ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកនៅប្រទេសចិន រំពឹងថា សហរដ្ឋអាមេរិកនឹងសម្រេចបាននូវពាក្យសន្យារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែង
2024-04-09 15:48:04cri
Share with:

    លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួននៅប្រទេសចិននៅថ្ងៃទី ៩ ខែមេសា ។ លោកស្រីគឺជាសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកដំបូងគេបង្អស់ដែលបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំនេះ ហើយលើកនេះក៏ជាដំណើរទស្សនកិច្ចនៅប្រទេសចិនម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៩ ខែ ផងដែរ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានធ្វើកិច្ចសន្ទនានិងការផ្លាស់ប្តូរក្នុងគ្រប់ស្រទាប់ជាន់ថ្នាក់និងច្រើនវិស័យដោយបានឯកភាពគ្នាថា ត្រូវរួមគ្នាអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយបានឈានដល់គំនិតឯកភាពរួមថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ។ លោកស្រី Janet Yellen បានថ្លែងថា ភាគីទាំងពីរ សហរដ្ឋអាមេរិកនិងចិន"គួរតែគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដោយមានទំនួលខុសត្រូវ" ហើយបានរំលឹកឡើងវិញថា ភាគីអាមេរិកមិនស្វែងរកការ"ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច"ជាមួយប្រទេសចិននោះទេ ។

    សូមបញ្ជាក់ថា ចិននិងសហរដ្ឋអាមេរិកគឺជាអង្គភាពសេដ្ឋកិច្ចធំជាងគេទាំងពីរលើពិភពលោក ។ ជានិច្ចកាល ប្រទេសចិនតែងតែសម្គាល់ឃើញថា ធាតុពិតនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺ បានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយក៏បានខិតខំប្រឹងប្រែងបោះជំហានទៅកាន់ទិសដៅនេះជាប់រហូតមក ។ យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានដើរស្របគោលដៅជាមួយប្រទេសចិននោះទេ ហើយមិនបានទទួលរ៉ាប់រងកាតព្វកិច្ចរបស់ខ្លួនចំពោះប្រជាជនរបស់ប្រទេសខ្លួននិងពិភពលោកឡើយ ទង្វើរបស់អាមេរិកអ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់រួចហើយ ។

    បំណាច់ជាលើកនេះលោកស្រី Janet Yellen បានថ្លែងអំពីការ"រ៉ាបរងទំនួលខុសត្រូវ" បើនិយាយចំពោះសហរដ្ឋអាមេរិក មានសន្ទស្សន៍ប៉ុន្មានអាចយកវាយតម្លៃបាន ។

    ទីមួយ មិនគួរធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយជាបញ្ហានយោបាយនោះទេ ហើយក៏មិនគួរបង្កើត"អសន្តិសុខ"ដោយយកបញ្ហា"សន្តិសុខ"ធ្វើជាលេសនោះដែរ ។ សហរដ្ឋអាមេរិកគួរតែដឹងច្បាស់ថា ប្រសិនបើមិនកែប្រែមាគ៌ាទម្លាប់នៃការធ្វើឱ្យទស្សនៈសន្តិសុខជាតិទៅជារឿងទូទៅទេ នោះ វាប្រហែលពិបាកក្នុងការជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកដើរលើគន្លងផ្លូវត្រឹមត្រូវណាស់ ។

    ដោយឈរលើមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគួរតែធ្វើតាមក្រឹត្យក្រមសេដ្ឋកិច្ចនិងក្បួនច្បាប់ទីផ្សារ ។ នាពេលមុននេះមិនជាយូរប៉ុន្មាន មន្ត្រីជាន់ខ្ពស់នៃសហគ្រាសអាមេរិកជាច្រើនបានបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយអ្នកទទួលខុសត្រូវនៃសហគ្រាសអាមេរិក ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Qualcomm ជាដើមបាននាំគ្នាថ្លែងថា នឹងបន្តបង្កើនការវិនិយោគនៅក្នុងប្រទេសចិននិងបន្តធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត នេះជាជម្រើសចំពោះទីផ្សាររបស់សហគ្រាស ។

    ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោកស្រី Janet Yellen ក៏បានលើកឡើងពីអ្វីដែលហៅថា ឧស្សាហកម្មថាមពលថ្មីរបស់ប្រទេសចិនមានបញ្ហាអតិរេកផ្នែកផលិតភាព ។ អ្នកជំនាញពាក់ព័ន្ធបានលើកឡើងថា ក្នុងវិស័យថាមពលថ្មី គ្រាន់តែដោយសារប្រទេសចិនបានផ្តល់ផលិតភាពដែលមានគុណភាពខ្ពស់កាន់តែច្រើនជាងសហរដ្ឋអាមេរិក ក៏ដូចជាកាន់តែមានប្រជាប្រិយភាពពីសំណាក់ពិភពលោក បានជាសហរដ្ឋអាមេរិកក៏បានធ្វើការសន្និដ្ឋានថាជា"បញ្ហាអតិរេកផ្នែកផលិតភាព"ដែលឆ្លុះបញ្ចាំងពីគំនិតអនុត្តរភាពនិយមរបស់អាមេរិក ។ អ្វីដែលសហរដ្ឋអាមេរិកត្រូវធ្វើ គឺ គោរពតាមក្រឹត្យក្រមសេដ្ឋកិច្ចនិងលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់ខ្លួន តែមិនមែនបានប្រឌិតប្រធានបទដ៏ខុសឆ្គង ដូចជា"បញ្ហាអតិរេកផ្នែកផលិតភាព"ដើម្បីអនុវត្តការប្រកួតប្រជែងអយុត្តិធម៌នោះឡើយ ។

    ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ លោកស្រី Janet Yellen បានបញ្ជាក់នៅទីក្រុងក្វាងចូវនិងទីក្រុងប៉េកាំងថា អាមេរិកមិនស្វែងរកការ"ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច"ជាមួយប្រទេសចិននោះទេ ប្រទេសចិនសម្តែងការស្វាគមន៍ចំពោះការនេះ ហើយក៏សង្ឃឹមផងដែរថា ភាគីអាមេរិកនឹងអនុវត្តយ៉ាងប្រាកដប្រជានូវពាក្យសន្យាស្តីពីការមិនស្វែងរកការ"ផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ច" ក្នុងន័យគាំពារផលប្រយោជន៍និងសុខមាលភាពរបស់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ ចិននិងអាមេរិក ។

    ឆ្នាំនេះគឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាមេរិក ។ បទពិសោធកន្លងទៅបានបញ្ជាក់ថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននិងអាមេរិកមានការរួមបញ្ជូលគ្នាយ៉ាងស៊ីជម្រៅ ការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមិនត្រឹមតែមានអំណោយផលដល់ភាគីទាំងពីរ ហើយក៏មានអំណោយផលដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងរវាងចិននិងអាមេរិកឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព យើងរំពឹងថា សហរដ្ឋអាមេរិកអាចដើរស្របតាមទិសដៅជាមួយចិនកាន់តែច្រើនឡើងៗ ក៏ដូចជាសម្រេចបាននូវពាក្យសន្យារបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែងដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវ"ចក្ខុវិស័យក្រុងសាន់ហ្វ្រាន់ស៊ីស្កូ" ។ តើសហរដ្ឋអាមេរិកអាចរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួនយ៉ាងពិតប្រាកដឬអត់ ពិភពលោកទាំងមូលកំពុងទន្ទឹងរង់ចាំខ្លាំងណាស់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស