ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំងការរីកចម្រើនរបស់ចិន
2024-04-25 15:05:32cri
Share with:

នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអះអាងថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម។ នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសលោកខាងលិចប្រើប្រាស់ពាក្យ  អតិរេកផលិតកម្ម ជាលេស ដើម្បីដាក់សម្ពាធលើវិស័យផលិតកម្មរបស់ប្រទេសចិន។

កាលពីឆ្នាំ ២០១២ គណៈកម្មការអឺរ៉ុបធ្លាប់បានចោទប្រកាន់ចិនអំពីការនាំចេញផលិតផលដើរដោយពន្លឺព្រះអាទិត្យ ក្នុងតម្លៃទាបទៅកាន់ទីផ្សារអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ហើយបានផ្តួចផ្តើមគំនិតដាក់ពន្ធនាំចូលបន្ថែម ៤៧.៦% លើផលិតផលទាំងនោះ ក្នុងគោលដៅកាត់បន្ថយឧត្តមភាពប្រកួតប្រជែងរបស់ចិន។ ក្រោយមក ក្នុងខែកក្កដា ឆ្នាំ ២០១៣ ប្រទេសចិន និងសហភាពអឺរ៉ុប ក៏បានដោះស្រាយបញ្ហាខាងលើដោយសន្តិវិធី។

ក្នុងឆ្នាំ២០២៤ នេះ អាមេរិក និងសហភាពអឺរ៉ុបបានប្រើប្រាស់ពាក្យ អតិរេកផលិតកម្ម ជាថ្មីម្តងទៀត ដើម្បីវាយប្រហារដល់ការរីកចម្រើនរបស់ឧស្សាហកម្មចិន ក្នុងវិស័យថាមពលស្អាត រួមមានការផលិតយានយន្តដើរដោយថាមពលអគ្គិសនី បន្ទះសូឡា និងអាគុយលីចូមជាដើម។

តើហេតុអ្វីបានជាប្រទេសលោកខាងលិច នៅតែចោទប្រកាន់ចិនអំពីអតិរេកផលិតកម្ម?

ការពិតមិនអាចប្រកែកបាននោះ គឺថា ការរីកចម្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិតជាបាននាំមកនូវឱកាស និងកម្លាំងជំរុញថ្មីៗដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទោះបីជាយ៉ាងនេះក្តី អាមេរិក និងសម្ព័ន្ធមិត្តតែងចាត់ទុកការរីកចម្រើនរបស់ចិនជាបន្លាក្នុងកែវភ្នែក និងជាការគំរាមកំហែងដ៏ធំបំផុតដល់អនុត្តរភាពខ្លួន។ ជានិច្ចកាល អាមេរិកតែងបង្កើតរឿងនានា ដើម្បីឃោសនាបំប៉ោងព័ត៌មានមិនពិត សំដៅរារាំង និងទប់ស្កាត់ការរីកចម្រើនរបស់ចិន ទាំងក្នុងវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កន្លងទៅ អាមេរិកបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ថា គំរាមកំហែងដល់សន្តិសុខជាតិ  រហូតឈានទៅដល់ការចាប់ខ្លួននាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei ពីសំណាក់អាជ្ញាធរកាណាដា។ អាមេរិកក៏បានដាក់ក្រុមហ៊ុនចិនមួយនេះចូលក្នុងបញ្ជីខ្មៅ ដែលជាហេតុនាំឱ្យក្រុមហ៊ុនបរទេសមួយចំនួនដូចជា Google, Microsoft, Qualcomm, Intel, Panasonic បានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei។ ទន្ទឹមនេះ អាមេរិកបានអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលនយោបាយគាំពារនិយមជាមួយចិន តាមរយៈការរឹតត្បឹតលើការនាំចូលផលិតផលរបស់ចិន ខណៈប្រើប្រាស់មធ្យោយបាយផ្សេងៗ ដើម្បីលាបពណ៌ចិន។ កាលពីដើមឆ្នាំនេះ ប្រទេសហូឡង់បានរារាំងក្រុមហ៊ុនបច្ចេកវិទ្យា ASML Holding មិនឱ្យនាំចេញប្រព័ន្ធកាំរស្មីអ៊ុលត្រាវីយូឡេដ៍ប្រើដើម្បីបង្កើតបន្ទះឈីបទៅកាន់ប្រទេសចិន។ ពោលគ្រប់ទង្វើរបស់អាមេរិក និងសម្ព័ន្ធមិត្តគឺដើម្បីតែរក្សានូវអនុត្តរភាពរបស់ខ្លួន និងមិនចង់ឃើញចិនមកដណ្តើមតួនាទីឈានមុខរបស់ខ្លួនឡើយ ហើយការចោទប្រកាន់ចិនអំពី អតិរេកផលិតកម្ម គឺគ្រាន់តែជាលេស ដើម្បីទប់ស្កាត់ចិនពីការឈានទៅសម្រេចបាននូវទំនើបកម្មផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាតែប៉ុណ្ណោះ។

មិនថាអាមេរិកដាក់ចេញវិធានការបែបណាទេ ការងើបឡើងរបស់ប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលគ្មាននរណាម្នាក់អាចរារាំងបាននោះទេ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីហូឡង់ កាលពីចុងខែមីនា ឆ្នាំ២០២៤ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានកម្លាំងណាមួយអាចបញ្ឈប់ល្បឿននៃវឌ្ឍនភាពបច្ចេកវិទ្យារបស់ប្រទេសចិនបានឡើយ។ ការបង្កើតរបាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មនឹងនាំឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នាតែប៉ុណ្ណោះ។ ជាការពិតណាស់ បច្ចុប្បន្ន ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក មានខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មគ្រប់គ្រាន់លើគ្រប់វិស័យ និងមានធនធានមនុស្សដែលល្អបំផុត និងមានបច្ចេកទេសខ្ពស់បំផុតនៅក្នុងពិភពលោក។ ជាមួយនឹងតម្លៃសមរម្យ និងគុណភាពខ្ពស់ ផលិតផលរបស់ចិនរួមទាំងផលិតផលថាមពលស្អាត ដូចជាយានយន្តអគ្គិសនី និងបន្ទះសូឡា បាននិងកំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជនទាំងទីផ្សារក្នុងស្រុក និងសកល។ ការចោទប្រកាន់ថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម គឺជាការឃោសនាបំប៉ោងដែលមានចេតនាបំផ្លាញឧត្តមភាពប្រកួតប្រជែងរបស់ចិន។ សមត្ថភាពផលិតប្រកបដោយប្រសិទ្ធភាពរបស់ចិន ពិតជាបានចាក់បញ្ចូលនូវកម្លាំងថ្មី ក្នុងការជំរុញដល់ការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក ដែលផ្ទុយពីការអះអាងមិនពិតរបស់អាមេរិក និងអឺរ៉ុប។

ជំនួសឱ្យការរិះគន់ជាន់ពន្លិចដល់សមត្ថភាពផលិតរបស់ចិន អាមេរិក និងអឺរ៉ុបគួរប្រកាន់យកភាពជាដៃគូជាជាងការចោទប្រកាន់លាបពណ៌គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា និងអនុវត្តនូវគោលនយោបាយបើកចំហជាជាងគោលនយោបាយគាំពារនិយម ហើយដើរតាមគោលការណ៍ទីផ្សារ និងការប្រកួតប្រជែងប្រកបដោយភាពយុត្តិធម៌។ ស្របពេលដែលតម្លៃវត្ថុធាតុដើមបានបន្តកើនឡើង សមត្ថភាពផលិតកម្មក្នុងវិស័យថាមពលស្អាតរបស់ចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក។ ឧត្តមភាពប្រកួតប្រជែងរបស់ចិនគួរទទួលបានស្វាគមន៍ និងការគាំទ្រពីរដ្ឋាភិបាលនៃបណ្តាប្រទេសនានា រួមទាំងអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ជាជាងការបន្ទោសបង្អាប់ និងការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មដែលមានលក្ខណ:បំផ្លិច និងបំផ្លាញគ្នា៕  

ដោយ ហ៊ូ ចំរើន

អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា




 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស