ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត
2024-04-16 10:17:10cri
Share with:

     ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោកHossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ីរ៉ង់និងលោក Faisal bin Abdelaziz Al Saudរដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប៊ីសាអូឌីតតាមការណាត់ ។

      ថ្លែងក្នុងកិច្ចជំនួប លោក Amir-Abdollahian បានលើកឡើងថា ប្រទេសអ៊ីរ៉ង់មានសិទ្ធិឆ្លើយតបបែបលក្ខណៈការពារខ្លួនខណៈពេលរងការរំលោភលើអធិបតេយ្យភាព ។ ស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ននេះមានភាពរសើបណាស់ អ៊ីរ៉ង់មានឆន្ទៈរក្សាការអត់ធ្មត់ ហើយគ្មានចេតនាធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមទៀតនោះទេ ។

      លោក Wang Yi បានថ្លែងថា ជឿជាក់ថា អ៊ីរ៉ង់អាចក្តាប់ស្ថានការណ៍ឱ្យបានល្អ ស្របនឹងពេលគាំពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន ក៏អាចចៀសវាងកុំឱ្យស្ថានការណ៍មានភាពរង្គោះរង្គើថែមមួយកម្រិតទៀត  ។

      ពេលជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Faisal  លោក Wang Yi បានថ្លែងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើល្មើសនឹងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ដូចជាការវាយប្រហារទៅលើស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរីជាដើម ព្រមពេលជាមួយគ្នានេះ យើងក៏បានចាប់អារម្មណ៍ដល់ថា អ៊ីរ៉ង់បានអះអាងថា សកម្មភាពឆ្លើយតបរបស់ខ្លួនមិនសំដៅចំពោះប្រទេសជិតខាងណាមួយទេ ហើយមានឆន្ទៈបន្តប្រកាន់ខ្ជាប់គោលនយោបាយសុខដុមរមនានិងមិត្តភាពជាមួយប្រទេសជិតខាង ។ ប្រទេសចិនសូមកោតសរសើរប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានគូសបញ្ជាក់ពីការដោះស្រាយបញ្ហាតាមផ្លូវការទូត ។

      ជាការឆ្លើយតប លោក Faisal បានថ្លែងថា ប្រទេសអារ៉ាប៊ីសាអូឌីតរំពឹងទុកយ៉ាងខ្លាំងថា ប្រទេសចិនអាចដើរតួនាទីយ៉ាងសកម្មនិងសំខាន់ ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងការសម្របសម្រួលជាមួយប្រទេសចិន ក្នុងន័យជំរុញឱ្យសម្រេចបាននូវការឈប់បាញ់គ្នានៅតំបន់កាហ្សាដោយគ្មានល័ក្ខខ័ណ្ឌ និងចាប់ផ្តើមអនុវត្ត"ដំណោះស្រាយរដ្ឋពីរ" ដើម្បីសម្រេចបាននូវស្ថិរភាពក្នុងតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗ ៕

 


អ្នកបកប្រែ:郭翔青
ប្លុកពិសេស