ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហគ្រាសបរទេសដែលបណ្តាក់ទុននៅចិននិងធ្វើអាជីវកម្មនៅចិន ក៏មុខជានឹងទទួលបានជោគជ័យនៅចិនជាក់ជាមិនខាន
2024-04-08 15:48:28cri
Share with:

    នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើន ដូចជាទីភ្នាក់ងារសារព័ត៌មាន Bloomberg និងកាសែត«The Wall Street »ជាដើមបានចាប់អារម្មណ៍យ៉ាងទូលំទូលាយចំពោះទិន្នន័យថ្មីបំផុតដែលរដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យកម្មន្តសាល(PMI)និងសន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនវិស័យកម្មន្តសាលបានកើនឡើងក្នុងពេលដំណាលគ្នា ហើយបានសម្គាល់ឃើញថា ទិន្នន័យពាក់ព័ន្ធបានបង្ហាញថា សេដ្ឋកិច្ចចិនបានរកឃើញកម្លាំងចលករថ្មីសម្រាប់ជំរុញកំណើន ។

    តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយមជ្ឈមណ្ឌលពិនិត្យអង្កេតមុខរបរសេវាកម្មនៃរដ្ឋបាលជាតិស្ថិតិចិននិងសមាគមចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ចិនបានបង្ហាញឱ្យឃើញថា នៅខែមីនា ឆ្នាំ ២០២៤ សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យកម្មន្តសាល(PMI) គឺ ៥០,៨ ភាគរយ ដែលបានកើនឡើង ១,៧ ភាគរយបើប្រៀបធៀបនឹងខែកុម្ភៈដែលត្រឡប់មកចន្លោះកើនឡើងវិញ សន្ទស្សន៍សកម្មភាពធុរកិច្ចមិនមែនមុខរបរផលិតកម្ម គឺ ៥៣ ភាគរយដែលកើនឡើង ១,៦ ភាគរយបើប្រៀបធៀបនឹងខែកុម្ភៈ ឯសន្ទស្សន៍PMIចម្រុះ គឺ ៥២,៧ ភាគរយ ដែលកើនឡើង ១,៨ ភាគរយបើប្រៀបធៀបនឹងខែកុម្ភៈ ។ សន្ទស្សន៍ទាំងបីបានងើបឡើងវិញក្នុងពេលដំណាលគ្នា ហើយសុទ្ធតែស្ថិតក្នុងចន្លោះកើនឡើងដែលបានឆ្លុះបញ្ចាំងថា ដំណើរការនៃសេដ្ឋកិច្ចចិនបន្តមាននិន្នាការងើបឡើងវិញនិងភាពល្អប្រសើរជាទូទៅ កម្លាំងចលករផ្ទៃក្នុងបន្តកើនឡើង ការរំពឹងទុករបស់សង្គមត្រូវបានកែលម្អជាបន្តបន្ទាប់ ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញដោយប្រាកដប្រជា ។

    ក្រៅពីទិន្នន័យPMI  សន្ទស្សន៍ជាច្រើនដូចជាទំហំនាំចេញនាំចូល បរិមាណផលិតថាមពលអគ្គិសនី បរិមាណដឹកអ្នកដំណើរនិងដឹកជញ្ជូនទំនិញរបស់ចិន ព្រមទាំងការប្រើប្រាស់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រណៃពីចិនជាដើមក៏សុទ្ធតែបានបញ្ចេញសញ្ញាវិជ្ជមានស្តីពីការងើបឡើងវិញនិងភាពល្អប្រសើរនៃសេដ្ឋកិច្ចចិនផងដែរដែលធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានការរំពឹងទុកកាន់តែខ្លាំងចំពោះស្ថានការណ៍សេដ្ឋកិច្ចរបស់ចិននៅឆ្នាំ ២០២៤ ។

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា ទិន្នន័យទាំងនេះបង្ហាញថា បន្ទាប់ពីសេដ្ឋកិច្ចចិនមានទីចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំ ២០២៤ កំណើននិងការងើបឡើងវិញនៃប្រទេសចិននៅតែរក្សាកម្លាំងចលករដដែលដោយបានអះអាងថា "ប្រការនេះប្រហែលនឹងធ្វើឱ្យអ្នកដាក់ចេញគោលនយោបាយរបស់ចិនមានពេលវេលាកាន់តែច្រើនមកវាយតម្លៃចំពោះផលប៉ះពាល់នៃវិធានការរំញោចសេដ្ឋកិច្ចនៅមុនពេលនេះ បន្ទាប់មកក៏នឹងចាត់វិធានការធូររលុងថែមមួយកម្រិតទៀត "។

    តាមការផ្សាយដំណឹងទៀតនៃកាសែត«The Wall Street »របស់អាមេរិកឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ ស្របពេលដែលវិធានការរំញោចមួយចំនួនបានលេចចេញប្រសិទ្ធភាពការប៉ាន់ប្រមាណចំពោះទីផ្សាររបស់ចិននឹងបន្តរក្សានិន្នាការល្អប្រសើរតទៅទៀត ហើយសេដ្ឋកិច្ចចិនកំពុងបង្ហាញពីនិន្នាការស្ថិរភាពឡើងវិញ ។

    លើសពីនេះទៅទៀត ទីភ្នាក់ងារព័ត៌មាន Asahi Shimbun របស់ប្រទេសជប៉ុនក៏បានដកស្រង់សម្តីរបស់លោក Zhao Qinghe អ្នកជំនាញស្ថិតិជាន់ខ្ពស់នៃមជ្ឈមណ្ឌលពិនិត្យអង្កេតវិស័យសេវាកម្មនៃរដ្ឋបាលជាតិស្ថិតិចិនថា នៅខែមីនា ឆ្នាំ២០២៤ ស្របពេលដែលសហគ្រាសចិនបានពន្លឿនការស្តារផលិតកម្មឡើងវិញបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ភាពរស់រវើកនៃទីផ្សារចិនត្រូវបានលើកកម្ពស់ ។

    ទីចាប់ផ្តើមដ៏ល្អប្រសើរនៃសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបានក្លាយទៅជាចំណុចដ៏លេចធ្លោនៃសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន ។ ពេលថ្មីៗនេះ ប្រមុខរដ្ឋបរទេសដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនមានចំនួន ១៥ រូបឯណោះ ហើយអ្នកទទួលខុសត្រូវនៃក្រុមហ៊ុនឆ្លងប្រទេសជាង ១០០ រូបបាននាំគ្នាមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ មិនថាសន្និសីទប្រចាំឆ្នាំនៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ប្រទេសចិនឬកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Boao សម្រាប់អាស៊ីក្តី ក៏សុទ្ធតែបានទាក់ទាញមិត្តចាស់និងមិត្តថ្មីជាច្រើនមកចូលរួម ក៏ដូចជាជំរុញឱ្យ"វង់មិត្តភក្តិ"របស់ចិនពង្រីកជាបន្តបន្ទាប់ផងដែរ ។ ដោយឡែកមេដឹកនាំនៃមជ្ឈដ្ឋានពាណិជ្ជកម្មដែលចូលរួមកិច្ចប្រជុំជាច្រើនរូបបានពោពេញទៅដោយជំនឿចិត្តចំពោះភាពធន់ដ៏ខ្លាំងក្លានិងអនាគតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចរបស់ចិន ហើយនឹងបន្តបណ្តាក់ទុននៅប្រទេសចិន ។

    ទីមួយ ទិន្នន័យពាណិជ្ជកម្មបរទេសបានលើសពីការរំពឹងទុក ។ ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ទំហំនាំចេញនាំចូលទំនិញរបស់ចិនបានកើនឡើង ៨,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលសុទ្ធតែសម្រេចបាននូវកំណើនវិជ្ជមាន ។ តាមការផ្សាយដំណឹងនៃកាសែត«The Wall Street »របស់អាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល ២ ខែដំបូងឆ្នាំនេះ ការនាំចេញរបស់ប្រទេសចិន គឺ "មានសន្ទុះខ្លាំងក្លា" ហើយអត្រាកំណើន គឺខ្ពស់ជាងការប៉ាន់ប្រមាណរបស់ឥស្សរជននៃមុខរបរនេះយ៉ាងច្រើន ។ កំណើនឆាប់បង្គួរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនគឺជាកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ពាណិជ្ជកម្មសកលនិងការងើបឡើងវិញនៃសេដ្ឋកិច្ច ។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មសំខាន់នៃប្រទេសនិងតំបន់ចំនួនជាង ១៤០ ហើយកម្រិតសរុបនៃពន្ធគយរបស់ខ្លួនត្រូវបានកាត់បន្ថយមកនៅត្រឹមកម្រិតស្មើគ្នានឹងប្រទេសអភិវឌ្ឍន៍នៃអង្គការពាណិជ្ជកម្មពិភពលោក ។ ក្នុងរយៈពេលជិត៥ ឆ្នាំចុងក្រោយនេះ អត្រានៃផលចំណេញនៃការវិនិយោគផ្ទាល់របស់ពាណិជ្ជករបរទេសនៅប្រទេសចិនប្រហែលជា ៩ ភាគរយដែលបានកាន់លំដាប់ជួរមុខលើទូទាំងពិភពលោក ។ ដូច្នេះហើយ សហគ្រាសទុនបរទេសមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍរបស់ចិន ហើយរីករាយបណ្តាក់ទុនក្នុងទីផ្សារដ៏ធំធេងរបស់ចិន ។ តាមទិន្នន័យថ្មីបំផុតនៃក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា ក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២៤ ប្រទេសចិនបានបង្កើតសហគ្រាសថ្មីដែលវិនិយោគដោយពាណិជ្ជករបរទេសចំនួន ៧១៦០ សហគ្រាស កើនឡើង ៣៤,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។ ការវិនិយោគនៅប្រទេសចិនរបស់ប្រទេសអភិវឌ្ឍន៍លោកខាងលិចបានកើនឡើងយ៉ាងខ្លាំង ក្នុងនោះ ប្រទេសបារាំងនិងស៊ុយអែតបានកើនឡើង ២៥ ដងនិង ១១ ដងដោយឡែកពីគ្នា ។ ក្រុមហ៊ុន Apple បានប្រកាសថា នឹងបង្កើតមន្ទីរពិសោធន៍ថ្មីសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកការប្រើប្រាស់នៅទីក្រុង Shenzhen និងសៀងហៃដោយឡែកពីគ្នា ក្រុមហ៊ុន Astra Zeneca បានប្រកាសថា នឹងបង្កើតរោងចក្រផលិតឱសថប្រកបដោយភាពច្នៃប្រឌិតថ្មីនៅប្រទេសចិន ហើយសហគ្រាសផលិតរថយន្តយក្សឆ្លងប្រទេសជាច្រើនបាននាំគ្នាប្រកាសពីផែនការស្តីពីការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅប្រទេសចិន ។ល។

    ទីពីរ កម្លាំងចលករថ្មីនិងឧត្តមភាពថ្មីត្រូវបានពូនជ្រំដោយឥតឈប់ឈរ ។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនកំពុងបង្កើតកាលានុវត្តភាពថ្មីឥតព្រំដែន ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ការវិនិយោគក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិនបានបន្តរក្សាកំណើនពីរខ្ទង់ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា សហគ្រាសបច្ចេកវិទ្យាខ្ពស់និងថ្មីមានចំនួនប្រហែល ៤ សែនសហគ្រាស ។ ក្នុងនោះ ទំហំនាំចេញនៃ"ផលិតផលចំនួន ៣ "ដូចជា រថយន្តថាមពលថ្មី អាគុយលីចូមនិងអាគុយថាមពលសូឡាបានកើនឡើងយ៉ាងឆាប់រហ័ស ។ សេដ្ឋកិច្ចឌីជីថលបានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស អត្រានៃអ្នកប្រើប្រាស់សេវាប្រព័ន្ធ ៥G បានលើសពី ៥០ ភាគរយ ។ ស្របពេលដែលពូនជ្រំឧស្សាហកម្មងើបឡើងថ្មី ការធ្វើបរិវត្តកម្មឧស្សាហកម្មប្រពៃណីក៏មិនអាចខ្វះបានផងដែរ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានលើកឡើងថា គួរតែលើកទឹកចិត្តនិងណែនាំការធ្វើបច្ចុប្បន្នភាពជុំថ្មីនូវបរិក្ខានិងសម្ភារៈប្រើប្រាស់ដោយទ្រង់ទ្រាយធំ ប្រការនេះមានអំណោយផលដល់ការលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្មនិងបញ្ចេញសក្តានុពលនៃការប្រើប្រាស់កាន់តែច្រើន ។

    ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាការអភិវឌ្ឍប្រកបដោយភាពបើកទូលាយ ។ ពេលថ្មីៗនេះ ស្ថាប័នជាច្រើនរបស់ចិនបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការសំខាន់មួយចំនួនសម្រាប់ពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ដែលគ្របដណ្តប់លើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្មសេវាកម្មឆ្លងដែន ចរាចរណ៍ទិន្នន័យឆ្លងដែននិងការបើកទូលាយផ្នែកហិរញ្ញវត្ថុជាដើម ។ ពីពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Canton)ដល់ពិព័រណ៍នាំចូលចិនអន្តរជាតិ ពីពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិដល់ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល ពីពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិដល់ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ ទ្វាររបស់ចិននឹងបើកទូលាយរឹតតែធំ ទីផ្សារដ៏ធំទូលាយរបស់ប្រទេសចិនបានក្លាយជាឱកាសដ៏ធំមួយសម្រាប់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ។ ជឿជាក់ថា សហគ្រាសបរទេសដែលបណ្តាក់ទុននៅចិន និងធ្វើអាជីវកម្មនៅចិន ក៏មុខជានឹងទទួលបានជោគជ័យនៅចិនជាក់ជាមិនខាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស