ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ចិននិងបារាំងនឹងចាប់ដៃគ្នាចេញដំណើរថ្មី ដើម្បីបំពេញបន្ថែមក្តីរំពឹងទុកដល់សកលលោកដែលមានភាពមិនប្រាកប្រជា
2024-05-08 14:56:43cri
Share with:

ថ្ងៃទី ៦ ខែឧសភាព តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ភាគីទាំងពីរចិននិងបារាំងបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់ចិននិងបារាំងស្តីពីស្ថានការណ៍មជ្ឈបូព៌ា» ភាគីទាំងពីរបានមូលមតិជាឯកច្ឆន្ទនិងបញ្ចេញសំឡេងរួមអំពីបញ្ហាជាបន្ទាន់នៅមជ្ឈិមបូព៌ា ដូចជាការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់និងវិបត្តិសមុទ្រក្រហមជាដើម ។ សេចក្តីថ្លែងការណ៍នេះបានចេញផ្សាយនៅពេលវេលាជាគន្លឹះ និងមានខ្លឹមសារដ៏សំបូរបែប  ដែលបានបង្ហាញឱ្យឃើញនូវសតិសម្បជញ្ញៈរបស់មនុស្សជាតិនិងសំណូមពររបស់សហគមន៍អន្តរជាតិដើម្បីគាំពារសមភាពនិងយុត្តិធម៌ បានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវរបស់ប្រទេសចិននិងបារាំងក្នុងការគាំពារសន្តិភាពនិងស្ថិរភាពសកលលោក ក៏ដូចជាបានបំពេញបន្ថែមកម្លាំងជំរុញដ៏សំខាន់ក្នុងដំណោះស្រាយបញ្ហាចំណុចក្តៅរបស់មជ្ឈិមបូព៌ា ។

 បញ្ហាប៉ាឡេស្ទីន ជាគន្លឹះរបស់បញ្ហាមជ្ឈិមបូព៌ា ។ បច្ចុប្បន្ននេះ ការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានអូសបន្លាយអស់រយៈពេលលើសពី២រយថ្ងៃហើយ បានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយផ្នែកមនុស្សធម៌ដែលញ៉ាំងឱ្យមនុស្សព្រឺព្រួយភ្ញាក់ផ្ញើលជាអនេក ។

ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៏របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រទេសធំដ៏ឯករាជ្យនិងម្ចាស់ការ ប្រទេសទាំងពីរចិននិងបារាំងមានគំនិតឯកភាពរួមយ៉ាងទូលំទូលាយក្នុងបញ្ហាមជ្ឈិមបូព៌ា ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅបារាំងលើកនេះ ខណៈពេលចូលរួមសកម្មភាពជាច្រើន លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែបានលើកឡើងដល់បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយបានគូសបញ្ជាក់ថា សោកនាដកម្មនេះអូសបន្លាយរហូតដល់ពេលបច្ចុប្បន្ននេះ គឺជាការសាកល្បងចំពោះសតិសម្បជញ្ញៈរបស់មនុស្សជាតិ សហគមន៍អន្តរជាតិចាំបាច់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា ។ លោកបានលើកឡើងថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ននេះ គឺត្រូវសម្រេចបាននូវការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗ ភារកិច្ចសំខាន់ជាងគេ គឺត្រូវធានាការងារជួយសង្គ្រោះមនុស្សធម៌ ហើយច្រកចេញពីឬសគល់គឺអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ។ ភាគីបារាំងបានថ្លែងថា រីករាយរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីចិន រួមគ្នាគាំពារពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ។

      សេចក្តីថ្លែងការណ៍រួមស្តីពីស្ថានការណ៍មជ្ឈិមបូព៌ាដែលភាគីទាំងបានចេញផ្សាយនោះ បានបង្ហាញយ៉ាងពេញលេញនូវគំនិតផ្តួចផ្តើមដូចពោលខាងលើនេះ ។ ចាប់ពីការថ្កោលទោសរាល់ទង្វើល្មើសនឹងច្បាប់មនុស្សធម៌អន្តរជាតិទាំងអស់ ដល់ការប្រឆាំងអ៊ីស្រាអែលវាយប្រហារទៅលើតំបន់ឡាហ្វា ចាប់ពីការអំពាវនាវឱ្យសម្រេចបាននូវការឈប់បាញ់គ្នាជានិរន្តរភាពភា្លម អនុវត្តភ្លាមនូវសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព ដល់ការរំលឹកឡើងវិញពីការធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្ត “ដំណោះស្រាយរដ្ឋពីរ”  ប្រទេសទាំងពីរចិននិងបារាំងប្រកាន់គោលជំហរដ៏យុត្តិធម៌ បានឈានដល់គំនិតឯកភាពរួមនៅពេលវេលាគន្លឹះនៃការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបានពង្រឹងជំនឿចិត្តរបស់សហគមន៍អន្តរជាតិក្នុងការគាំពារសន្តិភាព វាមានអំណោយផលដល់ការទប់ស្កាត់កុំឱ្យស្ថានការណ៍មានភាពអាប់អួថែមទៀត ក៏ដូចជាជំរុញដំណើរសន្តិភាពរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផងដែរ ។

      ក្រៅពីនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងបារាំងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យបណ្តាលមកពីស្ថានការណ៍ក្នុងតំបន់ឡើងកម្តៅ ។ សេចក្តីថ្លែងការណ៍រួមបានរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងជំរុញឱ្យដោះស្រាយបញ្ហានុយក្លេអ៊ែរនៃអ៊ីរ៉ង់តាមផ្លូវនយោបាយនិងការទូត ហើយបានគូសបញ្ជាក់ពីសារសំខាន់នៃការគាំពារសេរីភាពនាវាចរណ៍នៅសមុទ្រក្រហមនិងឈូងសមុទ្រ Aden អំពាវនាវឱ្យបញ្ឈប់ភ្លាមនូវទង្វើវាយប្រហារទៅលើនាវាស៊ីវិល ។ បញ្ហាពិភាក្សាទាំងនេះក៏ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសន្តិភាពមជ្ឈិមបូព៌ាផងដែរ ។

      នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមានសន្តិភាពនោះទេ ។ ពិភពលោកមានភាពរង្គោះរង្គើកាន់តែខ្លាំងឡើងៗ  ប្រទេសទាំងពីរចិននិងបារាំងក៏កាន់តែត្រូវប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត និងត្រូវរ៉ាប់រងទំនួលខុសត្រូវកាន់តែធំ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីស្ថានការណ៍មជ្ឈិមបូព៌ា ហើយបានបង្ហាញពីតម្រិះប្រាជ្ញានិងសេចក្តីអង់អាចក្លាហាន ដែលបានធ្វើឱ្យពិភពលោកមានហេតុផលរំពឹងថា នៅ៦០ឆ្នាំបន្ទាត់ទៀត ចិននិងបារាំងនឹងចាប់ដៃគ្នាចេញដំណើរជាថ្មីម្តងទៀត  ក្នុងន័យ“រួមគ្នាបំពេញបន្ថែមក្តីរំពឹងទុកដល់សកលលោកដែលមានភាពមិនប្រាកប្រជា ក៏ដូចជាស្វែងរកទិសដៅដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិ



អ្នកបកប្រែ:郭翔青
ប្លុកពិសេស