ហេតុអ្វីសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ប្រទេសចិនថ្មី»?ព្រោះចាប់ពីខែតុលាឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយវិជ្ជមាន។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីពាក្យដ៏ពេញនិយមមួយឃ្លារបស់ចិន--- «好好学习 天天向上/ ខំប្រឹងរៀនសូត្រ ដើម្បីរីកចម្រើនជារៀងរាល់ថ្ងៃ»។ តើហេតុអ្វីប្រជាជនចិនតែងលើកឡើងពាក្យមួយឃ្លានេះ?
តាំងពីបុរាណមក ក្នុងសង្គមចិនមានបរិយាកាសគោរពអ្នកចេះដឹងនិងចំណេះដឹង ដែលជាសិលធម៌ប្រពៃណីជនជាតិចិនបុរាណបានសម្គល់ថា «មិនអានសៀវភៅមួយថ្ងៃ មិនអាចធ្វើគ្រប់កិច្ចការបាន» ។ មានមតិឯកភាពមួយ៖ កិច្ចការណាមួយធ្វើបានល្អជោគជ័យ មុខជាទទួលបានផលពីការរៀនសូត្រ ។
តាមពិតទៅឃ្លា « ខំប្រឹងរៀនសូត្រ ដើម្បីរីកចម្រើនជារៀងរាល់ថ្ងៃ» ជាអនុសាសន៍ផ្តាំផ្ញើចំពោះកុមារចិនរបស់លោក ម៉ៅ សេទុង ដែលលើកឡើងនៅខណៈពេលដែលប្រទេសចិនថ្មីចាប់ផ្តើមកសាងដំបូងៗ ។ លោកបានប្រើពាក្យពេចន៍ដែលងាយយល់បង្ហាញពីការយល់ដឹងចំពោះការរៀនសូត្ររបស់មហាជនចិន ដូចនេះបានជាក្លាយជាពាក្យពេចន៍ដ៏ពេញនិយមមួយឃ្លារបស់ចិន រហូតដល់សព្វថ្ងៃ។
បក្សកុម្មុយនីស្តចិនបានបន្តទំនៀមទំលាប់ល្អរបស់ប្រជាជាតិមួយនេះ មិនថាក្នុង សម័យសង្គ្រាមតស៊ូយ៉ាងលំបាកជាមួយសត្រូវក្តី ឬពេលឥឡូវ ដែលជា យុគសម័យ សុខសន្តិភាពក៏ដោយ ថ្នាក់ដឹកនាំនិងសមាជិកបក្សមួយរូបៗ សុទ្ធតែតម្កល់ទុកការរៀនសូត្រជាការសំខាន់។ ឧទាហរណ៍ ការធ្វើកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន ដែល «ឆ្លងទន្លេបណ្ដើរស្ទាបថ្មបណ្ដើរ» គឺជាបុព្វហេតុសិក្សារៀនសូត្របទពិសោធន៍ ពីទូទាំងពិភពលោកនៃបក្សកុម្មុយនីស្តចិន។
ចូលក្នុងឆ្នាំ២០២៤រៀងមក មជ្ឈិមបក្សចិនបានបើកកិច្ចប្រជុំពិភាក្សាសិក្សាជាសមូហភាពចំនួនពីរលើកហើយដែលសំដៅលើប្រធានបទដោយឡែកគ្នាចំពោះការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់, ការអភិវឌ្ឍបច្ចេកវិទ្យាថាមពលថ្មី,និងសុវត្តិភាពថាមពលជាតិ។តាមទម្លាប់ ក្រោមអធិបតីរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស ហើយបានអញ្ជើញអ្នកជំនាញវិស័យនោះធ្វើការបង្ហាត់បង្រៀន។
សូមបញ្ជាក់ថា យន្តការសិក្សាជាសមូហភាពរបស់ស្រទាប់ធ្វើការសម្រេចនៃបក្សកាន់អំណាចចិន ចាប់ផ្តើមពីឆ្នាំ ២០០២ ដែលធ្វើឡើងរំលង៤៥ថ្ងៃម្ដង សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សបានរួមគ្នាសិក្សានិងពិភាក្សាពីបញ្ហាគន្លឹះនៃការអភិវឌ្ឍជាតិចិននិងចំណេះដឹងជំនាញផ្សេងៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍជាតិ ក្នុងបំណងបន្តលើកកម្ពស់សមត្ថភាពនិងកម្រិតធ្វើអភិបាលកិច្ចប្រទេសជាតិ។
ការកសាងប្រទេសទំនើបត្រូវធ្វើយុទ្ធសាស្ត្រអំឡុងពេលយូរទាំងវិស័យអប់រំបច្ចេកវិទ្យានិងធនធានមនុស្ស។ចូលក្នុងយុគសម័យថ្មី បក្សកុម្មុយនីស្តចិនបន្តសិក្សារៀនពីសៀវភៅ តាមរយៈការអនុវត្តជាក់ស្តែង រៀនពីប្រជាជននិងអ្នកជំនាញ ក៏ដូចជារៀនសូត្របទពិសោធន៍ដែលមានប្រយោជន៍ពីបរទេសផងដែរ។ដូចដែលលោក Xi Jinping មេដឹកនាំកំពូលចិនបានបញ្ជាក់ច្រើនលើកថា៖ « យើងបានដើរដល់សព្វថ្ងៃដោយពឹងលើការសិក្សា ចាំបាច់ត្រូវបន្តឈានទៅរកអនាគតដោយផ្អែកលើ ការសិក្សាដែរ»៕