ថ្ងៃទី ២៧ ខែមេសា លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានអះអាងថា ចាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណតិ្តនេះឡើងកាន់រដ្ឋអំណាចកាលពីឆ្នាំ២០២២មក ក្រសួងការពារជាតិមិនដឹង ហើយមិនដែលឈានដល់កិច្ចព្រមព្រៀងផ្ទៃក្នុងណាទាំងអស់ជាមួយប្រទេសចិនអំពីជម្លោះសមុទ្រចិនខាងត្បូងទេ ។ នេះជាការបដិសោធជាសាធារណៈជាថ្មីម្តងទៀតរបស់ភាគីហ្វីលីពីនចំពោះការដែលចិននិងហ្វីលីពីនបានឈានដល់ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។
តើ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"នេះបានកើតឡើងយ៉ាងដូចម្តេច ? បានឈានដល់កិច្ចសន្យាណាខ្លះ? បានដើរតួនាទីណាខ្លះ ? ជាបន្តទៀត សូមរំលឹកឡើងវិញនូវប្រវតិ្តសាស្ត្របន្តិច នោះអ្នកផងទាំងពួងនឹងដឹងច្បាស់អំពីរឿងនេះ ។
ថ្មប៉ប្រះទឹកRen’ai ជាថ្មប៉ប្រះទឹកគ្មានមនុស្សស្នាក់នៅនៅប្រជុំកោះNanshaនៃប្រទេសចិន ។ មាត្រាទី៥ នៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង»ដែលប្រទេសចិននិងប្រទេសអាស៊ាន ក្នុងនោះក៏បូករួមទាំងហ្វីលីពីនផងបានចុះហត្ថលេខាបានកំណត់យ៉ាងច្បាស់ថា គួរតែរក្សាសភាពការណ៍ "គ្មានមនុស្សស្នាក់នៅគ្មានសំណង់"នៅថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅនៃសមុទ្រចិនខាងត្បូង ។ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ១៩៩៩ នាវាចម្បាំង The Sierra Madre mountain បាន "ទុកចោល "ដោយខុសច្បាប់នៅថ្មប៉ប្រះទឹកRen’ai ។ បន្ទាប់ពីចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ហ្វីលីពីនបានសន្យាជាច្រើនលើកថា នឹងអូសចេញនាវាចម្បាំងដែល "ទុកចោល "ដោយខុសច្បាប់ ប៉ុន្តែ ២៥ឆ្នាំបានកន្លងផុតទៅហើយ ហ្វីលីពីននៅមិនទាន់អូសនាវាចម្បាំងនេះចេញទៅនៅឡើយទេ ។
ក្នុងអំឡុងពេលរដ្ឋាភិបាលរបស់លោកDuterte ដើម្បីពង្រឹងនិងគ្រប់គ្រងស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ប្រទេសទាំងពីរចិននិងហ្វីលីពីនបានឈានដល់ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"មួយច្បាប់អំពីបញ្ហាថ្មប៉ប្រះទឹកRen’ai ។ ភាគីហ្វីលីពីនបានសន្យាថា មិនដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់នាវាចម្បាំងដែល "ទុកចោល "ដោយខុសច្បាប់ទៀត ដោយគិតពីផ្នែកមនុស្សធម៌ ប្រទេសចិនបានរៀបចំចាត់ចែងជាពិសេសដោយបណ្តោះអាសន្នចំពោះទង្វើដែលភាគីហ្វីលីពីនដឹកជញ្ជូនសម្ភារៈជីវភាពរស់នៅដ៏ចាំបាច់ទៅកាន់នាវាចម្បាំងដែល "ទុកចោល "ដោយខុសច្បាប់ ។ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"មិនមែនជាកិច្ចព្រមព្រៀងសម្ងាត់ទេ ហើយក៏មិនពាក់ព័ន្ធដល់គោលជំហរអំពីអធិបតេយ្យភាពរៀងខ្លួននោះដែរ ។
បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីនអាណតិ្តនេះបានឡើងកាន់រដ្ឋអំណាចកាលពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ដើមខែកុម្ភៈឆ្នាំ២០២៣ សមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរចិននិងហ្វីលីពីនសុទ្ធតែគោរពកិច្ចព្រមព្រៀងនេះជាប់រហូត ។ ដោយឡែក ភាគីចិនបានរាយការណ៍និងប្រាស្រ័យទាក់ទងអំពីកិច្ចការពាក់ព័ន្ធនឹង "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា" ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលហ្វីលីពីនជាច្រើនលើក ។ ប៉ុន្តែ បន្ទាប់ពីបានអនុវត្តការបំពានចូលដែនសមុទ្រពាក់ព័ន្ធដោយខុសច្បាប់មួយលើក ភាគីហ្វីលីពីនក៏បានលុបចោលដោយឯកតោភាគីនូវការយោគយល់និងការរៀបចំទាំងអស់ ។
អាចឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសហ្វីលីពីនអះអាងថា មិនដែលដឹងពី "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"ដែលរដ្ឋាភិបាលអាណតិ្តមុនឈានដល់ជាមួយប្រទេសចិន គឺធ្វើពុតជាល្ងង់សុទ្ធសាធ ។
នៅពេលមុននេះមិនយូរប៉ុន្មាន ក្នុងអំឡុងពេលលោក Marcos ប្រធានាធិបតីហ្វីលីពីនបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក អ្នកតវ៉ានៃប្រទេសហ្វីលីពីនបានលើកឡើងថា ហ្វីលីពីនបាននិងកំពុងត្រូវអាមេរិកអូសឱ្យចូលអ្វីដែលហៅថា "ខ្សែសង្វាក់កោះទីមួយ" នេះជាយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់អាមេរិកដើម្បីទប់ស្កាត់ប្រទេសចិន ។ មានអ្នកវិភាគបានលើកឡើងថា ដើម្បីគាំពារផលប្រយោជន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកបាននិងកំពុងប្រែហ្វីលីពីនទៅជា "ទឹកដីអាណានិគមថ្មី" ក្នុងន័យបញ្ជាឱ្យហ្វីលីពីនញុះញង់និងបង្ករឿងនៅសមុទ្រចិនខាងត្បូង និងជ្រៀតជ្រែកកិច្ចការក្នុងតំបន់ ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន និងគាំពារអនុត្តរភាពនៅលើពិភពលោកទាំងមូល ។
ហ្វីលីពីនប្រញាប់បង្ករឿងដើម្បីបម្រើដល់អាមេរិក តាមពិតទៅ គឺនាំចចកចូលផ្ទះ និងនាំភ្លើងដាក់ខ្លួន ។ ភាគីហ្វីលីពីនបដិសោធ "កិច្ចព្រមព្រៀងជឿទុកចិត្តគ្នា"រវាងចិននិងហ្វីលីពីន ទង្វើនេះនឹងធ្វើឱ្យហ្វីលីពីនក្លាយជាអ្នកទោសដែលមិនខ្វល់ពីប្រវត្តិសាស្ត្រ បាត់បង់ជំនឿចិត្ត និងបង្ករឿងក្នុងកិច្ចការតំបន់ផងដែរ ៕