ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng អនុប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី
2024-04-10 12:22:20cri
Share with:

កាលពីថ្ងៃទី ៩ ខែមេសា លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីនិងជារដ្ឋមន្ត្រីផែនការគោលនយោបាយសេដ្ឋកិច្ចរបស់សិង្ហបុរីនៅទីក្រុងប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានលើកឡើងថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោក  Xi Jinping ប្រធានរដ្ឋចិននិងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី  ប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនងថ្មីទៅជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់និងមានទស្សនវិស័យវែងឆ្ងាយកាលពីឆ្នាំ ២០២៣ ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាគីចិននិងសិង្ហបុរីនាពេលអនាគត ។ កិច្ចសហប្រតិបត្តិការរវាងចិននិងសិង្ហបុរីមានអនាគតទូលំទូលាយ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយសិង្ហបុរី  បន្តរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធតាមគ្រប់ស្រទាប់ជាន់ថ្នាក់ ប្រើប្រាស់ឱ្យបានល្អពេញលេញនូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ និងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។

ជាការឆ្លើយតប លោក Heng Swee Keat បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសសិង្ហបុរីនិងចិនទទួលបានផ្លែផ្កាជាច្រើន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ សិង្ហបុរីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ហើយមានឆន្ទៈបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងគ្រប់វិស័យ ដូចជាការច្នៃប្រឌិតខាងបច្ចេកវិទ្យាជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីបន្តវិវឌ្ឍរីកចម្រើនឥតឈប់ឈរ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស