ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនដាស់តឿនអ៊ីស្រាអែលឱ្យអនុវត្តតាមសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខភ្លាម ដើម្បីបញ្ឈប់ការវាយប្រហារយោធាទៅលើតំបន់កាហ្សា
2024-04-06 14:30:41cri
Share with:

កាលពីថ្ងៃទី៥ខែមេសា លោក Dai Bing ភារធារីបណ្តោះអាសន្ននៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំបើកទ្វារស្តីពីបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែលនៃក្រុមប្រឹក្សាសន្តិសុខថា ភាគីចិនដាស់តឿនអ៊ីស្រាអែលឱ្យអនុវត្តតាមសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខភ្លាម ដើម្បីបញ្ឈប់ការវាយប្រហារយោធាទៅលើតំបន់កាហ្សា ។

លោក Dai Bing បានថ្លែងថា ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៧២៨ កាលពីថ្ងៃទី២៥ខែមីនា ដោយទាមទារឱ្យមានបទឈប់បាញ់គ្នាភា្លមនៅតំបន់កាហ្សា ប៉ុន្តែ អ្វីដែលគួរឱ្យសោកសង្រេងជាខ្លាំងគឺ ការប្រយុទ្ធនៅតែបន្តទៀតក្នុងរយៈពេលជាង១០ថ្ងៃកន្លងទៅនេះ ។ ជារៀងរាល់ថ្ងៃ មានស្ត្រីនិងកុមារជិត១០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងរឿងបំផ្ទុះ អត់ឃ្លាននិងឆ្លងជំងឺនៅតំបន់កាហ្សា ។ 

លោក Dai Bing បានថ្លែងទៀតថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវសេចក្តីសម្រេចចិត្តលេខ២៧២៨ ។ ភាគីចិនដាស់តឿនឱ្យអ៊ីស្រាអែលអនុវត្តតាមសំណូមពរនៃសេចក្តីសម្រេចចិត្តភ្លាម បញ្ឈប់ការវាយប្រហារយោធាចំពោះតំបន់កាហ្សា និងបញ្ឈប់ការដាក់ទណ្ឌកម្មជាសមូហភាពចំពោះប្រជាជននៅតំបន់កាហ្សា ។ ភាគីចិនអំពាវនាវឱ្យប្រទេសធំៗដែលមានឥទ្ធិពលដ៏សំខាន់ចំពោះសាមីភាគី ដើរតួនាទីវិជ្ជមានក្នុងការជំរុញការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្ត ។ ភាគីចិនគាំទ្រក្រុមប្រឹក្សាសន្តិសុខចាត់ប្រតិបត្តិការដ៏ចាំបាច់ថែមមួយកម្រិតទៀតដើម្បីអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ២៧២៨ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស