លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ២៤ ខែមេសាតទៅ ។ មុនពេលចេញដំណើរ សហរដ្ឋអាមេរិកបានអះអាងថា លោក Antony Blinken នឹងបង្ហាញពីការយកចិត្តទុកដាក់អំពី"អតិរេកសមត្ថភាពផលិតកម្ម"របស់ឧស្សាហកម្មថាមពលថ្មីនៃប្រទេសចិនក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ។ ដរាបណាអ្នកដែលយល់ដឹងពីចំណេះដឹងទូទៅខាងសេដ្ឋកិច្ចសុទ្ធតែមានចំណាប់អារម្មណ៍ថា ពាក្យសម្តីខុសទំនងបែបនេះ គឺមិនគួរឱ្យឆ្លើយតបទាល់តែសោះ ។ យ៉ាងណាមិញ មួយរយៈពេលកន្លងទៅនេះ សហរដ្ឋអាមេរិកបានឃោសនាបំប៉ោងពី"អតិរេកសមត្ថភាពផលិតកម្មរបស់ចិន"ជាញឹកញាប់ ហើយបានចាត់ទុកវាជាឧបករណ៍ថ្មីបំផុតដើម្បីបំផុស"សង្រ្គាមយល់ដឹងពីសេដ្ឋកិច្ច"ចំពោះប្រទេសចិន ដូច្នេះ យើងក៏ចាំបាច់ត្រូវជជែកពិភាក្សាចំពោះករណីនេះ ។
ជាបឋម អ្នកនយោបាយមួយចំនួនរបស់អាមេរិកបានយកសមត្ថភាពផលិតកម្មទៅជំពាក់ជំពិនជាមួយពាណិជ្ជកម្មអន្តរជាតិដោយសម្គាល់ឃើញថា ល្គឹកណាដែលផលិតផលត្រូវបាននាំចេញកាន់តែច្រើនឡើងៗ នោះគឺ កើតមានបញ្ហាអតិរេកសមត្ថភាពផលិតកម្ម ។ មានពាក្យសម្តីនេះមានចំណុចខុសទំនង៖ ពោលគឺ ចាត់ទុកការនាំចេញផលិតផលដូចគ្នានឹង"អតិរេកសមត្ថភាពផលិតកម្ម" ចំណុចនេះមិនសមស្របនឹងចំណេះដឹងទូទៅខាងសេដ្ឋកិច្ច ហើយក៏បានផ្ទុយពីនិន្នាការអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មផងដែរ ។
បើមើលពីការអនុវត្តជាក់ស្តែងរបស់បណ្តាប្រទេសនានាអាចឃើញថា ដោយសារសមត្ថភាពផលិតកម្មនៃឧស្សាហកម្មណាមួយធំជាងតម្រូវការក្នុងស្រុកគឺជាបាតុភូតជាទូទៅ បានជាការនាំចេញគឺជារឿងប្រក្រតី ។ ឧទាហរណ៍ដូចចំនួន ៨០ ភាគរយនៃបន្ទះឈីបដែលផលិតដោយសហរដ្ឋអាមេរិកនិងរថយន្តដែលផលិតដោយប្រទេសអាល្លឺម៉ង់ត្រូវបាននាំចេញទៅបរទេស ចំណែកឯយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុន Boeing និង Airbus ក៏នាំចេញទៅបរទេសយ៉ាងសន្ធឹកសន្ធាប់ផងដែរ ។ ប្រសិនបើយើងធ្វើតាមឡូហ្ស៊ីករបស់អ្នកនយោបាយមួយចំនួនរបស់អាមេរិក នោះ អ្នកផងទាំងពួងនឹងចោទជាមន្ទិលសង្ស័យដូចកាសែត《Neue Zürcher Zeitung 》របស់ប្រទេសស្វីសថា "តើការនាំចេញរបស់បស្ចិមប្រទេសទៅកាន់អាស៊ីត្រូវចាត់ទុកថាជាអតិរេកសមត្ថភាពផលិតកម្មឬទេ ? ប្រសិនបើប្រទេសមួយគ្រាន់តែផលិតសម្រាប់ទីផ្សាររបស់ខ្លួនប៉ុណ្ណោះ នោះ តើពាណិជ្ជកម្មគឺ មកពីណា ?"
ព្រមពេលជាមួយគ្នានេះ ការឃោសនាបំប៉ោងរបស់អាមេរិកបានល្មើសនឹងទ្រឹស្តីឧត្តមភាពប្រៀបធៀបនៃសេដ្ឋសាស្ត្រលោកខាងលិចដែលអាមេរិកបាននិងកំពុងគោរពតាម ។ មូលហេតុដែលផលិតផលថាមពលថ្មីរបស់ចិនអាចបង្កើតជាឧត្តមភាពប្រៀបធៀប វាមិនមែនពឹងផ្អែកលើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលនោះទេ តែគឺពឹងផ្អែកលើសមត្ថភាពច្នៃប្រឌិតថ្មីដោយម្ចាស់នៃសហគ្រាស ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ ទ្រង់ទ្រាយទីផ្សារដ៏ធំធេងនិងធនធានមនុស្សដ៏សម្បូរបែបជាដើម ។ បើនិយាយចំពោះអ្នកនយោបាយមួយចំនួនរបស់អាមេរិក ការចំណាយពេលទៅវាយប្រហារលើផលិតផលថាមពលថ្មីរបស់ចិនថា បានបណ្តាលឱ្យ"ទីផ្សារសកលមានភាពមិនប្រក្រតី"វាមិនស្មើនឹងខិតខំពង្រីកឧត្តមភាពប្រកួតប្រជែងរបស់ខ្លួនជាការប្រសើរជាង ។
លើសពីនេះទៅទៀត អ្នកនយោបាយមួយចំនួនរបស់អាមេរិកក៏បានថ្កោលទោសឧស្សាហកម្មថាមពលថ្មីរបស់ចិនថា បានបង្កជាផលប៉ះពាល់ដល់សហគ្រាសនិងឱកាសការងាររបស់កម្មករនៃសហរដ្ឋអាមេរិកផងដែរ ។ នេះជាពាក្យសម្តីខុសទំនងចំណុចទីបួនរបស់ពួកគេ ពោលគឺ "សហរដ្ឋអាមេរិកកើតមានជំងឺ តែបង្ខំឱ្យចិនលេបថ្នាំ" គោលបំណងរបស់អាមេរិកគឺ ទម្លាក់កំហុសឱ្យចិន ។
នាពេលថ្មីៗកន្លងទៅនេះថា លោក John Ross អតីតនាយកទីភ្នាក់ងារគោលនយោបាយសេដ្ឋកិច្ចនិងធុរកិច្ចទីក្រុងឡុងដ៍របស់អង់គ្លេសបានតែងអត្ថបទបង្ហាញថា សហរដ្ឋអាមេរិកព្រួយបារម្ភថា ក្នុងពាណិជ្ជកម្មអន្តរជាតិ ផលិតផលរបស់ខ្លួនកាន់តែច្រើនឡើងៗមិនអាចរក្សាបាននូវឋានៈទីខ្ពស់នៃខ្សែសង្វាក់តម្លៃ ។ ពាក្យសម្តីនេះបានបង្ហាញពីបំណងខាងសេដ្ឋកិច្ចរបស់អាមេរិក ពោលគឺ ព្យាយាមទប់ស្កាត់ការអភិវឌ្ឍនៃឧស្សាហកម្មងើបឡើងថ្មីរបស់ប្រទេសចិនដើម្បីស្វែងរកឋានៈប្រកួតប្រជែងនិងឧត្តមភាពទីផ្សារដែលកាន់តែមានអំណោយផលដល់ប្រទេសខ្លួន ។
អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរតែដឹងច្បាស់ថា ការដែលរារាំងផលិតផលថាមពលថ្មីរបស់ចិនដែលមានគុណភាពល្អនិងតម្លៃថោកចូលក្នុងទីផ្សាររបស់ប្រទេសខ្លួនមិនត្រឹមតែបំផ្លាញផលប្រយោជន៍របស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្កជាផលប៉ះពាល់ដល់ដំណើរការធ្វើបរិវត្តកម្មបៃតងសកលនិងការអភិវឌ្ឍនៃឧស្សាហកម្មងើបឡើងថ្មីផងដែរ ។ ពួកគេប្រើកម្លាំងកាយចិត្តក្នុងការប្រឌិតរឿងក្លែងក្លាយមិនស្មើនឹងរកមធ្យោបាយដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ខ្លួន វិញទៅល្អជាង ៕