ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអាមេរិកឈានដល់គំនិតឯកភាពរួម ៥ ចំណុច
2024-04-27 14:52:14cri
Share with:

      តាមដំណឹងនៃគេហទំព័រក្រសួងការបរទេសចិនបានឱ្យដឹងថា ថ្ងៃទី ២៦ ខែមេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួម ៥ ចំណុច៖

      ទី១ ភាគីទាំងពីរឯកភាពបន្តផ្តោតលើការលំនឹងនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកដោយអនុលោមតាមការណែនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។

      ទី២ ភាគីទាំងពីរឯកភាពរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់និងគ្រប់ស្រទាប់ជាន់ថ្នាក់។

      ទី៣ ភាគីទាំងពីរប្រកាសថា នឹងរៀបចំកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាអន្តររដ្ឋាភិបាលផ្នែកបញ្ញាសិប្បនិម្មិតចិន-អាមេរិក, បន្តជំរុញការពិគ្រោះពិភាក្សាអំពីគោលការណ៍ណែនាំទំនាក់ទំនងចិន-អាមេរិក,  រៀបចំការពិគ្រោះពិភាក្សាស្តីពីកិច្ចការអាស៊ីប៉ាស៊ីហ្វិកចិន-អាមេរិកជុំថ្មី និងការពិគ្រោះពិភាក្សាស្តីពីកិច្ចការសមុទ្រចិន-អាមេរិកជុំថ្មី, បន្តធ្វើការពិគ្រោះពិភាក្សាអំពីកុងស៊ុលចិន-អាមេរិក។ ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនចិន-អាមេរិកនឹងបើកធ្វើកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់។

      ទី៤ ភាគីទាំងពីរនឹងចាត់វិធានការដើម្បីពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ស្វាគមន៍និស្សិតបន្តការសិក្សានៃប្រទេសដែលជាភាគីម្ខាងទៀត និងរៀបចំឱ្យបានល្អនូវកិច្ចសន្ទនាជាន់ខ្ពស់ផ្នែកទេសចរណ៍ចិន-អាមេរិកលើកទី ១៤ ដែលនឹងប្រារព្ធធ្វើនៅក្រុង Xi’an ប្រទេសចិន។

      ទី៥ ភាគីទាំងពីររក្សាការពិគ្រោះពិភាក្សាលើបញ្ហាជាចំណុចក្តៅអន្តរជាតិនិង ក្នុងតំបន់ បេសកជនពិសេសរបស់ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគ្នា៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស