ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យគន្លឹះចិន​​៖ វដ្ដរង្វិលជុំពីរ
2024-04-11 10:06:36cri
Share with:

ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនជិតនឹងសម្ពោធបើក។  តំបន់តាំងពិព័រណមួយកន្លែង នៃពិព័រណ៍លើកនេះមានឈ្មោះដ៏ពិសេស គឺ តំបន់តាំងពិព័រណ៍ «វដ្ដរង្វិលជុំពីរ ទិញទូទាំងពិភពលោក»។ តើអ្វីជា «វដ្ដរង្វិលជុំពីរ»? គួរ«ទិញទូទាំងពិភពលោក»យ៉ាងដូចម្ដេច?

វដ្ដរង្វិលជុំសេដ្ឋកិច្ចមាន ៤ ដំណាក់កាលគឺ ផលិត លំហូរ ចែកចាយ និងប្រើប្រាស់ ក្នុងនោះ ការប្រើប្រាស់ជាចំណុចទីបញ្ចប់ ហើយក៏ជាទីចាប់ផ្តើមនៃវដ្រង្វិលជុំថ្មីផង។ វដ្ដរង្វិលជុំសេដ្ឋកិច្ចនៃប្រទេសណាមួយក្តី សុទ្ធតែបង្កើតឡើងដោយវដ្ដរង្វិលជុំក្នុងប្រទេសនិងក្រៅប្រទេស។  តើចាត់ទុក វដ្ដរង្វិលជុំក្នុងប្រទេស ជាសំខាន់ ឬវដ្ដរង្វិលជុំក្រៅប្រទេស ជាសំខាន់?  ត្រូវកំណត់សម្រេចដោយដំណាក់កាលនៃការអភិវឌ្ឍ បរិស្ថានអភិវឌ្ឍន៍ និងគោលដៅ អភិវឌ្ឍន៍ នៃប្រទេសនោះ។   ឧទាហរណ៍ថា កាលពីឆ្នាំ១៩៨០ មុនធ្វើកំណែទម្រង់និងការបើកទូលាយ ប្រទេសចិនបានចាត់ទុកវដ្ដរង្វិលជុំក្នុងប្រទេស ជាសំខាន់  ក្រោយពីធ្វើកំណែទម្រង់ ចិនបានរួមបញ្ចូលក្នុងវដ្ដរង្វិលជុំអន្តរជាតិដោយវិជ្ជមាន ដែលបានជំរុញឱ្យសេដ្ឋកិច្ចកើនឡើងយ៉ាងឆាប់រហ័ស

សព្វថ្ងៃនេះ   បរិយាកាសក្នុងនិងក្រៅប្រទេសបានផ្លាស់ប្តូរទាំងស្រុង ខណ:ទូទាំងពិភពលោកកំពុងប្រឈមនឹងសភាពការណ៍ប្រែប្រួលយ៉ាងខ្លាំងដែលក្នុងមួយរយឆ្នាំកន្លងទៅមិនដែលជួបប្រទះ។ បន្ទាប់ពីបានអភិវឌ្ឍរយ:ពេលយូរ  សេដ្ឋកិច្ចចិនមានទំហំ ទ្រង់ទ្រាយធំសម្បើម ទីផ្សារសម្បូរសក្តានុពល ហើយមានប្រព័ន្ធឧស្សាហកម្មពេញលេញ។  ចិនមានប្រជាជនចំនួន១៤រយលាននាក់ GDPមធ្យមសម្រាប់មនុស្សម្នាក់ៗ បានលើសពី១ ម៉ឺនដុល្លារអាមេរិក តួអង្គទីផ្សារចំនួន១៣០ លាន ធនធានមនុស្សដែលបានទទួល ការអប់រំកម្រិតឧត្តមសិក្សា ឬមានសមត្ថភាពមុខជំនាញប្រភេទខុសគ្នាចំនួនលើសពី១៧០ លាននាក់ គឺជាទីផ្សារប្រើប្រាស់ទ្រង់ទ្រាយធំបំផុត និងមានសក្តានុពលខ្លាំងបំផុត លើពិភពលោក ដូច្នេះទំនាក់ទំនងជាមួយវដ្ដរង្វិលជុំអន្តរជាតិបានឈានចូលដំណាក់កាលត្រូវសម្របសម្រួលហើយ។ ម្យ៉ាងទៀត  សេដ្ឋកិច្ចពិភពលោកបាន និងកំពុង ថមថយចុះយ៉ាងជ្រាលជ្រៅ ប្រទេសខ្លះបានញ៉ុះញង់ការពារជាតិនិយម ។ល។ ដែលបានធ្វើឱ្យខ្សែសង្វាក់ផលិតនិងផ្គត់ផ្គង់អន្តរជាតិត្រូវកាត់ផ្តាច់  វដ្ដរង្វិលជុំសេដ្ឋកិច្ចអន្តរជាតិបានទន់ខ្សោយយ៉ាងច្បាស់។

ក្រោមសភាពការណ៍បែបនេះហើយ លោក Xi Jinping មេដឹកនាំកំពូលចិន បានប្តេជ្ញាចិតដាក់ចេញយុទ្ធសាស្ត្រ «កសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី» ដែលខ្លឹមសារស្នូលគឺ «ចាត់ទុកវដ្ដរង្វិលជុំក្នុងប្រទេសជាសំខាន់ ហើយវដ្ដរង្វិលជុំក្នុងប្រទេសនិងក្រៅប្រទេសជំរុញគ្នាទៅវិញទៅមក» យុទ្ធសាស្ត្រអភិវឌ្ឍន៍នេះប្រៀបដូចជាផែនទីនាំផ្លូវ ដឹកនាំនាវាយក្សនៃសេដ្ឋកិច្ចចិនសំដៅឆ្ពោះទៅមុខ ដូច្នេះ«វដ្ដរង្វិលជុំពីរ»ក៏បានក្លាយជាពាក្យគន្លឹះដែលមានប្រជាប្រិយភាពក្នុងប្រទេសចិន។

វដ្ដរង្វិលជុំក្នុងប្រទេសនិងវដ្ដរង្វិលជុំក្រៅប្រទេស វាបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួត។ សូមលើកយកពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកនេះជាឧទារណ៍ ពិព័រណ៍នេះផ្តោតសំខាន់លើការប្រើប្រាស់ក្នុងវិស័យថ្មីដូចជា ឌីជីថល បៃតង និងសុខភាព ដែលបានទាក់ទាញម៉ាកផលិតផលចំនួនពាន់ នៃប្រទេស និងតំបន់ចំនួន៥៩មកចូលរួម។ អាចនិយាយបានថា ពិព័រណ៍នេះបានតភ្ជាប់ទីផ្សារក្នុង និងក្រៅប្រទេសរបស់ចិន ជាវេទិកាសំខាន់នៃការជំរុញ «វដ្ដរង្វិលជុំពីរ» និងជាវេទិកា សំខាន់មួយ ដើម្បីឱ្យសហគ្រាសពិភពលោកចែករំលែកទីផ្សារចិន ហើយជំរុញឱ្យផលិតផលចិនឆ្ពោះទៅកាន់ពិភពលោក។  

ប្រទេសចិនបានបង្កើតទំនាក់ទំនងភាពជាដៃគូពាណិជ្ជកម្មជាមួយប្រទេសចំនួន១៤០  ទំហំសរុបនៃពាណិជ្ជកម្មទំនិញនិងសេវាកម្មរបស់ចិនសុទ្ធតែស្ថិតនៅលំដាប់ថ្នាក់ទីមួយនៃពិភពលោក។សក្តានុពលនិងតម្រូវការនៃ«វដ្ដរង្វិលជុំពីរ ទិញទូទាំងពិភពលោក» ចំពោះសហគ្រាស ពាណិជ្ជករនិងអ្នកប្រើប្រាស់ទូទាំងពិភពលោក មាននរណាមិនចង់បាន?

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស