ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-អ៊ីតាលីបានប្រារព្ធធ្វើឡើង
2024-04-12 17:32:20cri
Share with:

    លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និង លោក Tajani ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសអ៊ីតាលី បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី ១៥ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន-អ៊ីតាលី នៅទីក្រុង Verona ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១១ ខែមេសា ដើម្បីធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អ៊ីតាលី។

លោក Wang Wentao បានថ្លែងថា ឆ្នាំ២០២៤នេះ គឺជាខួបទី២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងអ៊ីតាលី។ ភាគីចិនរីករាយធ្វើការជាមួយភាគីអ៊ីតាលី ដើម្បីស្វែងរកសក្តានុពលខាងពាណិជ្ជកម្មយ៉ាងស៊ីជម្រៅ និងលើកកម្ពស់កម្រិតពាណិជ្ជកម្ម ធ្វើការកែលម្អរចនាសម្ព័នវិនិយោគ និងអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការបៃតង និងជំរុញការធ្វើបរិវត្តកម្មកាបូនទាប ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Tajani បានថ្លែងថា ប្រទេសអ៊ីតាលីមានឆន្ទៈរក្សាការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្រោមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យអភិវឌ្ឍប្រកបដោយតុល្យភាព និងស្វាគមន៍ក្រុមហ៊ុនថាមពលថ្មីរបស់ចិនដូចជាក្រុមហ៊ុនរថយន្តអគ្គិសនីជាដើមមកបណ្តាក់ទុននៅក្នុងប្រទេសអ៊ីតាលី  បើកជើងហោះហើរត្រង់ថែមទៀតរវាងប្រទេសទាំងពីរដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងបន្ថែមខ្លឹមសារថ្មីដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស