ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អ្វីដែល“ក្រុមសម្ព័ន្ធតូច”របស់អាមេរិក ជប៉ុននិងហ្វីលីពីននាំមកដល់តំបន់មិនមែនជា“សន្តិសុខនិងវិបុលភាព”នោះទេ តែគឺជាការប្រឈមមុខដាក់គ្នានិងការគំរាមកំហែងវិញ
2024-04-13 20:17:10cri
Share with:

     ថ្ងៃទី១១ខែមេសាតាមម៉ោងក្នុងតំបន់   មេដឹកនាំប្រទេសទាំង៣គឺអាមេរិក ជប៉ុននិងហ្វីលីពីនបានធ្វើកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន។ ភាគីទាំង៣បានចេញសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា  នឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជាតិ ដើម្បីជំរុញអ្វីដែលហៅថា សន្តិសុខនិងវិបុលភាពរបស់តំបន់ឥណ្ឌាប៉ាស៊ីហ្វិកនិងពិភពលោក ព្រមទាំងចោទប្រកាន់ប្រទេសចិនថាកែប្រែស្ថានភាពបច្ចុប្បន្នដោយឯកតោភាគីតាមរយៈកម្លាំងបាយ  ក៏ដូចជាផ្តោត ការយកចិត្តទុកដាក់ដល់សកម្មភាពគាំពារអធិប្បតេយ្យភាពជាតិរបស់ភាគីចិននៅតំបន់សមុទ្រចិនខាងត្បូងនិងខាងកើត។  តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានAPអាមេរិកឱ្យដឹងថា ក្នុងកិច្ចប្រជុំត្រីភាគីលើកនេះ អាមេរិកបានរំលឹកឡើងវិញទៅកាន់ភាគីហ្វីលីពីនថា  ប្រសិនបើយន្តហោះ  នាវាឬក៏កងកម្លាំងប្រដាប់អាវុធរបស់ភាគីហ្វីលីពីនរងការវាយប្រហារនៅតំបន់សមុទ្រចិនខាងត្បូងនោះ អាចឆ្លើយតបដោយពឹងផ្អែកទៅលើ«សន្ធិសញ្ញាការពាររួមគ្នារវាងអាមេរិកនិងហ្វីលីពីន»។

      ឥស្សរជនវិភាគបានលើកឡើងថា   ការដែលអាមេរិកលើកទឹកចិត្តដល់ហ្វីលីពីន គឺឆ្លុះបញ្ចាំងពីចេតនាអាក្រក់របស់ខ្លួនដែលចង់ឱ្យសមុទ្រចិនខាងត្បូងមានភាពច្របក់ច្របូល។ប្រសិនបើតំបន់អាស៊ីខាងកើតមានស្ថិរភាព  នោះលក្ខណៈសមហេតុផលនៃវត្តមានរបស់អនុត្តរភាពអាមេរិកនឹងត្រូវគេចោទជាមន្ទិលសង្ស័យ។ ម្លោះហើយបានជាបញ្ហាសមុទ្រចិនខាងត្បូងបានក្លាយជាលេសមួយសម្រាប់ឱ្យអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តំបន់អាស៊ីប៉ាស៊ីហ្វិក។  លោកRodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនបានលើកឡើងនៅពេលផ្តល់បទសម្ភាស៍នាពេលថ្មីៗកន្លងទៅនេះថា  សមុទ្រចិនខាងត្បូងមានភាពស្ងប់សុខកាលពីមុន  ប៉ុន្តែបន្ទាប់ពីជនជាតិអាមេរិកមកដល់  បានធ្វើឱ្យតំបន់នេះពោរពេញទៅដោយជម្លោះហើយ

      ហ្វីលីពីនបានបង្ករឿងហេតុដោយឥតឈប់ឈរនៅតំបន់សមុទ្រចិនខាងត្បូង  គឺសង្ឃឹមថា ខ្លួនអាចទទួលបានការគាំទ្រផ្នែកសន្តិសុខនិងយោធាពីប្រទេសធំនៅក្រៅតំបន់   ក៏ដូចជាទទួលបានផលប្រយោជន៍ក្នុងវិស័យសេដ្ឋកិច្ចផងដែរ។ ចំណែកឯកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច   គឺជានុយបញ្ឆោតមួយទៀតដែលអាមេរិកផ្តល់ឱ្យហ្វីលីពីន។ ព្រមពេលជាមួយគ្នានេះ អាមេរិកក៏ប៉ុនប៉ងចង់បង្កើតខ្សែសង្វាក់ឧស្សហកម្មក្នុងតំបន់ជាថ្មីឡើងវិញ ដើម្បីទប់ស្កាត់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនតាមរយៈប្រទេសហ្វីលីពីន។

      មុនពេលបើកធ្វើកិច្ចប្រជុំកំពូលត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន  បាតុករជាច្រើននាក់បានប្រមូលផ្តុំដោយឯកឯងនៅខាងក្រៅសេតវិមានអាមេរិក ។  ពួកគេលើកបដាពាក្យស្លោកដូចជាមិនស្វាគមន៍លោកMarcosមកបំពេញទស្សកិច្ចនៅអាមេរិកនិងកុំលក់ផលប្រយោជន៍របស់ហ្វីលីពីនជាដើម ដើម្បីរិះគន់ថា   ធាតុពិតនៃកិច្ចប្រជុំកំពូលត្រីភាគីលើកនេះ គឺអាមេរិកចង់ឆ្លៀតប្រើហ្វីលីពីនមកធ្វើបដិបក្ខគ្នាជាមួយប្រទេសចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយបានអំពាវនាវឱ្យហ្វីលីពីនគាំពារអធិប្បតេយ្យភាពរបស់ខ្លួន។  លោកស្រីAnna Malindog-Uy អនុប្រធាននៃវិជ្ជាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រសតវត្សរ៍អាស៊ីរបស់ហ្វីលីពីនបានលើកឡើងថា ប្រទេសទាំងពីរអាមេរិកនិងជប៉ុនមិនមែនជាសាមីភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ មិនគួរជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក ជប៉ុននិងហ្វីលីពីន ព្រមនឹងគំនិតសង្រ្គាមត្រជាក់របស់ពួកគេនឹងពង្រឹងការប្រឈមមុខដាក់គ្នាថែមមួយកម្រិតទៀត  តែមិនមែនពង្រឹងកិច្ចសហប្រតិបត្តិការនោះទេ ហើយនឹងធ្វើឱ្យស្ថាភាពសមុទ្រចិនខាងត្បូងមានភាពកាន់តែតានតឹងថែមទៀត។

       កោះនានានៅសមុទ្រចិនខាងត្បូងគឺជាទឹកដីមានស្រាប់របស់ប្រទេសចិន ។ ប្រទេសចិនមានអធិប្បតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ខាងសមុទ្រចំពោះសមុទ្រចិនខាងត្បូង នេះគឺមានភស្តុតាងផ្លូវច្បាប់និងប្រវត្តិសាស្ត្រយ៉ាងពេញលេញ។ ជានិច្ចកាល ភាគីចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយការវិវាទផ្នែកអធិប្បតេយ្យភាពទឹកដីដោយសន្តិភាពតាមរយៈកិច្ចចរចារ   ប៉ុន្តែវាមិនមែនមានន័យថា  នឹងអត់ឱនឱ្យប្រទេសមួយចំនួនតូចបង្ករឿងដោយគ្មានហេតុផលទេ។ ក្នុងបរិបទដែលប្រទេសអាស៊ានបង្កើនទំនាក់ទំនងជាមួយប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ  ក្រុមសម័្ពន្ធតូចរបស់អាមេរិក ជប៉ុននិងហ្វីលីពីនធ្វើផ្ទុយពីចរន្តយុគសម័យ  អ្វីដែលពួកគេនាំមកដល់តំបន់មិនមែនជាសន្តិសុខនិងវិបុលភាពនោះទេ  តែគឺជាការប្រឈមមុខដាក់គ្នានិងការគំរាមកំហែងវិញ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស