ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ទុនបរទេសនាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបង្ហាញឱ្យឃើញនូវ"កម្លាំងទាក់ទាញថ្មី"នៃទីផ្សាររបស់ចិន
2024-05-13 17:58:05cri
Share with:

    យោងតាមទិន្នន័យថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញឱ្យឃើញថា នៅត្រីមាសទីមួយ ប្រទេសចិនបានបង្កើតសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន ១,២ ម៉ឺនសហគ្រាស បានកើនឡើង ២០,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ហើយទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ប្រទេសចិនមានចំនួនដល់ទៅ ៣ សែន ១ ពាន់ ៦ រយ ៧០ លានយាន់ប្រាក់ចិន ។ នៅត្រីមាសទីមួយ អនុបាតនៃការកៀរគរទុនបរទេសរបស់ឧស្សាហកម្មផលិតកម្មបច្ចេកវិទ្យាខ្ពស់មានចំនួន ១២,៥ ភាគរយ ដែលបានកើនឡើង ២,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចសម្គាល់ឃើញថា មូលហេតុសំខាន់នៅពីក្រោយ គឺ ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការកៀរគរទុនបរទេសមួយចំនួនរបស់ចិនកំពុងលេចឡើងជាសន្សឹមៗ ។

    មិនពិបាកឃើញថា ទោះបីជាកំណើនសេដ្ឋកិច្ចពិភពលោកបានបង្អង់ល្បឿននិងការវិនិយោគនៅបរទេសជាសកលបានធ្លាក់ចុះជាទូទៅក៏ដោយ ក៏ប៉ុន្តែប្រទេសចិននៅតែជាគោលដៅពេញនិយមសម្រាប់ការបណ្តាក់ទុនរបស់សហគ្រាសបរទេសដដែល ។

    ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ខែមេសា ឆ្នាំ ២០២៤ សន្និសីទស្តីពីការកៀរគរពាណិជ្ជករសកលលោកលើកទីមួយក្រុង Suzhou បានប្រារព្ធធ្វើដោយជោគជ័យ ។ ក្នុងចំណោមសហគ្រាសលំដាប់កំពូលទាំង ៥០០ លើពិភពលោកមានចំនួន ៤២៩ សហគ្រាសបានអញ្ជើញចូលរួមសន្និសីទនៅទីក្រុង Suzhou ហើយគម្រោងចំនួន ៣៦៧ ដែលមានទំហំវិនិយោគសរុបចំនួន ៣ សែន ៧ ម៉ឺន ១ ពាន់ ៦ រយ ៥០ លានយាន់ប្រាក់ចិនបានចុះកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ។

    លោក Homma Tetsuro អគ្គនាយករងនៃក្រុមហ៊ុន Panasonic Holding លីមីតធីតរបស់ជប៉ុនបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា "ទីផ្សាររបស់ចិនគឺជាទីផ្សារដ៏សំខាន់មួយក្នុងការបង្កើតរចនាសម្ព័ន្ធនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Panasonic ជាប់រហូមក "។ លោកបានចាត់ទុកទីក្រុង Suzhou ជាបង្អួចមួយសម្រាប់ការឈ្វេងយល់ពីសេដ្ឋកិច្ចចិន ព្រមពេលជាមួយគ្នានេះ លោកក៏បានមើលឃើញប្រទេសចិនដែលពោរពេញទៅដោយកាលានុវត្តភាព ។

    ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយរយៈពេលជាង ៤០ ឆ្នាំមក ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ជាប្រទេសឧស្សាហកម្មកម្មន្តសាលធំទីមួយនៅលើពិភពលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា ក៏ដូចជាបានរក្សាឋានៈជាប្រទេសពាណិជ្ជកម្មទំនិញធំទីមួយនៅលើពិភពលោកក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នាផងដែរ ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិនគឺជាចំណែកមួយដែលមិនអាចខ្វះបាន 

    ចាប់តាំងពីចូលដើមឆ្នាំនេះមក សហគ្រាសទុនបរទេសបានបន្តមានសុទិដ្ឋិនិយមចំពោះប្រទេសចិន ពោលគឺ នៅទីក្រុងប៉េកាំង ក្រុមហ៊ុនមូលបត្រ Standard Chartered ជាក្រុមហ៊ុនមូលបត្រដែលវិនិយោគដោយពាណិជ្ជករបរទេសបានធ្វើអាជីវកម្មជាផ្លូវការ នៅទីក្រុងសៀងហៃ ហាងលក់ផលិតផលអេឡិចត្រូនិករបស់ក្រុមហ៊ុន Apple ដែលជាហាងធំបំផុតរបស់ទ្វីបអាស៊ីបានដំណើរការជាផ្លូវការ នៅទីក្រុង Zhangzhou ខេត្ត Fujian វិស្វកម្មសំខាន់នៃគម្រោងអេទីឡែន Gulei រវាងប្រទេសចិននិងអារ៉ាប៊ីសាអូឌីតដែលមានទំហំវិនិយោគសរុបប្រហែល ៤៤,៨ ពាន់លានយាន់ប្រាក់ចិនបានចាប់ផ្តើមសាងសង់ដោយគ្រប់ជ្រុងជ្រោយ ។ល។ នៅពីក្រោយការបណ្តាក់ទុនយ៉ាងស៊ីជម្រៅនៅចិននិងទទួលបានជោគជ័យនៅចិនគឺជាការផ្តល់"សំឡេងគាំទ្រ"របស់សហគ្រាសឆ្លងប្រទេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនប្រកបដោយនិរន្តរភាពនិងភាពល្អបរិសុទ្ធ ។

    អ៊ីចឹង ហេតុអ្វីបានជាសហគ្រាសទុនបរទេសបាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ?

    តាមលទ្ធផលនៃការស្ទង់មតិដែលប្រកាសដោយក្រុមហ៊ុន HSBC របស់អង់គ្លេសនាពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា សហគ្រាសទុនបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួន ៨៧ ភាគរយបានថ្លែងថា ពួកគេនឹងពង្រីកគម្រោងអាជីវកម្មរបស់ខ្លួននៅប្រទេសចិន ។ មូលហេតុគឺរួមមាន៖សេដ្ឋកិច្ចចិនបាននិងកំពុងស្តារឡើងវិញជាបន្តបន្ទាប់ ឧត្តមភាពនៃទីផ្សារដ៏ធំធេងរបស់ចិននិងខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាដើម ។ សហគ្រាសទុនបរទេសដែលចូលរួមផ្តល់បទសម្ភាសន៍យល់ឃើញថា ឧត្តមភាពនៃឧស្សាហកម្មកម្មន្ដសាល ទំហំទីផ្សារប្រើប្រាស់ សេដ្ឋកិច្ចឌីជីថលនិងកាលានុវត្តភាពក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេសចិនសុទ្ធតែជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញឱ្យពួកគេពង្រីកគម្រោងអាជីវកម្មនៅប្រទេសចិន ។

    នៅពេលមុននេះមិនជាយូរប៉ុន្មាន ក្រុមហ៊ុន Kearney ដែលជាក្រុមហ៊ុនគ្រប់គ្រងនិងប្រឹក្សាយោបល់ដ៏ល្បីល្បាញលើពិភពលោកបានចេញផ្សាយរបាយការណ៍ស្តីពីសន្ទស្សន៍ជំនឿចិត្តក្នុងការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេសសកលឆ្នាំ ២០២៤ ដោយបង្ហាញថា ចំណាត់ថ្នាក់របស់ចិនបានកើនឡើងពីលេខរៀងទី ៧ កាលពីឆ្នាំមុនដល់ទី ៣ ឆ្នាំនេះ ឯចំណាត់ថ្នាក់ពិសេសក្នុងចំណោមទីផ្សារងើបឡើងថ្មី ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ១ ។

    អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រុមហ៊ុន SMC លីមីតធីតបានប្រាប់អ្នកសារព័ត៌មានថា "ទំហំវិនិយោគសរុបរបស់ពួកយើងបានកើនឡើងពី ២ ពាន់លានយ៉េនជប៉ុននៅពេលដំបូងដល់ ៤៨ ពាន់លានយ៉េនជប៉ុន ហើយតម្លៃផលិតកម្មសរុបខាងឧស្សាហកម្មប្រចាំឆ្នាំប្រហែល ១០ លានយាន់ប្រាក់ចិន "។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន SMC បានបង្កើតរោងចក្រទំនើបចំនួន ៤ និងមជ្ឈមណ្ឌលចរាចរណ៍ទំនិញចំនួន ៣ នៅតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចនៃក្រុងប៉េកាំងនិងទីតាំងសន្និធិគយបណ្តោះអាសន្នចម្រុះ Tianzhu នៃក្រងប៉េកាំងដោយឡែកពីគ្នា ហើយផលិតផលរបស់ពួកគេត្រូវបានលក់ដោយផ្ទាល់ទៅកាន់ប្រទេសនិងតំបន់ចំនួនជាង ៨០ នៅទូទាំងពិភពលោក ។

    ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រស្តីពីការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ឈ្នះ-ឈ្នះនិងបើកទូលាយ ជំរុញយ៉ាងសកម្មនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ស្វាគមន៍សហគ្រាសនៃបណ្តាប្រទេសនានាមកវិនិយោគនិងប្រកបអាជីវកម្មនៅប្រទេសចិនដើម្បីធ្វើឱ្យខ្លួនឯងទទួលការអភិវឌ្ឍនិងផ្តល់ផលប្រយោជន៍ដល់ពិភពលោកតាមរយៈការបើកចំហនិងកិច្ចសហប្រតិបត្តិការ ។

    ការជ្រើសរើសទីផ្សារចិនបានធ្វើឱ្យទុនបរទេសទទួលបានប្រាក់ចំណេញដ៏ច្រើនលើសលប់ ។ អត្រាទទួលប្រាក់ចំណេញនៃការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ប្រហែលជា ៩ ភាគរយដែលស្ថិតក្នុងចំណាត់ថ្នាក់នាំមុខគេលើពិភពលោក ។ របាយការណ៍ថ្មីបំផុតដែលប្រកាសដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា សហគ្រាសទុនបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនជិត ៧០ ភាគរយមានសុទិដ្ឋិនិយមចំពោះសភាពការណ៍ទីផ្សាររបស់ចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ចំណែកឯសហគ្រាសទុនបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ចំនួនលើសពី ៩០ ភាគរយប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ អត្រាប្រាក់ចំណេញនៃគម្រោងវិនិយោគនៅប្រទេសចិននឹងស្មើគ្នាឬមានការកើនឡើង ។ អ្នកវិភាគបានលើកឡើងថា ទន្ទឹមនឹងគោលនយោបាយពាក់ព័ន្ធរបស់ប្រទេសចិនត្រូវបានដាក់ចេញជាបន្តបន្ទាប់ ទំហំកៀរគរទុនបរទេសនិងអនុបាតសកលនៅពេលអនាគតនឹងមានការកើនឡើងកាន់តែខ្លាំងដែលនឹងពង្រឹងថែមមួយកម្រិតទៀតនូវជំនឿចិត្តរបស់ទុនបរទេសក្នុងការបន្តធ្វើអាជីវកម្មរយៈពេលយូរនៅប្រទេសចិន ។

    នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន BMW បានប្រកាសថា គ្រោងនឹងបង្កើនការវិនិយោគចំនួន ២០ ពាន់លានយាន់ប្រាក់ចិនចំពោះមូលដ្ឋានផលិតកម្ម Shenyang របស់ខ្លួន ។ លោក Oliver Zipse ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW បានថ្លែងថា ទីផ្សារប្រើប្រាស់ដ៏ទូលំទូលាយរបស់ប្រទេសចិនបាននាំមកនូវលំហអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់ពួកយើង ។ ផែនការវិនិយោគនេះបានរំលេចថែមមួយកម្រិតទៀតនូវឋានៈដ៏សំខាន់របស់ប្រទេសចិនក្នុងគម្រោងរបស់ក្រុមហ៊ុន BMW ស្តីពីការឆ្ពោះទៅរកអនាគតនៃរថយន្តឆ្លាតវៃដែលតភ្ជាប់ជាមួយបណ្តាញអ៊ីនធឺណែត ។ ពួកយើងពោរពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍនៅពេលអនាគត ។

    សហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅបណ្តាក់ទុននិងចាក់ឫសនៅក្នុងប្រទេសចិន វាមានន័យយ៉ាងដូចម្ត៉េច ? ប្រការនេះបានបញ្ជាក់ថា សេដ្ឋកិច្ចចិនបានស្តារឡើងវិញនិងមាននិន្នាការកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ដែលបានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាគោលដៅដ៏មានប្រជាប្រិយភាពសម្រាប់ការវិនិយោគរបស់ពិភពលោក ហើយក៏បានបញ្ជាក់ទៀតដែរថា "ប្រទេសចិនបន្ទាប់ទៀតនៅតែជាប្រទេសចិនដដែល "។

    ពេលថ្មីៗនេះ យោងតាមទិន្នន័យស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញថា ៤ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលទំនិញរបស់ចិនមានចំនួន ១៣,៨១ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ៥,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ៤ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលបានបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នានៃប្រវត្តិសាស្ត្រ ហើយនិន្នាការល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងថែមមួយកម្រិតទៀត ។

    ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសចិនដែលកំពុងអភិវឌ្ឍជានិរន្តរភាពនិងកាន់តែបើកទូលាយមុខជានឹងនាំមកនូវកម្លាំងចលករថ្មីនិងឱកាសថ្មីសម្រាប់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួនជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស