ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហរដ្ឋអាមេរិកបោះឆ្នោតវេតូលើសេចក្តីព្រាងស្តីពីការស្នើសុំចូលជាសមាជិកអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន ភាគីចិនសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាមេរិក
2024-04-19 10:27:15cri
Share with:

ដោយសារសហរដ្ឋអាមេរិកដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតវេតូ ដូច្នេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិមិនបានអនុម័តលើសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពី ការស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិទទួលយកប៉ាឡេស្ទីនជារដ្ឋសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិ ។ លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាដើម្បីធ្វើការបកស្រាយបន្ទាប់ពីការបោះឆ្នោតថា ភាគីចិនសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាមេរិក ។

លោក Fu Cong បានគូសបញ្ជាក់ថា ការបង្កើតរដ្ឋឯករាជ្យជាសិទ្ធិជនជាតិដែលមិនអាចដកហូតបានរបស់ប្រជាជនប៉ាឡេស្ទីន ដែលមិនអាចសង្ស័យឬយកមកជួញដូរនោះទេ ។ ក្នុងសភាពការណ៍ដែលភាគីអ៊ីស្រាអែលបង្ហាញអាកប្បកិរិយាបដិសេធកាន់តែច្បាស់លាស់ចំពោះ ដំណោះស្រាយរដ្ឋពីរ ការដែលអង្គការសហប្រជាជាតិទទួលយកប៉ាឡេស្ទីនជារដ្ឋសមាជិកផ្លូវការ គឺអាចធ្វើឱ្យប៉ាឡេស្ទីនមានឋានៈស្មើគ្នានឹងអ៊ីស្រាអែល ដែលនឹងមានអំណោយផលដល់ការបង្កលក្ខណសម្បត្តិសម្រាប់ការចរចារវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ។

លោក Fu Cong បានថ្លែងថា យើងជឿជាក់ថា នៅថ្ងៃណាមួយ ប្រទេសប៉ាឡេស្ទីនមុខជានឹងទទួលបានសិទ្ធិស្មើគ្នានឹងរដ្ឋសមាជិកផ្សេងទៀតនៃអង្គការសហប្រជាជាតិជាមិនខាន ហើយដើម្បីឱ្យថ្ងៃនោះបានមកដល់ក្នុងពេលឆាប់ៗ ភាគីចិននឹងបន្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស