រាអែលបានប្រាប់អ្នកសារព័ត៌មានថា  អ៊ីស្រាអែលនឹងចាប់ដំណើរការចរចាឡើងវិញជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស (Hamas)នៅសប្តាហ៍ក្រោយស្តីពីសំណើថ្មីដែលលើកឡើងដោយអេហ្ស៊ីបនិងកាតា។

ប្រភពព័ត៌មានបាននិយាយថា លោក David Barnea នាយកទីភ្នាក់ងារចារកម្មនិងប្រតិបត្តិការពិសេស (Mossad) បានត្រលប់មកអ៊ីស្រាអែលវិញបន្ទាប់ពីបានជួបជាមួយលោក William Joseph Burns នាយក CIA អាមេរិកនិងព្រះអង្គ Mohammed bin Abdulrahman Al-Thani នាយករដ្ឋមន្ត្រីកាតានៅទីក្រុងប៉ារីសកាលពីថ្ងៃទី ២៥  ខែឧសភា។ លោកទាំង៣នាក់បានសម្រេចចិត្តក្នុងអំឡុងពេលកិច្ចប្រជុំថា  នឹងចាប់ដំណើរការចរចានៅសប្តាហ៍ក្រោយដោយមានការលើកសំណើថ្មីពីប្រទេសអេហ្ស៊ីបនិងកាតា។

ក្រៅពីនេះយោងតាមរបាយការណ៍របស់បណ្តាញព័ត៌មាន Wallha របស់អ៊ីស្រាអែលកាលពីថ្ងៃទី ២៥ ខែឧសភាបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលមួយរូបបាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីសដែលពោលដូចខាងលើថា  បានសម្រេចចិត្តធ្វើការចរចាឡើងវិញនៅសប្តាហ៍ក្រោយស្តីពីការផ្លាស់ប្តូរអ្នកជាប់ឃុំផងដែរ។

សូមជម្រាបថាចាប់តាំងពីជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផ្ទុះឡើងមានរយៈពេល ជាង៧ខែកន្លងមក អ៊ីស្រាអែលនិងក្រុមហាម៉ាសបានធ្វើការចរចាជាច្រើនជុំ។ប៉ន្តែបន្ទាប់ពីការឈប់បាញ់រយៈពេលខ្លីនិងការដោះលែងអ្នកជាប់ឃុំមួយចំនួនក្នុងខែវិច្ឆិកាឆ្នាំ២០២៣កន្លងមក ក៏គ្មានការវិវឌ្ឍថ្មីទេ ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស