ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi ជួបពិភាក្សាជាមួយលោក Blinken 
2024-04-26 17:01:58cri
Share with:

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកនៅក្រុងប៉េកាំង។

លោក Wang Yi បានថ្លែងថា ៖ កាលពីខែវិច្ឆកាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Biden ប្រធានាធិបតីអាមេរិកបានជួបសន្ទនាដោយជោគជ័យ នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ភាគីទាំងពីរចិននិងអាមេរិកគួរអនុវត្តគំនិតឯកភាពរួមឱ្យបានជាក់លាក់ និងត្រឹមត្រូវ  បើសិនជាអាមេរិកចេះតែចាត់ទុកចិនជាគូប្រជែងសំខាន់ នោះទំនាក់ទំនងរវាងគ្នា និងគ្នា មានតែកើតមានបញ្ហាកាន់តែច្រើនឡើងៗ។

លោក Wang Yi បានគូសបញ្ជាក់ថា បញ្ហាតៃវ៉ាន់ជាខ្សែបន្ទាត់ក្រហមទីមួយដែលមិនអាច បំពានបានសម្រាប់ទំនាក់ទំនងចិន-អាមេរិក។ ភាគីចិនទាមទារឱ្យអាមេរិក គោរពម៉ឺងម៉ាត់ នូវគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមទាំង រវាងចិននិងអាមេរិក បញ្ឈប់ការលក់សព្វាវុធអោយតៃវ៉ាន់ ហើយគាំទ្រការបង្រួបបង្រួមដោយសន្តិវិធីរបស់ប្រទេសចិន។

លោក Wang Yi បានបន្តថា សិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិនមិនអាចដកហូតបានឡើយ។ អាមេរិកត្រូវបញ្ឈប់ការឃោសនាក្លែងក្លាយអំពីអ្វីដែលហៅថា «អតិរេកផ្នែកសមត្ថភាពផលិតកម្ម របស់ប្រទេសចិន» ហើយលុបចោលការដាក់ទណ្ឌកម្មខុសច្បាប់ចំពោះសហគ្រាសចិន។

លោក Wang Yi បានបន្តថា តំបន់អាស៊ីប៉ាស៊ីហ្វិកមិនត្រូវក្លាយជាសង្វៀនប្រកួតប្រជែងរវាង ប្រទេសធំនោះទេ។ សង្ឃឹមថា ភាគីអាមេរិកមានជម្រើសដ៏ត្រឹមត្រូវ ដើរស្របតាមទិសដៅដូចគ្នា ជាមួយចិន ធ្វើអន្តរកម្មវិជ្ជមានអក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កុំគំរាមកំហែងឱ្យប្រទេសក្នុងតំបន់ ជ្រើសរើសឈរនៅម្ខាងណា  បញ្ឈប់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅអាស៊ី-ប៉ាស៊ីហ្វិក បញ្ឈប់ទង្វើដែលបំផ្លាញផលប្រយោជន៍សន្តិសុខខាងយុទ្ធសាស្ត្ររបស់ចិន ហើយបញ្ឈប់ការបំផ្លាញសន្តិសុខនិងស្ថិរភាពក្នុងតំបន់ដែលទទួលបានដោយមិនងាយ។

ជាការឆ្លើយតប លោក Blinkenបានថ្លែងថា ទំនាក់ទំនងអាមេរិកនិងចិនជាទំនាក់ទំនង ទ្វេភាគី សំខាន់បំផុតនៅលើពិភពលោក។ អាមេរិកបន្តអនុវត្តតាមគោលការណ៍ចិនតែមួយ មិនគាំទ្រ «តៃវ៉ានករាជ្យ»ទេ។ អាមេរិកគ្មានបំណងកើតមានការប៉ះទង្គិចជាមួយចិនទេ ហើយក៏មិនចង់កាត់ផ្តាច់ខ្សែសង្វាក់ជាមួយចិន និងមិនមានបំណងរារាំងការអភិវឌ្ឍន៍ របស់ចិនឡើយ។ អាមេរិកមានឆន:រួមជាមួយចិន បន្តឈានទៅមុខដោយឈរលើមូលដ្ឋាន នៃគំនិតឯកភាពក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យទំនាក់ទំនង អាមេរិក- ចិនវិវឌ្ឍរីកចម្រើនដោយស្ថិរភាព។

 

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាមួយចំនួន ដូចជា បញ្ហាអ៊ុយក្រែន ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បញ្ហាកូរ៉េខាងជើង និងបញ្ហាមីយ៉ាន់ម៉ា ជាដើម និងបានឯកភាពគ្នាថា កិច្ចជំនួបពិភាក្សាលើកនេះមានលក្ខណ:ស្មោះត្រង់ ជាក់ស្តែង ហើយមាន លក្ខណ:ស្ថាបនា ភាគីទាំងពីរយល់ព្រមបន្តអភិវឌ្ឍទំនាក់ទំនងគ្នា តាមការចង្អុលបង្ហាញរបស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស