ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃធនាគារគំនិតរបស់សិង្ហបុរីបង្ហាញថា៖ អ្នកផ្តល់បទសម្ភាសន៍នៅអាស៊ីអាគ្នេយ៍កាន់តែច្រើនយល់ឃើញថា ទំនាក់ទំនងរវាងប្រទេសពួកគេជាមួយចិនមាននិន្នាការល្អប្រសើរ
2024-04-07 16:24:45cri
Share with:

យោងតាមការផ្សាយដំណឹងលើគេហទំព័រកាសែត "Lianhe Zaobao" របស់ប្រទេសសិង្ហបុរីឱ្យដឹងថា "របាយការណ៍អំពីស្ថានភាពអាស៊ីអាគ្នេយ៍ឆ្នាំ២០២៤" ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ២ ខែមេសា។ នេះជាឆ្នាំទី៦ជាប់ៗគ្នាដែលមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ាននៃវិទ្យាស្ថាន  Yusof Ishak Institute(ISEAS) សិង្ហបុរីបានចេញផ្សាយរបាយការណ៍នេះ ។ របាយការណ៍នេះបានវិភាគលើការយល់ឃើញនិងទំនុកចិត្តរបស់អាស៊ីអាគ្នេយ៍ចំពោះប្រទេសចិន និងសហរដ្ឋអាមេរិក ហើយបានធ្វើការស្ទង់មតិលើបញ្ហាភូមិសាស្ត្រនយោបាយមួយចំនួនដែលជាបញ្ហាត្រូវបានចាប់អារម្មណ៍ខ្លាំង។

ការស្ទង់មតិបង្ហាញថា ប្រទេសចិនត្រូវបានបន្តចាត់ទុកថាជាប្រទេសមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ចំពោះសម្មតិកម្មដែលថា ប្រសិនបើត្រូវជ្រើសរើសឈរនៅខាងចិនឬសហរដ្ឋអាមេរិក ក្នុងការស្ទង់មតិឆ្នាំនេះ  អ្នកផ្តល់បទសម្ភាសន៍កាន់តែច្រើនបានជ្រើសរើសប្រទេសចិន នេះជាលើកដំបូងហើយចាប់តាំងពីសំណួរនេះត្រូវបានបន្ថែមនៅឆ្នាំ២០២០ ដែលចំនួនជ្រើសរើសចិនលើសពីសហរដ្ឋអាមេរិក ប៉ុន្តែច្រើនជាងតែ ១ ភាគរយប៉ុណ្ណោះ។ អ្នកផ្តល់បទសម្ភាសន៍ភាគច្រើនយល់ឃើញថា ទំនាក់ទំនងរវាងប្រទេសអាស៊ីអាគ្នេយ៍និងចិនកំពុងមាននិន្នាការប្រសើរឡើង ហើយទំនុកចិត្តរបស់ពួកគេចំពោះសហរដ្ឋអាមេរិកក្នុងនាមជាដៃគូយុទ្ធសាស្ត្រ និងធានាសន្តិសុខក្នុងតំបន់បានធ្លាក់ចុះយ៉ាងច្បាស់។

យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា មនុស្សសរុបចំនួន១,៩៩៤ នាក់បានចូលរួមក្នុងការស្ទង់មតិលើកនេះ ។អ្នកផ្តល់បទសម្ភាសន៍មកពីមជ្ឈដ្ឋានសិក្សាស្រាវជ្រាវ ធនាគារគំនិត មជ្ឈដ្ឋានពាណិជ្ជកម្ម អង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ស្ថាប័នរដ្ឋាភិបាល ក៏ដូចជាអង្គការតំបន់ និងអន្តរជាតិក្នុងបណ្តាប្រទេសអាស៊ាន៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស