ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនអធិប្បាយពីជំហររបស់ចិនស្តីពីបញ្ហាកើតមានអំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិច
2024-04-24 14:26:51cri
Share with:

     ថ្ងៃទី ២៣ ខែមេសា លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពិភាក្សាដេញដោលជាសាធារណៈនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាកើតមានអំពើហិង្សាផ្នែកផ្លូវភេទក្នុងការប៉ះទង្គិច ដើម្បីអធិប្បាយពីជំហររបស់ប្រទេសចិន។

    លោក Fu Cong បានថ្លែងថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការប្រើប្រាស់អំពើហិង្សាផ្លូវភេទជាមធ្យោបាយធ្វើសង្គ្រាមនិងភេរវនិយម ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរាល់អំពើហិង្សាណាមួយដែលសំដៅចំពោះស្ត្រីនិងកុមារី ហើយសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការចម្រុះដើម្បីដោះស្រាយបញ្ហានេះ។ ភាគីចិនស្នើថា ទីមួយ ត្រូវវាយបង្ក្រាបយ៉ាងដាច់ខាតចំពោះរាល់អំពើហិង្សាផ្លូវភេទទាំងអស់ទោះតាមទម្រង់ណាក៏ដោយ, ទីពីរ ត្រូវទប់ស្កាត់ដោយពេញទំហឹងនូវសកម្មភាពភេរវនិយម, ទីបី ត្រូវជំរុញឱ្យស្ត្រីទទួលបានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ។

     លោកបន្តទៀតថា ភាគីចិនមានឆន្ទៈរួមសហការជាមួយសហគមន៍អន្តរជាតិ ក្នុងការរួមគ្នាបង្កបរិយាកាសអន្តរជាតិដែលប្រកបដោយសន្តិភាព សន្តិសុខនិងស្ថិរភាព ដើម្បីរួមចំណែកយ៉ាងសកម្មសម្រាប់ការលុបបំបាត់ការកើតមានអំពើហិង្សាផ្លូវភេទក្នុងការប៉ះទង្គិចឱ្យបានឆាប់ៗ និងជំរុញការអភិវឌ្ឍនៃបុព្វហេតុស្ត្រី សន្តិភាពនិងសន្តិសុខ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស