ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ប្រឈមមុខនឹងរយៈពេល៦០ឆ្នាំបន្ទាប់ទៀត ទំនាក់ទំនងរវាងចិននិងបារាំងមុខជានឹងពោរពេញទៅដោយភាពរស់រវើកនិងភាពរុងរឿងថ្កុំថ្កើងជាក់ជាមិនខាន
2024-05-08 10:20:42cri
Share with:

       ប្រមុខរដ្ឋចិននិងបារាំង បានផ្តល់ភ្លើងគប់នៃការប្រកួតកីឡាអូឡាំពិកដល់គ្នាទៅវិញទៅមក  ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមចំនួន៤ច្បាប់ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនជិត២០ច្បាប់ក្នុងវិស័យអភិវឌ្ឍន៍បៃតងអាកាសចរណ៍  ចំណីអាហារផ្នែកកសិកម្ម  ធុរកិច្ចនិងផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម។ល។ ថ្ងៃទី៦ខែឧសភាតាមម៉ោងក្នុងតំបន់   លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើកិច្ចពិភាក្សាជាមួយលោកMacronប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស  ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាមួយចំនួន។លោកMacronបានលើកឡើងថា  ពិភពលោកនាពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការសាកល្បងសំខាន់ៗ  ហើយប្រទេសបារាំងនិងសហភាពអឺរ៉ុបកាន់តែត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនជាងពេលណាៗទាំងអស់ រឿងនេះវាជាប់ពាក់ព័ន្ធនឹងអនាគតរបស់អឺរ៉ុប។

      ឆ្នាំនេះគឺជាខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង។លោកXi Jinpingប្រធានរដ្ឋចិនបានជ្រើសរើសប្រទេសបារាំងជាប្រទេសដំបូងគេក្នុងដំណើរទស្សនកិច្ចនៅឆ្នាំនេះ  ដែលអាចបង្ហាញថា  ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងចិននិងបារាំង។ ប្រទេសបារាំងគឺជាមហាអំណាចលោកខាងលិចដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិនថ្មី   មជ្ឈមណ្ឌលវប្បធម៌ដំបូងគេដែលចិនបានបង្កើតឡើងនៅប្រទេសលោកខាងលិច គឺមានទីតាំងនៅទីក្រុងប៉ារីស។ល។  រយៈពេល៦០ឆ្នាំកន្លងមក   ការប្រាស្រ័យទាក់ទងរវាងចិននិងបារាំងបានបញ្ជាក់យ៉ាងពេញលេញថា  ប្រទេសដែលមានប្រព័ន្ធរបបសង្គមខុសៗគ្នាអាចរួមរស់នៅជាមួយគ្នាដោយសន្តិភាព ក៏ដូចជាអាចធ្វើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះទាំងស្រុង។

      តើយើងនឹងគ្រោងផែនការអំពីកិច្ចសហប្រតិបត្តិការរវាងចិននិងបារាំងក្នុងរយៈពេល៦០ឆ្នាំបន្ទាប់ទៀតយ៉ាងដូចម្ត៉េច? បើមើលពីវិស័យនយោបាយ   ចិននិងបារាំងគ្មានទំនាស់ផ្នែកភូមិសាស្ត្រនយោបាយទេ  ហើយក៏គ្មានការប៉ះទង្គិចផ្នែកផលប្រយោជន៍ជាសារវន្តដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានរំលឹកឡើងវិញថា  នឹងគោរពផលប្រយោជន៍ស្នូលគ្នាទៅវិញទៅមកហើយធ្វើការប្រាស្រ័យទាក់ទងនិងធ្វើកិច្ចសម្របសម្រួលគោលជំហរនិងគោលនយោបាយឱ្យទាន់ពេលវេលា។ នេះបានបញ្ចេញសញ្ញាវិជ្ជមានដែលការកសាងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។

      កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម  គឺជាក្បាលម៉ាស៊ីនចលករនៃទំនាក់ទំនងរវាងចិននិងបារាំង។  ភាគីទាំងពីរមិនត្រឹមតែមានកិច្ចសហប្រតិបត្តិការ"ពីកសិដ្ឋានបារាំងដល់តុអាហារចិន"ប៉ុណ្ណោះទេ  ថែមទាំងក៏មានកិច្ចសហប្រតិបត្តិការផ្នែកគម្រោងខ្នាតធំដូចជាស្ថានីយអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរឈូងសមុទ្រDaya និងខ្សែដំឡើងយន្តហោះA320នៃក្រុមហ៊ុនAirbusនៅទីក្រុងធានជីនផងដែរ។ ពេលបច្ចុប្បន្ននេះនៅខាងក្រៅសហភាពអឺរ៉ុប ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំទីមួយរបស់ប្រទេសបារាំង  ហើយប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិននៅក្នុងសហភាពអឺរ៉ុប។មានសហគ្រាសបារាំងចំនួនជាង២ពាន់បាននិងកំពុងប្រកបអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារចិន។

      ក្នុងដំណើរទស្សនកិច្ចលើកនេះ  លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា  ភាគីចិនរីករាយនាំចូលផលិតផលដ៏មានគុណភាពល្អរបស់បារាំងឱ្យកាន់តែច្រើន   ហើយសង្ឃឹមថា ប្រទេសបារាំងនឹងនាំចេញផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់និងតម្លៃបន្ថែមខ្ពស់ឱ្យកាន់តែច្រើនទៅកាន់ប្រទេសចិន។ភាគីចិនសន្យាថា  នឹងពង្រីកការបើកចំហ  និងស្វាគមន៍សហគ្រាសបារាំងកាន់តែច្រើនមកវិនិយោគនៅប្រទេសចិន ក៏ដូចជាចូលរួមក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិន។  លោកMacronប្រធានាធិបតីបារាំងបានលើកឡើងថា  នឹងមិនដាក់ចេញគោលនយោបាយដែលមានលក្ខណៈរើសអើងចំពោះសហគ្រាសចិនទេ ហើយស្វាគមន៍សហគ្រាសចិន ដែលបូករួមទាំងសហគ្រាសបច្ចេកវិទ្យាខ្ពស់កាន់តែច្រើន  ទៅវិនិយោគទុននិងធ្វើកិច្ចសហប្រតិបត្តិការនៅប្រទេសបារាំង។

      ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសបារាំងលើកនេះ  ភាគីចិនបានលើកឡើងថានឹងគាំទ្រប្រទេសបារាំងក្នុងការរៀបចំឱ្យបានល្អនូវការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បន្តរៀបចំឱ្យបានល្អនូវសកម្មភាពផ្សេងៗនៃឆ្នាំវប្បធម៌និងទេសចរណ៍ចិន-បារាំង  ជំរុញការងាររួមគ្នាអភិរក្សនិងជួសជុលបុរាណវត្ថុ    ពន្យារពេលគោលនយោបាយលើកលែងទិដ្ឋការក្នុងរយៈពេលខ្លីនៃប្រជាពលរដ្ឋនៃប្រទេសចំនួន១២ដែលបូករួមទាំងប្រទេសបារាំងផងរហូតដល់ចុងឆ្នាំ២០២៥  និងជំរុញចំនួននិស្សិតបារាំងដែលមកបន្តការសិក្សានៅប្រទេសចិនឱ្យលើសពី១ម៉ឺននាក់ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ល។  វិធានការទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិននិងបារាំង ក៏ដូចជានិងរឹតចំណងមេត្រីភាពរវាងចិននិងបារាំងបន្ថែមទៀត។

      ប្រឈមមុខនឹង៦០ឆ្នាំបន្ទាប់ទៀត   ប្រទេសចិននឹងបន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត។ នេះនឹងមិនត្រឹមតែនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ  ថែមទាំងក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោកផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស