ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ហ្វីលីពីនគួរតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ ក្នុងន័យគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់
2024-04-08 14:38:22cri
Share with:

      នៅថ្ងៃទី៧ ខែមេសា អាមេរិក ជប៉ុន អូស្រ្តាលីបានរួមសហការជាមួយហ្វីលីពីនធ្វើការសមយុទ្ធរួមលើសមុទ្រជាលើកដំបូង ។ ប្រព័ន្ធសារព័ត៌មានហ្វីលីពីនបានលើកឡើងយ៉ាងកម្រោលថា ប្រទេសទាំងបួនរួមសហការបង្ហាញកម្លាំងយោធា គោលដៅគឺចង់ប្រកួតប្រជែងជាមួយចិន ។ នៅថ្ងៃដដែល យុទ្ធភូមិភាគភាគខាងត្បូងនៃកងទ័ពរំដោះប្រជាមានិតចិនបានរៀបចំការយាមល្បាតលើដែនសមុទ្រនិងអាកាសនៅលំហសមុទ្រចិនខាងត្បូង ។ រាល់សកម្មភាពយោធាទាំងអស់ដែលប៉ុនប៉ងចូលមកកកូរកកាយស្ថានការណ៍នៅសមុទ្រចិនខាងត្បូងនិងបង្ករឿងហេតុ កងកម្លាំងយោធាចិនសុទ្ធតែក្ដាប់ជាប់ទាំងអស់ ។

        តាំងពីឆ្នាំមុនមក ហ្វីលីពីនបានបង្ករឿងជាបន្តបន្ទាប់នៅតំបន់សមុទ្រចិនខាងត្បូង ដោយបានបំពានចូលលំហសមុទ្រនៅក្បែរកោះ Huang Yan និងថ្មប៉ប្រះទឹកRen'ai ជាច្រើនលើក ។ពីកោះ Huang Yan ដល់ថ្មប៉ប្រះទឹកRen'ai ពីថ្មប៉ប្រះទឹក Tie Xian ដល់ថ្មប៉ប្រះទឹក Hou Teng តើគោលបំណងរបស់ហ្វីលីពីនដែលបានបង្ករឿងនៅលំហជាច្រើននៃសមុទ្រចិនខាងត្បូងគឺជាអ្វី ? អ្នកវិភាគមួយចំនួនបានលើកឡើងថា ហ្វីលីពីនចង់បង្កអ្វីដែលហៅថា “បញ្ហាពិបាក” តាមរយៈការបង្ករឿងឥតឈប់ឈរ ប៉ុនប៉ងផ្សព្វផ្សាយបំផ្លើសបញ្ហាពិភាក្សាអំពីសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ និងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធរ ។

      ហ្វីលីពីននិយាយបានតែមាត់ថាចង់ស្វែងរកសន្តិភាពក្នុងតំបន់ ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ខ្លួនគឺបង្កការប៉ះទង្គិចបដិបក្ខគ្នា ។ មូលហេតុសំខាន់នៅពីក្រោយ គឺការញុះញង់និងការគាំទ្រពីកម្លាំងខាងក្រៅដូចជាអាមេរិកជាដើម ។ អ្នកវិភាគបានលើកឡើងថា លើវិស័យយោធានិងសន្តិសុខ ហ្វីលីពីនពឹងផ្អែកប្រទេសធំនៅខាងក្រៅយ៉ាងខ្លាំង ប្រទេសធំទាំងនេះក៏បានក្តាប់ជាប់ហ្វីលីពីនយ៉ាងជិតដិត តាមរយៈការផ្តល់ជំនួយ ធ្វើការសមយុទ្ធរួម និងការយាមល្បាតរួមតាមសមុទ្រជាដើម ។ គោលនយោបាយអំពីសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន បាននិងកំពុងក្លាយជាឧបករណ៍រក្សាអនុត្តរភាពរបស់អាមេរិកសម្រាប់គាបសង្កត់ប្រទេសចិនទៅហើយ ។

      លោក Marcos ប្រធានាធីបតីហ្វីលីពីនធ្លាប់អះអាងថា មិត្តនៅតំបន់ខាងក្រៅបាន “លើកឡើងដោយម្ចាស់ការថា ចង់ជួយយើង និងបំពេញតម្រូវការរបស់ហ្វីលីពីន ” ។ ទាក់ទិននឹងសុន្ទរកថាគួរឱ្យអស់សំណើចបែបនេះ  អ្នកវិភាគបាននិយាយផ្គើនថា ហ្វីលីពីនមិនមែនជាស្រីស្អាតដែលមានមន្តស្នេហ៍ម្នាក់ទេ ប្រទេសលោកខាងលិចទាំងនេះមកសហការគ្នាពីទីឆ្ងាយ ក៏មិនមែនស្វែងរកចំណងមិត្តភាពនិងក្តីស្រឡាញ់ជាមួយហ្វីលីពីនដែរ ។

       តាំងពីខែមេសាឆ្នាំនេះមក មេដឹកនាំរបស់ប្រទេសអាស៊ានបាននាំគ្នាទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ។ ទស្សនកិច្ចយ៉ាងញឹកញាប់របស់ប្រទេសអាស៊ាន ជានិមិត្តសញ្ញាយ៉ាងពិតប្រាកដដែលបង្ហាញឱ្យឃើញថា ទំនាក់ទំនងរវាងចិននិងអាស៊ានមានភាពកាន់តែជិតស្និទ្ធ ។ អ្នកវិភាគបានលើកឡើងថា ចំណាប់អារម្មណ៍មេត្រីភាពរបស់ប្រទេសអាស៊ានចំពោះអាមេរិកបានធ្លាក់ចុះ មូលហេតុគឺដោយមកពីពួកគេបានចាប់អារម្មណ៍ដល់ថា នៅពីក្រោយហ្វីលីពីនដែលតែងតែបង្ករឿងដោយគ្មានហេតុផល គឺការញុះញង់និងការបញ្ជាពីក្រោយរបស់ “មិត្តស្អាតៗ” ដូចជាអាមេរិកជាដើម ។ រីឯទង្វើប្រកបដោយភាពនឹងនរនិងរឹងមាំរបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង ទើបជាទង្វើដែលគាំពារសន្តិភាពក្នុងតំបន់ ហើយក៏សមស្របនឹងផលប្រយោជន៍នៃបណ្តាប្រទេសនានាផងដែរ ។

      ដូច្នេះ អ្នកផងទាំងពួងបានមើលឃើញឈុតឆាកដ៏ប្រេះស្រាំបែបនេះ ពោលគឺ មួយផ្នែកប្រទេសអាស៊ានភាគច្រើនខិតខំប្រឹងប្រែងគាំពារសុខសន្តិភាពក្នុងតំបន់ ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តការក្នុងតំបន់និងសមាហរណកម្មផ្នែកសេដ្ឋកិច្ច មួយផ្នែកទៀត ក្រោមការញុះញង់និងការទ្រទ្រង់ពីប្រទេសធំនៅតំបន់ខាងក្រៅ ហ្វីលីពីនសុខចិត្តធ្វើជាកូនអុក បង្ករឿងនិងធ្វើឱ្យស្ថានការណ៍សមុទ្រចិនខាងត្បូងមានភាពច្របូកច្របល់ ក៏ដូចជាធ្វើផ្ទុយនឹងគោលបំណងរួមរបស់តំបន់ទាំងមូលផងដែរ ។

      សូមបញ្ជាក់ថា ហ្វីលីពីនជាសមាជិកនៃប្រទេសអាស៊ី ជាសមាជិកនៃសមាគមអាស៊ាន ។ ដូច្នេះ ហ្វីលីពីនពិតជាត្រូវត្រឡប់ទៅគ្រួសារធំនៅតំបន់អាស៊ីអាគ្នេយ៍ជាមិនខាន ពោលគឺត្រូវដើរតាមចរន្តប្រវតិ្តសាស្ត្រ ប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ ក៏ដូចជាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស