ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jin pingនៅអឺរ៉ុប នឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប
2024-05-06 08:56:13cri
Share with:

      តបតាមការអញ្ជើញរបស់លោកMacron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោកVučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោកSulyok ប្រធានាធិបតីហុងគ្រីនិងលោក Orbánនាយករដ្ឋមន្រ្ តីហុងគ្រី   លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំងបីនេះចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែឧសភា ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានរដ្ឋចិន Xi Jinpingក្នុងឆ្នាំនេះ ហើយក៏ជាសកម្មភាពសំខាន់មួយក្នុងការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងរវាងចិននិងអឺរ៉ុបក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះផងដែរ ។

      ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសបារាំងបានថ្លែងថា ស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក  Xi Jinping ។ ឆ្នាំនេះស្របនឹងខួបទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះមានសារសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ វាពិតជានឹងនាំមកនូវឱកាសកាន់តែច្រើនដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរជាក់ជាមិនខាន ។

      ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង បណ្តាញទូរទស្សន៍សកលចិន( CGTN)នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិង សកលវិទ្យាល័យ Renminនៃប្រទេសចិនបានរួមសហការធ្វើការស្ទង់ប្រជាមតិចំពោះអ្នកផ្តល់បទសម្ភាសន៍ជនជាតិបារាំងចំនួន ១៥១៣ នាក់ ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,២% បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំមួយដែលមានកម្លាំងឥទ្ធិពលខ្លាំង  អ្នកផ្តល់បទសម្ភាសន៍ចំនួន៧០,៣% បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យមួយ។

       ក្នុងរយៈពេល៦០ឆ្នាំបន្ទាប់ពីចិននិងបារាំងបង្កើតទំនាក់ទំនងការទូតមក  ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង៨០០ដង ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់សេដ្ឋកិច្ចចិន នឹងនាំមកនូវឱកាសពាណិជ្ជកម្មថែមទៀតដល់សហគ្រាសបារាំង ហើយទីផ្សារចិនដែលមានទ្រង់ទ្រាយធំធេងក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍យ៉ាងទូលំទូលាយដល់សហគ្រាសបារាំងផងដែរ ។ ភាគីទាំងពីរចិននិងបារាំងរំពឹងទុកចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាស ដើម្បីពង្រឹងថែមមួយកម្រិតទៀតនូវការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នា បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងឡើងដល់កម្រិតថ្មីទៀត ។

       គោលដៅទីពីរនៃដំណើរទស្សនកិច្ចរបស់លោក  Xi Jinping គឺប្រទេសស៊ែប៊ី ស៊ែប៊ីជាមិត្តដែកថែបរបស់ប្រទេសចិន ទំនាក់ទំនងនៃប្រទេសទាំងពីរបានឆ្លងកាត់ការពិសោធន៍ពីស្ថានការណ៍អន្តរជាតិដែលប្រែប្រួលឥតឈប់ឈរ ហើយត្រូវគេហៅថាជាគំរូនៃទំនាក់ទំនងដ៏មេត្រីភាពរវាងប្រទេសចិននិងប្រទេសអឺរ៉ុប ។ ដោយសារទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”  បានជាគម្រោងធំៗមួយចំនួនលើវិស័យហេដ្ឋារចនាសម័្ពន្ធ ឧស្សាហកម្មរ៉ែនិងថាមពលជាដើម ត្រូវបានអនុវត្ត ព្រមទាំងទទួលសមិទ្ធផលនៅទូទាំងប្រទេសស៊ែប៊ី ។ ក្នុងអំឡុងពេលវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិកាលពីឆ្នាំមុន ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបតិ្តការគ្រប់ផ្នែកចំនួន១៨ច្បាប់ រីឯទំហំនៃកិច្ចព្រមព្រៀងទាំងនេះមានចំនួនច្រើនដល់រាប់ពាន់លានប្រាក់អឺរ៉ូ ។ ក្រៅពីនេះ សហគ្រាសចិនកាន់តែច្រើនឡើងៗបានទៅបណ្តាក់ទុននៅប្រទេសស៊ែប៊ី ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសស៊ែប៊ី ។

ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រី ក្នុងគ្រាប្រវតិ្តសាស្ត្រដែលបន្តសមិទ្ធផលចាស់និងត្រួសត្រាយអនាគតថ្មីនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ដំណើរទស្សនកិច្ចរបស់លោក  Xi Jinping នៅហុងគ្រី ពិតជានឹងក្លាយជាដំណើរទស្សនកិច្ចដែលមានសារសំខាន់ជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងចិននិងហុងគ្រីជាក់ជាមិនខាន ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ហុងគ្រីបានកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមគោលដៅវិនិយោគនៅតំបន់ភាគកណ្តាលនិងខាងកើតនៃអឺរ៉ុបរបស់ប្រទេសចិន ។ ហុងគ្រីជាប្រទេសអឺរ៉ុបមុនគេបង្អស់ដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ”ជាមួយចិន លោក  Orbánនាយករដ្ឋមន្រ្តីហុងគ្រីធ្លាប់ចូលរួមវេទិកាកំពូលស្តីពី “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិបីលើកជាប់ៗគ្នា ។ ប្រទេសទាំងពីរចិននិងហុងគ្រីសុទ្ធតែគាំទ្រយ៉ាងមុតមាំដល់ការបង្កើនការតភ្ជាប់គ្នា ផ្តួចផ្តើមឱ្យបង្កើតពហុប៉ូលភាវូបនីយកម្មពិភពលោកដែលប្រកបដោយសមភាពនិងរបៀបរៀបរយ ក៏ដូចជាសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលប្រកបដោយបរិយាប័ន្ននិងអាចផ្តល់ផលប្រយោជន៍ជាទូទៅ ហើយប្រកាន់ជំហរច្បាស់លាស់ក្នុងការប្រឆាំង “ការផ្តាច់ទំនាក់ទំនង”និងធ្វើបដិបក្ខគ្នាជាក្រុម ។

បច្ចុប្បន្ននេះ ស្ថានភាពពិភពលោកមានបម្រែបម្រួលនិងភាពរង្គោះរង្គើយ៉ាងខ្លាំង ដូច្នេះ ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបតិ្តការរវាងចិននិងអឺរ៉ុបកាន់តែមានសារសំខាន់ថែមទៀត ។ ពិភពលោកត្រូវការចិននិងអឺរ៉ុបចាប់ដៃគ្នា រួមគ្នាគាំពារនិងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាទប់ទល់នឹងកាប្រឈមជាលក្ខណៈសកល ក្នុងន័យបំពេញបន្ថែមភាពប្រាកដប្រជាដល់ពិភពលោកអស្ថិរភាព ។ ដំណើរទស្សនកិច្ចរបស់លោក Xi Jinpingលើកនេះនឹងជំរុញឱ្យចិននិងអឺរ៉ុបប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ ពង្រឹងការកសាងទំនុកចិត្តខាងនយោបាយរវាងគ្នានិងគ្នា បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបប្រកបដោយភាពល្អបរិសុទ្ធនិងសិ្ថរភាព ក៏ដូចជារួមចំណែកថ្មីដល់ការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់ពិភពលោកផងដែរ ៕

 

 

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស